សារព័ត៌មាន CNBC បានរាយការណ៍ថា លោក អាសេនីអូ ដូមីនហ្គេស (Arsenio Dominguez) អគ្គលេខាធិការអង្គការសមុទ្រអន្តរជាតិបានអះអាងថា ពេលនេះខ្លួនទទួលបានការធានាសុវត្ថិភាពយ៉ាងចាំបាច់ និងបានពិនិត្យមើលយ៉ាងហ្មត់ចត់នូវរាល់លក្ខខណ្ឌនាវាចរ ដើម្បីជំរុញប្រតិបត្តិការជម្លៀសនាវាដែលជាប់គាំងនៅច្រកឈូងសមុទ្រពែក្ស។ លោកបានបន្តថា យុទ្ធនាការសង្គ្រោះនេះនឹងត្រូវធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសអ៊ីរ៉ង់ អូម៉ង់ និងបណ្តាប្រទេសជាប់ឆ្នេរសមុទ្រក្នុងតំបន់ទាំងអស់ រួមទាំងសហរដ្ឋអាមេរិក និងវិស័យឧស្សាហកម្មដឹកជញ្ជូនតាមផ្លូវសមុទ្រទាំងមូល។
ទន្ទឹមនឹងការប្រកាសរបស់អង្គការសមុទ្រអន្តរជាតិ កងទ័ពជើងទឹករបស់អូម៉ង់បែរជាព្រមានថា ច្រកនាវាចរណ៍ចាស់ ដែលធ្លាប់ប្រើប្រាស់ជាធម្មតា មុនពេលផ្ទុះសង្គ្រាមនោះ គឺពុំទាន់មានសុវត្ថិភាពនៅឡើយទេ។ ហេតុនេះ នាវាទាំងអស់ត្រូវតែបង្វែរទិសដៅចាកចេញតាមច្រកផ្លូវវាងបណ្ដោះអាសន្នសិន។
ដោយឡែកលោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) រដ្ឋមន្ត្រីការបរទេសអាម៉េរិក ដែលបានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅបណ្ដាប្រទេសក្នុងឈូងសមុទ្រកាលពីថ្ងៃអង្គារ បានចេញមុខព្រមានធ្ងន់ៗថា គ្មានប្រទេសណាមួយត្រូវបានអនុញ្ញាតឱ្យយកថ្លៃសេវាឆ្លងកាត់ ឬបង់ពន្ធលើច្រកសមុទ្រហ័រម៉ូសជាដាច់ខាត ព្រោះទីនោះជាផ្លូវទឹកអន្តរជាតិ ដែលត្រូវការពារដោយច្បាប់អន្តរជាតិជាធរមាន។ ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីទីក្រុងតេអេរ៉ង់ បានប្រកាសក្តែងៗថា អ៊ីរ៉ង់ជាអ្នកគ្រប់គ្រងច្រកសមុទ្រយុទ្ធសាស្ត្រដ៏សំខាន់មួយនេះ និងកំពុងព្យាយាមជំរុញឱ្យមានការបង់ថ្លៃសេវាពីគ្រប់នាវាទាំងអស់ដែលឆ្លងកាត់ទីនោះ។
បើយោងតាមទិន្នន័យពីក្រុមហ៊ុនគ្រប់គ្រងចរាចរណ៍ផ្លូវសមុទ្រ Kpler បានឱ្យដឹងថា គិតមកទល់ពេលនេះយ៉ាងហោចណាស់មាននាវាចំនួន១៧២គ្រឿងហើយបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រម៉ូស ដែលទើបនឹងបើកដំណើរការឡើងវិញថ្មីៗនេះ។ ក្នុងនោះគ្រាន់តែក្នុង១ថ្ងៃ មាននាវាចំនួន៤២គ្រឿងត្រូវបានជម្លៀសចេញដោយជោគជ័យ ខណៈដែលនាវាជាង២០០គ្រឿងផ្សេងទៀត កំពុងត្រៀមលក្ខណៈចាកចេញ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស