អ្នកជំនាញក្នុងវិស័យកសិកម្ម និងសេដ្ឋកិច្ចជឿជាក់ថា តាមរយៈការដាក់ចេញវិធានការអន្តរាគមន៍នេះ វានឹងរួមចំណែកជួយដោះស្រាយបញ្ហា និងធ្វើឱ្យតម្លៃស្រូវមានលំនឹងឡើងវិញ។
លោក ច័ន្ទ សុផល ប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងជាអ្នកជំនាញក្នុងវិស័យកសិកម្មម្នាក់យល់ឃើញថា វិធានការដែលរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនេះ គឺស្របនឹងបរិការណ៍ក្នុងពេលបច្ចុប្បន្ន ដែលធនាគារពាណិជ្ជជាច្រើនមានលទ្ធភាពក្នុងការផ្ដល់កម្ចី។ ទន្ទឹមនេះ អ្នកជំនាញរូបនេះ កត់សម្គាល់ឃើញថា នាពេលកន្លងទៅធនាគារពាណិជ្ជមួយចំនួនពុំសូវផ្ដល់ឥណទានដល់វិស័យស្រូវ អង្ករ ឡើយ ដោយសារតែរោងម៉ាស៊ីនកិនស្រូវមួយចំនួនខ្វះវត្ថុបញ្ចាំ។ ប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយរូបនេះជឿជាក់ថា តាមរយៈការធានារបស់រដ្ឋាភិបាល នឹងធ្វើឱ្យធនាគារពាណិជ្ជហ៊ានផ្ដល់ឥណទានដល់រោងម៉ាស៊ីនកិន ហើយប្រសិនបើធនាគារពាណិជ្ជហ៊ានផ្ដល់ឥណទានដោយមិនយកទ្រព្យជាវត្ថុបញ្ចាំ នោះនឹងធ្វើឱ្យទីផ្សារស្រូវមានលំនឹង ព្រោះថវិកាចំនួន១៥០លានដុល្លារអាចទិញស្រូវបានប្រមាណជាង១លានតោនឯណោះ។ តែយ៉ាងណា លោកហាក់បារម្ភពីលទ្ធភាពរបស់រោងម៉ាស៊ីនកិនស្រូវក្នុងការទិញស្រូវយកមកស្តុកទុក។
ដោយឡែក លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវយល់ឃើញថា យន្តការរបស់រដ្ឋាភិបាលនឹងជួយដោះស្រាយបញ្ហានៅចំពោះមុខ ប៉ុន្តែលោកលើកឡើងថា រដ្ឋាភិបាល គួរពិចារណាដោះស្រាយក្នុងរយៈពេលវែងតាមរយៈការដាក់ចេញផែនការកញ្ចប់គោលនយោបាយ ជាមួយប្រជាពលរដ្ឋ និងអ្នកវិនិយោគទើបទទួលបានប្រសិទ្ធភាពយូរអង្វែង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងនៅខេត្តពោធិ៍សាត់នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ថា នៅចន្លោះពីខែតុលា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ និងពីខែមេសា ដល់ខែឧសភា ឆ្នាំ២០២៥ រដ្ឋាភិបាលគ្រោងបញ្ចេញថវិកាចំនួន៤០លានដុល្លារដល់រោងម៉ាស៊ីនកិនស្រូវ ដើម្បីទិញស្រូវពីប្រជាពលរដ្ឋ និងក្រោយមកសម្រេចផ្ដល់ចំនួន៣០លានដុល្លារទៀតសម្រាប់បង្វិលទិញកសិផលនៅក្នុងខែមករា ដល់ខែមីនា។ ក្រៅពីនេះ រដ្ឋាភិបាល ក៏មានយន្តការធានាឥណទានសម្រាប់ការនាំចេញអង្ករ ដែលបានបង្កើនទំហំពី៣០លានដុល្លារដល់១៥០លានដុល្លារ ដើម្បីឱ្យរោងម៉ាស៊ីនកិនស្រូវមានលទ្ធភាពខ្ចីថវិកាពីធនាគារមកធ្វើជាទុនបង្វិលផងដែរ។
ពាក់ព័ន្ធនឹងវិស័យស្រូវអង្ករនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ដែរថា ក្រៅពីយន្តការខាងលើ រដ្ឋាភិបាល នឹងខិតខំជួយកសិករកាត់បន្ថយថ្លៃដើមក្នុងការផលិត និងពង្រីកទីផ្សារអន្តរជាតិ បន្ថែមទៀត ដើម្បីធានាដល់វិស័យនេះឱ្យមានលំនឹងនៅក្នុងទីផ្សារ៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ