ពលរដ្ឋចិន ដែលបានចាប់បញ្ជូនទៅកាន់ប្រទេសចិន ២នាក់ទៀត ដែលជាបក្ខពួករបស់ លោក Chen Zhi រួមមាន ឈ្មោះ Xu Ji Liang និងឈ្មោះ Shao Ji Hui ប៉ុន្ដែ ក្រសួងមហាផ្ទៃពុំបានបញ្ជាក់ពីតួនាទីរបស់ពួកគេ ដែលជាប់ពាក់ព័ន្ធនឹងរឿងក្ដីនេះនៅឡើយទេ។
លោក Chen Zhi មុនពេលចាប់ខ្លួន ត្រូវបានគេដឹងថា មានសញ្ជាតិអង់គ្លេស និងខ្មែរ ប៉ុន្ដែ បើតាមក្រសួងមហាផ្ទៃកម្ពុជា បានបញ្ជាក់ថា បុគ្គលរូបនេះ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដកសញ្ជាតិខ្មែររួចហើយ ដោយផ្អែកតាមច្បាប់សញ្ជាតិនៃ ព្រះរាជាណាចក្រកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៥ ។
លោក Chen Zhi និងបក្ខពួករបស់លោក កាលពីខែតុលា ឆ្នាំ២០២៥ ត្រូវបានសហរដ្ឋអាម៉េរិក និងអង់គ្លេស ដាក់ទណ្ឌកម្ម ពាក់ព័ន្ធនឹងករណីប្រតិបត្តិការមជ្ឈមណ្ឌលបោកប្រាស់តាមអនឡាញ និងការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ និងបានបោកប្រាស់លុយកាក់ពលរដ្ឋជាច្រើននៅជុំវិញពិភពលោក គិតជាទឹកប្រាក់ប្រមាណ ១៥ពាន់លានដុល្លារអាម៉េរិក។
បច្ចុប្បន្ន ក្រុមហ៊ុន Prince Group របស់លោក Chen Zhi ក្រៅតែពីមានទ្រព្យសម្បត្តិមហាសាលនៅកម្ពុជាហើយ ក៏មានទ្រព្យសម្បត្តិជាច្រើនទៀត នៅក្នុងបណ្ដាប្រទេសជាច្រើនផ្សេងទៀត ប៉ុន្ដែ ទ្រព្យសម្បត្តិទាំងនោះ ត្រូវបានបង្កក និងប្រឈមនឹងការរឹបអូសផងដែរ ដូចជា នៅអស់គ្លេស សិង្ហបុរី ហុងកុង តៃវ៉ាន់ និងនៅប្រទេសមួយចំនួនទៀត៕