សេដ្ឋកិច្ចចិន

ប្រជាជនចិន ដែលមានប្រាក់ចំណូលកម្រិតមធ្យមបានកើនដល់៥០០លាននាក់


សារព័ត៌មានគ្រប់គ្រងដោយរដ្ឋចិន Economic Daily បានរាយការណ៍កាលពីថ្ងៃអាទិត្យ សប្តាហ៍មុនថា ចំនួនប្រជាជនចិន ដែលមានប្រាក់ចំណូលកម្រិតមធ្យមបានកើនលើស៥០០លាននាក់ហើយ ខណៈដែលការចំណាយរបស់ក្រុមមនុស្សប្រភេទនេះ នឹងក្លាយជាកម្លាំងជំរុញសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រទេសចិននាពេលអនាគត។
សេដ្ឋកិច្ចចិន
ដោយ

កាសែតរបស់ចិន Economic Daily បានចេញផ្សាយអត្ថបទមួយនៅលើទំព័រមុខរបស់ខ្លួនកាលពីថ្ងៃអាទិត្យថា ចំនួនប្រជាជនចិន ដែលមានប្រាក់ចំណូលកម្រិតមធ្យមកើនលើស៥០០លាននាក់ហើយក្នុងចំណោមចំនួនប្រជាជនចិនសរុបចំនួន១ពាន់៤រយលាននាក់។ តួលេខនេះមានការកើនឡើងប្រមាណ១០០លាននាក់ បើធៀបនឹងចំនួនប្រជាជនចិន មានប្រាក់ចំណូលកម្រិតមធ្យមគិតត្រឹមឆ្នាំ២០១៩ ដែលមានប្រមាណ៤០០លាននាក់។ បើយោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិជាតិរបស់ចិន ប្រាក់ចំណូលក្នុងមនុស្សម្នាក់ក្រោយពីកាត់ពន្ធរួចហើយនៅប្រទេសចិន ជាមធ្យមមានចំនួនជាង៥ពាន់ដុល្លារអាម៉េរិក នៅឆ្នាំ២០២៣ មានការកើនឡើងជាង៦% បើធៀបនឹងឆ្នាំ២០២២។

កាសែតនេះបានរាយការណ៍ថា ខណៈដែលចិនកំពុងតែព្យាយាមជំរុញបង្កើនការប្រើប្រាស់ក្នុងស្រុកនោះ ដូច្នេះអំណាចទិញរបស់ក្រុមមនុស្សដែលមានប្រាក់ចំណូលមធ្យមនេះនឹងក្លាយជាកម្លាំងជំរុញសេដ្ឋកិច្ចរបស់ចិនរួមទាំងការពង្រីកទីក្រុង និងនវានុវត្តន៍បច្ចេកវិទ្យានាពេលអនាគតផងដែរ ខណៈដែលអាជ្ញាធរចិន កំពុងពឹងផ្អែកលើអំណាចចំណាយរបស់ប្រជាជនចិនសរុបទាំងជាង១ពាន់៤រយលាននាក់នោះក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួនក្រោយពីមានវិបត្តិទីផ្សារអចលនទ្រព្យ និងការធ្លាក់ចុះតម្រូវការខាងក្រៅ។

ទោះយ៉ាងណាក៏ដោយ មានអ្នកវិភាគជាច្រើនព្រួយបារម្ភថា ចិនអាចប្រឈមនឹងការបន្ថយល្បឿនមុនពេលក្លាយជាប្រទេសអ្នកមាន។ លោក ចាង វិនគួ (Zhang Wenkui) អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍នៃក្រុមប្រឹក្សារដ្ឋ បាននិយាយជារឿយៗដោយបានព្រមានថា វាចាំបាច់ណាស់ដែលចិនត្រូវរក្សាកំណើនប្រចាំឆ្នាំលើសពី៥%។

សេដ្ឋកិច្ចចិន បានកើនឡើងជាផ្លូវការជាង៥% ក្នុងឆ្នាំ២០២៣ ប៉ុន្តែកំណើននៅឆ្នាំនេះត្រូវបានក្រុមអ្នកវិភាគឯករាជ្យបានប៉ាន់ប្រមាណថា នឹងធ្លាក់ចុះច្រើន ហើយ GDP សម្រាប់មនុស្សម្នាក់នៅចិន គឺមានជាង១ម៉ឺនដុល្លារ គឺស្នើនឹងប្រហែល១៧%នៃកម្រិតដូចគ្នានៅសហរដ្ឋអាម៉េរិក។ បើទោះជាចិនអាចក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ក្នុងរយៈពេល២ទៅ៣ឆ្នាំខាងមុខទៀតតាមការព្យាកររបស់ធនាគារពិភពលោកក៏ដោយ ប៉ុន្តែគេនៅតែចាត់ទុកថា ចិននៅមិនទាន់ក្លាយជាប្រទេសអ្នកមានពិតប្រាកដនៅឡើយទេ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃប្រាក់ដុល្លារបានធ្លាក់ចុះ ខណៈរូបិយប័ណ្ណប៊ីតខញកើនឡើងដល់កម្រិតខ្ពស់នៅ២ឆ្នាំមកនេះ

ព័ត៌មាន
តម្លៃប្រាក់ដុល្លារអាម៉េរិក បានធ្លាក់ចុះកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ដោយសាររងសម្ពាធពីទិន្នផលរបស់ក្រសួងហិរញ្ញវត្ថុធ្លាក់ចុះ ខណៈដែលរូបិយប័ណ្ណប…

អាម៉េរិក នឹងធ្វើសេចក្តីព្រាងច្បាប់រារាំងដាច់ខាតមិនឱ្យចិន ទិញប្រេងបម្រុងជាយុទ្ធសាស្ត្ររបស់ខ្លួន

ព័ត៌មាន
ក្រុមសមាជិកសភាជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិក កាលពីថ្ងៃអាទិត្យ ទី៣ ខែមីនា បានបង្ហាញសេចក្ដីព្រាងច្បាប់មួយកម្រាស់ជាង ១ពាន់ទំព័រ ដែលនឹងរារាំង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ