
ប្រភពពីសភាពាណិជ្ជកម្មថៃ បានឱ្យដឹងទៀតថា ភាពតានតឹងរវាងកម្ពុជា និងថៃ កំពុងបង្កឱ្យមានក្ដីបារម្ភកាន់តែខ្លាំង នៅក្នុងវិស័យឯកជនថៃ ដ្បិត តាមរបាយការណ៍ពីក្រសួងការងារថៃ បានឱ្យដឹងថា បច្ចុប្បន្ន ពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសថៃសរុបមានប្រមាណ ៥០ម៉ឺននាក់។ ក្រុមធុរជនថៃ កំពុងជំរុញឱ្យរដ្ឋាភិបាលទាំងពីរ ដោះស្រាយជម្លោះឱ្យបានឆាប់រហ័ស តាមរយៈការសន្ទនាការទូត ដោយព្រមានថា ភាពមិនច្បាស់លាស់ដែលអូសបន្លាយនឹងធ្វើឱ្យប៉ះពាល់ដល់ប្រទេសទាំងពីរ ដែលពឹងផ្អែកខ្លាំងលើគ្នាទៅវិញទៅមកសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ។ វិស័យសំណង់ និងកសិកម្មរបស់ថៃ ប្រឈមនឹងបញ្ហាខ្លាំងជាងគេ ប្រសិនបើពលករខ្មែរ ពិតជាវិលត្រឡប់មកស្រុកកំណើតតាមការអំពាវនាវរបស់រដ្ឋាភិបាលកម្ពុជាមែននោះ។ ជាក់ស្ដែង លោក អ៊ូគ្រីស វង់ថុងសាលី ប្រធានសភាពាណិជ្ជកម្មនៃខេត្ត ចន្ថាបុរី បានឱ្យដឹងថា ពលករខ្មែរ គឺដើរតួនាទីសំខាន់ណាស់នៅក្នុងវិស័យកសិកម្មតាមបណ្ដាខេត្តមួយចំនួន ជាពិសេស ការងារនៅក្នុងការប្រមូលផល ការរៀបចំ និងវេចខ្ចប់។ កម្មករកម្ពុជា មានចំណែកដល់ទៅ ៨០% នៃការងារកសិកម្មនៅក្នុងតំបន់។
ការចេញមកព្រមានរបស់សភាពាណិជ្ជកម្មថៃ ធ្វើឡើងនៅក្រោយពេលដែល រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវម្ដងហើយម្ដងទៀត ឱ្យពលករខ្មែរ ដែលកំពុងធ្វើការងារនៅប្រទេសថៃ វិលត្រឡប់ចូលស្រុកវិញឱ្យបានឆាប់ មុននឹងរងនូវការបណ្ដេញ និងការប្រមាថនានា។
ទោះជាបែបនេះក្ដី នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានចេញមកអះអាងថ្មីៗនេះថា រាជរដ្ឋាភិបាលថៃ មិនមានផែនការបញ្ជូនពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសថៃ ឱ្យត្រឡប់មកទឹកដីកំណើតរបស់ពួកគេវិញនោះឡើយ ហើយលោកស្រីថែមទាំងបានគូសបញ្ជាក់អំពី ការប្រកាន់ខ្ជាប់នូវគោលការណ៍គោរពសិទ្ធិមនុស្សរបស់ប្រទេសថៃ សម្រាប់ពលករចំណាកស្រុកផងដែរ។ ប៉ុន្ដែ នាយករដ្ឋមន្ត្រីថៃ បាននិយាយសង្កត់ធ្ងន់ ដែលសម្ដៅមកកាន់កម្ពុជាថា «ប្រសិនបើប្រទេសណាមួយ ប្រកាសវិធានការដើម្បីប្រមូលពលរដ្ឋរបស់ខ្លួន និងផ្ដល់ការងារឱ្យពួកគេ ពេលត្រឡប់ទៅស្រុកកំណើតវិញ នោះគឺជាសិទ្ធិសេរីភាពរបស់កម្មករទាំងនោះ ក្នុងការសម្រេច នៅក្នុងក្របខណ្ឌច្បាប់នៃប្រទេសនោះ។»
សូមបញ្ជាក់ថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ នៅតែបន្ដមានក្ដៅគគុក បើទោះបីជា មានការចរចាគ្នាដោយគណៈកម្មការព្រំដែនចម្រុះ កម្ពុជាថៃ (JBC) កាលពីថ្ងៃទី ១៤ -១៥ ខែមិថុនាក្ដី។ តួយ៉ាង នៅថ្ងៃទី ១៦ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងប្រកាស ប្រសិនបើ ភាគីថៃ មិនព្រមបើកព្រំដែនជាមួយកម្ពុជា ដែលថៃបានបិទដោយឯកតោភាគី នៅត្រឹមថ្ងៃទី១៦ ខែមិថុនាទេនោះ កម្ពុជា នឹងសម្រេចហាមឃាត់ការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃ នៅគ្រប់ច្រកព្រំដែនទាំងអស់ ចាប់ពីថ្ងៃទី ១៧ ខែមិថុនាតទៅ៕