វិស័យសេដ្ឋកិច្ច

តើរដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងព្យាយាមបិទបាំងផលប៉ះពាល់សេដ្ឋកិច្ច ដោយសារការិយាល័យរបស់លោក អេឡិន ម៉ាស់ ឬយ៉ាងណា?


រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានគេសង្ស័យថា កំពុងដកខ្ទង់ចំណាយរបស់រដ្ឋាភិបាលសហព័ន្ធចេញពីបញ្ជីចំណាយ ដែលកត់ត្រាក្នុងបញ្ជីអត្រាផលិតផលក្នុងស្រុកសរុប ក្នុងគោលបំណងបិទបាំងផលប៉ះពាល់ដោយសារការសម្រេចិត្តរបស់ការិយាល័យប្រសិទ្ធភាពការងាររដ្ឋាភិបាល ក្រោមការគ្រប់គ្រងរបស់មហាសេដ្ឋី អេឡិន ម៉ាស់។ ផែនការនេះត្រូវបានបង្ហើបឱ្យដឹងពីលោក ហាវឺត លូនិច (Howard Lutnick) រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មសហព័ន្ធ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP។
វិស័យសេដ្ឋកិច្ច
ដោយ

លោក ហាវឺត លូនិច រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាម៉េរិក បានលើកឡើងកាលពីចុងសប្តាហ៍មុនថា ការចំណាយរបស់រដ្ឋាភិបាល អាចត្រូវបានបំបែកចេញពីរបាយការណ៍ផលិតផលក្នុងស្រុកសរុប ដើម្បីឆ្លើយតបទៅនឹងសំណួរថា តើការកាត់បន្ថយការចំណាយ ដែលជំរុញដោយការិយាល័យប្រសិទ្ធភាពការងាររដ្ឋាភិបាលរបស់លោក អេឡិន ម៉ាស់ (Elon Musk) អាចបណ្តាលឱ្យមានការធ្លាក់ចុះសេដ្ឋកិច្ច ឬយ៉ាងណា។ បើតាមការអះអាងរបស់រដ្ឋមន្ត្រីរូបនេះ សហរដ្ឋអាម៉េរិកបច្ចុប្បន្នហាក់រញ៉េរញ៉ៃជំពាក់ជំពិននឹងបញ្ហាអត្រា GDP ដោយសារកាល​ពីមុន គេរាប់ការចំណាយរបស់រដ្ឋាភិបាលជាផ្នែកមួយនៃ GDP តែវាអាចត្រូវបានបំបែកវាឲ្យដាច់ពីគ្នា ដើម្បីធ្វើឲ្យវាកាន់តែមានតម្លាភាព។

ជុំវិញចំណាត់ការនេះ អ្នកវិភាគបានលើកឡើងថា ការធ្វើដូច្នេះអាចបង្កភាពស្មុគស្មាញ ឬបង្ខូចទ្រង់ទ្រាយវិធានការជាមូលដ្ឋាននៃសុខភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក។ ការចំណាយរបស់រដ្ឋាភិបាលត្រូវបានរួមបញ្ចូលជាប្រពៃណីនៅក្នុង GDP អស់រយៈពេលជាយូរមកហើយ ពីព្រោះការផ្លាស់ប្តូរពន្ធ ការចំណាយ ឱនភាព និងបទប្បញ្ញត្តិរបស់រដ្ឋាភិបាល អាចប៉ះពាល់ដល់កំណើន ឬការថយចុះនៃសេដ្ឋកិច្ចទាំងមូល។

អ្នកវិភាគបានឲ្យដឹងទៀតថា របាយការណ៍ GDP បានរួមបញ្ចូលព័ត៌មានលម្អិតយ៉ាងទូលំទូលាយលើការចំណាយរបស់រដ្ឋាភិបាល ដោយវាអាចផ្តល់តម្លាភាពសម្រាប់អ្នកសេដ្ឋកិច្ច ហើយកិច្ចខិតខំប្រឹងប្រែងរបស់លោក ម៉ាស់ ក្នុងការកាត់បន្ថយមន្រ្តីសហព័ន្ធ ដែលបណ្តាលឱ្យមានការបញ្ឈប់បុគ្គលិកសហព័ន្ធរាប់ម៉ឺននាក់នឹងជះឥទ្ធិពលដល់ប្រាក់ចំណូល និងការចំណាយរបស់ពួកគេ ដែលអាចនាំឲ្យមានផលប៉ះពាល់ដល់អាជីវកម្ម និងសេដ្ឋកិច្ចទាំងមូល។

ក្រោមការរិះគន់បែបនេះ លោក អេឡិន ម៉ាស់ បានសរសេរនៅលើបណ្តញប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួនថា ការវាស់វែងអត្រាផលិតផលក្នុងស្រុកសរុប នឹងមិនរាប់បញ្ចូលការចំណាយរបស់រដ្ឋាភិបាលនោះទេ។ លោកបានបញ្ជាក់ថា ការវាស់វែងសេដ្ឋកិច្ចតាមវិធីចាស់ វាអាចធ្វើឲ្យមាត្រដ្ឋាន GDP ខ្ពស់ ដោយសារការចំណាយប្រាក់លើអ្វី ដែលមិនធ្វើឱ្យជីវិតរបស់មនុស្សមានភាពប្រសើរឡើង។

ការិយាល័យវិភាគសេដ្ឋកិច្ចរបស់នាយកដ្ឋានពាណិជ្ជកម្មបានចេញផ្សាយរបាយការណ៍ GDP ថ្មីបំផុតរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ថា សេដ្ឋកិច្ចអាម៉េរិកមានការកើនឡើងក្នុងអត្រាប្រចាំឆ្នាំ២,៣% ក្នុងរយៈពេល៣ខែចុងក្រោយកាលពីឆ្នាំមុន។ កំណើននេះត្រូវបានជំរុញភាគច្រើនដោយសារការចំណាយរបស់អ្នកប្រើប្រាស់មានការកើនឡើង និងកំណើននៃការចំណាយរបស់រដ្ឋាភិបាលក្នុងវិស័យការពារជាតិ។ តែទោះជាយ៉ាងណា សេដ្ឋកិច្ចអាម៉េរិកជារួមកាលពីឆ្នាំ២០២៤ សម្រេចបានកំណើនក្នុងអត្រា២,៦% ធ្លាក់ចុះបន្តិចបើធៀបនឹងឆ្នាំ២០២៣ ដែលមានក្នុងរង្វង់២,៨%៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមហ៊ុនការ៉េម និងភេសជ្ជៈរបស់ចិន Mixue កំពុងវាយលុកទីផ្សារខ្លាំង ដោយបានវ៉ាដាច់ក្រុមហ៊ុន McDonald និងក្រុមហ៊ុន Starbucks របស់អាម៉េរិក

សាខាហាងលក់ការ៉េម និងតែគុជរបស់ក្រុមហ៊ុនចិន មីស្វេ (Mixue) Ice Cream & Tea កំពុងរីកចម្រើនយ៉ាងខ្លាំង ដោយមានសន្ទុះកើនឡើងខ្លាំងជាងហាងរប…

ទីផ្សារខុនដូរបស់ថៃ ធ្លាក់ចុះជិត៧% ខណៈមីយ៉ាន់ម៉ា និងតៃវ៉ាន់ ជាអ្នកទិញខុនដូថៃ ច្រើនជាងគេ

មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យថៃ បានអះអាងថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ប្រតិបត្តិការទីផ្សារទិញលក់ខុនដូនៅប្រទេសថៃ មានការធ្លាក់ចុះប្រមាណ៦,៨% ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ