បទឈប់បាញ់

អង្គការសហប្រជាជាតិ និងប្រទេសជាច្រើនប្រកាសគាំទ្របទឈប់បាញ់រវាងថៃ និងកម្ពុជា


ប្រទេសកម្ពុជា និងថៃ បានចុះហត្ថលេខាលើបទឈប់បាញ់រយៈពេល៧២ម៉ោង កាលពីថ្ងៃទី២៧ ខែធ្នូ ក្រោយប្រយុទ្ធគ្នាអស់រយៈពេលចំនួន២១ថ្ងៃនៅតាមព្រំដែនរវាងប្រទេសទាំងពីរ។ នៅប៉ុន្មានម៉ោងក្រោយការចុះហត្ថលេខាលើបទឈប់បាញ់នេះ អង្គការសហប្រជាជាតិ និងប្រទេសជាច្រើនបានប្រកាសស្វាគមន៍ចំពោះបទឈប់បាញ់រវាងប្រទេសជិតខាងទាំងពីរនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera។
បទឈប់បាញ់
ដោយ

រដ្ឋមន្ត្រីការពារជាតិថៃ និងកម្ពុជា បានចុះហត្ថលេខាលើបទឈប់បាញ់បន្ទាន់មួយនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកាលពីថ្ងៃទី២៧ ខែធ្នូ ដោយបទឈប់បាញ់នេះបានចូលជាធរមាននៅម៉ោង១២ថ្ងៃត្រង់ថ្ងៃដដែលនោះ។ ជាមួយគ្នានេះ ភាគីថៃ ក៏បានឯកភាពព្រមប្រគល់យោធិនកម្ពុជា ទាំង១៨នាក់ ដែលថៃ បានចាប់ និងឃុំខ្លួនដោយខុសច្បាប់អស់រយៈពេលជាង១៥០ថ្ងៃឱ្យមកកម្ពុជាវិញផងដែរ ប្រសិនបើបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញក្នុងរយៈពេល៧២ម៉ោង។

លោក អង់តូនីញ៉ូ ហ្គូធើរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងនេះ និងបានចាត់ទុកវាជាជំហានវិជ្ជមានមួយឆ្ពោះទៅរកការកាត់បន្ថយទុក្ខវេទនារបស់ជនស៊ីវិល បញ្ចប់អរិភាពបច្ចុប្បន្ន និងបង្កើតបរិយាកាសអំណោយផលដល់ការសម្រេចបាននូវសន្តិភាពយូរអង្វែង។

ជាមួយគ្នានេះ ប្រទេសចិន ក៏បានចេញមកស្វាគមន៍ចំពោះបទឈប់បាញ់នេះផងដែរ។ សម្រាប់ចិន ការសម្រេចបានបទឈប់បាញ់នេះ បានបង្ហាញថា ការសន្ទនា និងការពិគ្រោះយោបល់គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការដោះស្រាយជម្លោះដ៏ស្មុគស្មាញ។

ប្រទេសម៉ាឡេស៊ី ក៏បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងរវាងភាគីទាំងពីរនេះដែរ។ នាយករដ្ឋ មន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានសរសេរនៅលើបណ្តាញសង្គម X ថា ការសម្រេចចិត្តបញ្ឈប់ការប្រយុទ្ធគ្នា និងការរក្សាកងកម្លាំងនៅនឹងកន្លែងបានឆ្លុះបញ្ចាំងពីការទទួលស្គាល់រួមគ្នាថា ការអត់ធ្មត់ គឺត្រូវបានអនុវត្តជាពិសេស ដើម្បីផលប្រយោជន៍របស់ជនស៊ីវិល។

ដោយឡែកសហរដ្ឋអាម៉េរិក ក៏បានស្វាគមន៍ចំពោះបទឈប់បាញ់នេះដែរ និងបានជំរុញឱ្យប្រទេសទាំងពីរអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ដែលភាគីកម្ពុជា និងថៃ បានចុះហត្ថលេខាកាលពីខែតុលា នៅប្រទេសម៉ាឡេស៊ី ផងដែរ។ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីយ៉ូ បានជំរុញឱ្យកម្ពុជា និងថៃ គោរពការប្តេជ្ញាចិត្តនេះភ្លាមៗ និងអនុវត្តលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ឱ្យបានពេញលេញ។

ទន្ទឹមនឹងនេះ ប្រធានអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក តូស៊ីហ៊ីរ៉ូ គីតាមូរ៉ា (Toshihiro Kitamura) បាននិយាយថា ទីក្រុងតូក្យូស្វាគមន៍កិច្ចព្រមព្រៀងនេះ និងសង្ឃឹមយ៉ាងមុតមាំថាបទឈប់បាញ់នេះនឹងត្រូវបានអនុវត្តជាលំដាប់។

អ្នកនាំពាក្យក្រសួងការបរទេសសហភាពអឺរ៉ុប លោក អាណូអា អែល អាណូនី (Anouar El Anouni) បានបង្ហោះសារនៅលើបណ្តាញសង្គម X ដោយថ្លែងអំណរគុណដល់អាស៊ានសម្រាប់ការដើរតួនាទីវិជ្ជមាន និងបានអំពាវនាវឱ្យកម្ពុជា និងថៃ អនុវត្តកិច្ចព្រមព្រៀងនេះដោយស្មោះត្រង់ ហើយប្លុកអឺរ៉ុប បានត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ការគាំទ្រចាំបាច់ណាមួយ​៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


អ្នកតាមដានស្ថានការណ៍នយោបាយសង្គម ថា បទឈប់បាញ់កម្ពុជា-ថៃ មានលក្ខណៈល្អប្រសើរ ប៉ុន្ដែ កម្ពុជាក៏មិនត្រូវបោះបង់ការត្រៀមខ្លួនទប់ទល់នោះដែរ!

កម្ពុជា និងថៃបានឯកភាពគ្នាអនុវត្តបទឈប់បាញ់បន្ទាន់រយៈពេល៧២ម៉ោង គិតចាប់ពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ តទៅ ក្រោយប្រយុទ្ធគ្នាអស់រ…

លោក ដូណាល់ ត្រាំ អបអរសាទរចំពោះបទឈប់បាញ់រវាងកម្ពុជា និងថៃ និងឆ្លៀតរិះគន់ UN ចំៗថា អសកម្មក្នុងការដោះស្រាយជម្លោះ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ បានបញ្ចេញសារនៅលើបណ្ដាញសង្គម Truth Social របស់លោក ដោយបានប្រកាសថា ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ