
ក្រុមអ្នកបង្កើតគោលនយោបាយនៅធនាគារកណ្ដាលអាម៉េរិក អះអាងថា ការដំឡើងពន្ធរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ អាចជំរុញឱ្យអតិផរណា និងភាពអត់ការងារធ្វើឱ្យកើនឡើង ប៉ុន្តែអត្រាមានការងារធ្វើនៅទ្រឹង និងអតិផរណាបានធ្លាក់ចុះនៅឡើយ ដូច្នេះវាអាចជំរុញឱ្យធនាគារកណ្តាលអាម៉េរិក សម្រេចរក្សាអត្រាការប្រាក់ឱ្យនៅដដែលនៅឆ្នាំនេះ។ ការលើកឡើងរបស់ក្រុមអ្នកបង្កើតគោលនយោបាយនេះ បានធ្វើឱ្យក្រុមអ្នកវិភាគរំពឹងថា ពួកគេនឹងបន្តរក្សាអត្រាការប្រាក់ឱ្យនៅដដែលចន្លោះពី៤,២៥% ទៅ៤,៥%។
លោក ប្រេត រីយ៉ាន (Brett Ryan) សេដ្ឋវិទូជាន់ខ្ពស់អាម៉េរិក នៅក្រុមហ៊ុន Deutsche Bank AG បាននិយាយថា វិធីសាស្រ្តរង់ចាំមើលកំណើនសេដ្ឋកិច្ចនេះនឹងធ្វើឱ្យធនាគារនេះបន្តសម្រេចចិត្តក្នុងការរក្សាអត្រាការប្រាក់ឱ្យនៅដដែល ដោយសារតែមានហានិភ័យចំពោះទស្សនវិស័យអតិផរណា។
ដោយសារមានភាពមិនច្បាស់លាស់ជាច្រើនជុំវិញទស្សនវិស័យនេះ ក្រុមវិនិយោគិន និងអ្នកសេដ្ឋកិច្ចកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការធ្វើបច្ចុប្បន្នភាពនៃការព្យាករសេដ្ឋកិច្ច និងអត្រាការប្រាក់របស់ធនាគារដ៏សំខាន់មួយនេះ។ ក្រុមអ្នកព្យាករជាច្រើនរំពឹងទុកថា ធនាគារកណ្តាលអាម៉េរិក អាចបន្តរៀបចំកាត់បន្ថយអត្រាការប្រាក់ចំនួន២% នៅឆ្នាំនេះ ប៉ុន្តែក៏មានអ្នកសេដ្ឋកិច្ចមួយចំនួនទៀតរំពឹងដែរថា ពួកគេនឹងកាត់កាត់បន្ថយអត្រាការប្រាក់១%។
ទោះជាយ៉ាងណាមកដល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយចំពោះវិធានការនេះ គឺមានតែរង់ចាំមើលលទ្ធផលផ្លូវការដែលធនាគារនេះប្រកាសនៅក្រោយកិច្ចប្រជុំ៕
ដោយ៖ សុខ មង្គល