រូបិយប័ណ្ណអន្តរជាតិ

ប្រាក់ដុល្លារហក់ឡើងថ្លៃជាលើកដំបូងក្នុងឆ្នាំ២០២៥ ក្រោយធនាគារកណ្ដាលអាម៉េរិក សម្រេចរក្សាអត្រាការប្រាក់ឱ្យនៅដដែល


ប្រាក់ដុល្លារអាម៉េរិក ដែលជារូបិយប័ណ្ណអន្តរជាតិបម្រុងដ៏ធំបំផុតរបស់ពិភពលោកបានហក់ឡើងថ្លៃប្រចាំខែ ជាលើកដំបូងមិនធ្លាប់មានក្នុងឆ្នាំ២០២៥ នេះ ក្រោយធនាគារកណ្ដាលអាម៉េរិក សម្រេចរក្សាទុកអត្រាការប្រាក់ឱ្យនៅដដែលក្នុងរង្វង់ចន្លោះពី៤,២៥% ទៅ៤,៥០%កាលពីថ្ងៃពុធ ទី៣០ ខែកក្កដា និងខណៈដែលភាពមិនប្រាកដប្រជាក្នុងពិភពលោកត្រូវបានកាត់បន្ថយ ក្រោយពីសហរដ្ឋអាម៉េរិក បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយប្រទេសនានាជាបន្តបន្ទាប់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
រូបិយប័ណ្ណអន្តរជាតិ
ដោយ

ប្រាក់ដុល្លារអាម៉េរិក បានហក់ឡើងថ្លៃប្រចាំខែប្រមាណ៣% នៅខែកក្កដា នេះ ដែលជាការហក់ឡើងថ្លៃប្រចាំខែដំបូងសម្រាប់ឆ្នាំ២០២៥ នេះ។ ការហក់ឡើងថ្លៃនេះ កើតមានឡើងក្រោយធនាគារកណ្ដាលអាម៉េរិក កាលពីថ្ងៃទី៣០ ខែកក្កដា បានសម្រេចរក្សាទុកអត្រាការប្រាក់ឱ្យនៅដដែល និងនៅពេលដែលការព្រួយបារម្ភអំពីពន្ធគយបានធូរស្រាល ក្រោយសហរដ្ឋអាម៉េរិក បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយប្រទេសនានា ជាបន្តបន្ទាប់។

ធនាគារកណ្តាលអាម៉េរិក បានរក្សាអត្រាការប្រាក់ឱ្យនៅដដែលដោយគ្មានការផ្លាស់ប្តូរក្នុងរង្វង់ចន្លោះពី៤,២៥% ទៅ៤,៥០% កាលពីថ្ងៃទី៣០ ខែកក្កដា ទោះបីជាប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានអំពាវនាវម្ដងហើយម្ដងទៀតឱ្យធនាគារកណ្ដាលអាម៉េរិក បញ្ចុះអត្រាការប្រាក់ច្រើនយ៉ាងណាក្ដី។

ប្រធានធនាគារកណ្ដាលអាម៉េរិក លោក Jerome Powell បាននិយាយថា ធនាគារកណ្តាលអាម៉េរិក ត្រូវការទិន្នន័យបន្ថែមទៀតដើម្បីពិនិត្យផ្ទៀងផ្ទាត់ មុននឹងឈានដល់ការពិចារណាបញ្ចុះអត្រាការប្រាក់ ហើយបានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងអតិផរណានៅតែជាអាទិភាពកំពូលដែលត្រូវដោះស្រាយមុនគេ គឺមិនមែនគិតតែពីបញ្ចុះអត្រាការប្រាក់តាមដែលលោក ដូណាល់ ត្រាំ ចង់បាននោះទេ។

ទិន្នន័យបង្ហាញថា សន្ទស្សន៍ប្រាក់ដុល្លារអាម៉េរិក បានស្ថិតនៅក្នុងរង្វង់ ៩៩,៦៧% ដែលជាកម្រិតខ្ពស់មិនធ្លាប់មានក្នុងពេលជិត២ខែមកនេះ ដោយសារតែទិន្នន័យមានការងារធ្វើ និងអតិផរណានៅលើទឹកដីសហរដ្ឋអាម៉េរិក មានភាពល្អប្រសើរ និងមួយទៀតដោយសារតែភាពមិនប្រាកដប្រជាក្នុងពិភពលោកត្រូវបានកាត់បន្ថយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


លោក ដូណាល់ ត្រាំ សម្រេចយកពន្ធគយបដិការពីកូរ៉េខាងត្បូង ត្រឹម ១៥% ខណៈយកពន្ធពីឥណ្ឌាខ្ពស់រហូតដល់ទៅ២៥%

លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃទី៣០ ខែកក្កដា ថា ប្រទេសកូរ៉េខាងត្បូង បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយសហរដ្ឋអាម៉េរិក រួចហើយ …

អាម៉េរិក កំណត់អត្រាពន្ធថ្មីលើប្រទេសចំនួន៦៩ ពី១០% ដល់៤១% ខណៈកម្ពុជា ជាប់ពន្ធ១៩%

សហរដ្ឋអាម៉េរិក បានប្រកាសបញ្ជីឈ្មោះប្រទេសទាំង៦៩ ដែលបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយសហរដ្ឋអាម៉េរិក នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ដោយប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ