កៃស៊ូកេ ហុងដា សម្លឹងឃើញការវិនិយោគនៅឥណ្ឌូនេស៊ី និងវៀតណាម

តារាបាល់ទាត់ និងជាអ្នកវិនិយោគជប៉ុនលោក កៃស៊ូកេ ហុងដា សម្លឹងឃើញការវិនិយោគនៅឥណ្ឌូនេស៊ី និងវៀតណាម


តារាបាល់ទាត់ និងជាអ្នកវិនិយោគជប៉ុនលោក កៃស៊ូកេ ហុងដា (Keisuke Honda) មានសុទិដ្ឋិនិយមចំពោះការចាប់ផ្តើមអាជីវកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយលោកបានគូសបញ្ជាក់នៅក្នុងបទសម្ភាសន៍មួយថា ចំនួនប្រជាជនវ័យក្មេងនៅតំបន់អាស៊ីអាគ្នេយ៍កំពុងតែកើនឡើងខ្លាំងក្នុងតំបន់នេះ ជាពិសេសនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងវៀតណាមតែម្ដង។ នេះបើតាមការចេញផ្សាយរបស់កាសែតជប៉ុន Nikkei Asia។
តារាបាល់ទាត់ និងជាអ្នកវិនិយោគជប៉ុនលោក កៃស៊ូកេ ហុងដា សម្លឹងឃើញការវិនិយោគនៅឥណ្ឌូនេស៊ី និងវៀតណាម រូបភាព Nikkei Asia

លោក Honda បានប្រាប់កាសែត​ Nikkei Asia ​ក្នុងកំឡុងពេលទៅ​លេង​រដ្ឋធានី​ហ្សាកាតា​ប្រទេស​ឥណ្ឌូនេស៊ីថ្មីៗ​​នេះ​​ថា លោក​គិត​ថា​​តំបន់​អាស៊ីអាគ្នេយ៍ ​គឺ​ជាកន្លែង​បណ្ដុះ​គ្រាប់ពូជ​ពាក់​ព័ន្ធ​នឹង​ការ​ចាប់​ផ្តើមអាជីវកម្ម​។​ គំនិត​របស់​លោក​ ហុងដា នេះ​គឺ​ចង់​សំដៅ​លើដំណើរ​ការហិរញ្ញប្បទាន​ ដែលបង្កើនដើមទុន​​ដំបូង ​ដើម្បីចាប់ផ្តើមអាជីវកម្ម ហើយ​លោក​បាននិយាយ​ទៀត​ថា ​ចំនួនប្រជាជន និងយុវជនដ៏​ច្រើន​​នៅ​ក្នុងតំបន់​នេះ ​គឺគ្រប់គ្រាន់​ដែល​​អាច​ធ្វើឱ្យការវិនិយោគ​​សម្រេច​​បានជោគជ័យ​​។

លោក ហុងដា​ គឺ​ជាតារា​បាល់​ទាត់​ដែលធ្លាប់​លេង​ជាខ្សែបម្រើនៅ​ក្លឹប​បាល់​ទាត់​អ៊ីតាលី​ AC Milan និង​ធ្លាប់លេងនៅ​ក្លឹប​ CSKA Moscow ទៅ​ក្រុង​ម៉ូស្គូ​ និង​នៅ​ក្លឹប​ Melbourne Victory របស់​អូស្ត្រាលី​​។ លោក ហុងដា ​​ក៏​ធ្លាប់​លេង​ជា​​ក្រុម​ជម្រើសជាតិ​ជប៉ុន​ក្នុង​ការ​ប្រកួត​​បាល់ទាត់​ពិភពលោក​ចំនួន ៣ លើក​ និង​​បាន​ធ្វើ​ជា​គ្រូ​​បង្វឹក​​ក្រុម​ជម្រើស​ជាតិ​​​កម្ពុជា​ផង​ដែរ​។

លោក ហុងដា បាន​បង្កើត​មូលនិធិ KSK Angel ​នៅ​ក្នុងឆ្នាំ​២០១៦ដោយ​​បណ្តាក់ទុនទៅ​លើ​ការចាប់ផ្តើមអាជីវកម្ម​​ដែល​ភាគច្រើននៅ​សហរដ្ឋអាមេរិក និងប្រទេសជប៉ុន។​ ភាគ​ហ៊ុន​របស់មូល​និធិ​នេះ​រួមមានក្រុមហ៊ុនអភិវឌ្ឍន៍​រ៉ុក្កែតជប៉ុន​ Interstellar និង​ក្រុមហ៊ុន ​Terra Motors ​ដែលជាក្រុមហ៊ុនផលិត និងលក់រថយន្តអគ្គិសនីរបស់ជប៉ុន​​​ផ្តោតលើទីផ្សារ​ប្រទេស​ឥណ្ឌា។​

ទំហំនៃមូលនិធិនេះ​មិនត្រូវបានបង្ហាញទេ​ ប៉ុន្តែ​មូល​និធិ​នេះ​បានធ្វើ​ការ​​បណ្តាក់ទុន​លើ​​ការចាប់ផ្តើមអាជីវកម្ម​​ប្រហែល ១៨០​ កន្លែង​ ហើយ​តម្លៃ​​នៃការវិនិយោគនីមួយ​ៗ​​អាច​មាន​ជា​អប្បបរមា​​ ​១៨ ០០០ ​​ដុល្លារ​ ដូច្នេះ​ហើយ​គេ​ជឿ​ថា​ ​​​មូល​និធិ​នេះ​បាន​​បណ្ដាក់​ទុនសរុប​​​​ប្រហែល​ជា​​រាប់​​លាន​ដុល្លារ​​។​

លោក ហុងដា​ សង្ឃឹមថា នឹង​ធ្វើ​ការ​វិនិយោគលើអាជីវកម្មបង្កើត​ថ្មី​​ប្រហែល ១០​ អាជីវកម្ម ក្នុងមួយឆ្នាំនៅ​​ប្រទេសឥណ្ឌូនេស៊ី​​ ជាប្រទេសដែល​លោក​​បានចាត់​ទុក​ថា សម្បូរ​​អ្នកមាន​គំនិត​រក​ស៊ី​ច្រើន​។​ ហើយ​លោក​រំពឹង​ថា ការវិនិយោគដំបូងរបស់លោក​​នៅប្រទេស​​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​​របស់​តំបន់​​អាស៊ីអាគ្នេយ៍​នេះ​ គឺ​នៅអាជីវកម្មទាក់ទងនឹង​​​ខ្សែ​ចង្វាក់ផ្គង់​ផ្គង់​ត្រី​ក្លាសេ​​​ទោះបីជា​លោក​​មិនបាននិយាយ​ចំ​ឈ្មោះក្រុមហ៊ុន​ ឬ​ទំហំនៃការវិនិយោគក៏ដោយ។​

ទន្ទឹម​នេះ​ដែរ​លោក​ ហុងដា ក៏​កំពុង​សម្លឹង​ឃើញ​ការ​ចាប់​ផ្ដើម​អាជីវ​កម្ម​នៅ​ប្រទេស​វៀតណាម​ផង​ដែរ ​ដោយ​លោក​បាន​ចាត់​ទុក​ប្រជា​ពលរដ្ឋ​នៅវៀតណាម​ថា ​ជា​«មនុស្សព្យាយាម​»​ ហើយ​ថែម​ទាំង​បាន​ចាត់​ទុកពលរដ្ឋ​វៀតណាម​​​ថា​ជា​«មនុស្ស​ខំ​ធ្វើ​ការ​ និង​ដូច​ជា​ពលរដ្ឋ​ជប៉ុន​»។​​​​​​

លោក ហុងដា ​បាន​​បញ្ជាក់​ថា លោក​​បាន​ចាប់អារម្មណ៍ចំពោះ​​ការវិនិយោគ​ទៅ​លើអាជីវកម្ម​ទំនិញ​ប្រើប្រាស់​ និងផ្នែក​កម្សាន្តនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយ​ផ្នែកបច្ចេកវិទ្យាធនធាន​មនុស្ស​នៅ​ក្នុង​ប្រទេស​វៀតណាម៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


យករដ្ឋមន្ត្រីអង់គ្លេសធ្វើដំណើរទៅកាន់អាមេរិក ដើម្បីសម្រេចរួមគ្នាផ្ដល់នាវាមុជទឹកនុយក្លេអ៊ែរ ទៅឲ្យអូស្ត្រាលី

ព័ត៌មាន
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យ ទី ១២ មីនា ដើម្បីជួបជាមួយប្រធានាធិបតីអាមេរិកលោក Joe B…

ការប្រកាសបើក “វគ្គបណ្តុះបណ្តាល និងការប្រឡងគុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ចលើកទី២”

ព័ត៌មាន
នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយសហការី បានអញ្ជើញប្រកាសបើក “វគ្គបណ្ដុះបណ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ