
ប្រាក់ដុល្លារអាម៉េរិក បានហក់ឡើងថ្លៃបើធៀបនឹងរូបិយប័ណ្ណសំខាន់ៗ ខណៈប្រាក់ដុល្លារអូស្រ្តាលី និងប្រាក់ដុល្លារនូវែលសេឡង់ បានធ្លាក់ថ្លៃបន្ថែមទៀត ក្រោយរូបិយប័ណ្ណទាំងពីរនេះ បានធ្លាក់ចុះខ្លាំងកាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ដោយសារការព្រួយបារម្ភអំពីផលប៉ះពាល់សេដ្ឋកិច្ច ដែលបង្កឡើងដោយការដំឡើងពន្ធគយដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលបានបង្កការជ្រួលច្របល់ពេញទីផ្សារអន្តរជាតិ។ ទិន្នន័យបានបង្ហាញថា សន្ទស្សន៍ប្រាក់ដុល្លារអាម៉េរិក បានហក់ឡើង០,២១% ឈានដល់១០៤,០១% នៅព្រឹកថ្ងៃសុក្រ នេះ បន្ទាប់ពីបានហក់ឡើង០,៣៦% កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា។
សូមបញ្ជាក់ថា សន្ទស្សន៍ប្រាក់ដុល្លារអាម៉េរិក នៅសប្ដាហ៍នេះ បានធ្លាក់ចុះទាបខ្លាំងមិនធ្លាប់មានក្នុងរយៈពេល៥ខែមកនេះ មកនៅត្រឹម១០៣,១៩% បន្ទាប់ពីបានហក់ឡើងខ្ពស់ឈានដល់១១០,១៧% កាលពីអំឡុងខែមករា នៅពេលដែលសុទិដ្ឋិនិយមចំពោះគោលនយោបាយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រែក្លាយទៅជាការភ័យខ្លាចធ្វើឱ្យសេដ្ឋកិច្ចអាម៉េរិក ដាំក្បាលចុះ ដែលអាចកើតមានឡើងដោយសារសង្គ្រាមពាណិជ្ជកម្ម ដែលលោកបានបញ្ឆេះភ្លើងរាលដាលពេញពិភពលោក។
ក្រុមអ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្ដាលអាម៉េរិក បានសម្រេចរក្សាទុកអត្រាការប្រាក់ឱ្យនៅដដែលដោយគ្មានការផ្លាស់ប្ដូរកាលពីថ្ងៃពុធ ទី១៩ ខែមីនា ហើយបានផ្ដល់សញ្ញាថា ធនាគារកណ្ដាលអាម៉េរិក អាចនឹងបញ្ចុះអត្រាការប្រាក់ក្នុងរង្វង់០,២៥% ចំនួន២លើក នៅក្នុងឆ្នាំ២០២៥ នេះ ដូចការព្យាកររបស់ខ្លួនកាលពី៣ខែមុន។
លោក ជើរ៉ូម ផៅវែល (Jerome Powell) ប្រធានធនាគារកណ្ដាលអាម៉េរិក បានថ្លែងថា នៅពេលនេះធនាគារកណ្ដាលអាម៉េរិក គ្មានភាពចាំបាច់ដែលត្រូវបញ្ចុះអត្រាការប្រាក់ដោយតក់ក្រហល់នោះឡើយ ហើយនេះបានឆ្លុះបញ្ចាំងពីបញ្ហាប្រឈម ឬការលំបាកក្នុងការគ្រប់គ្រងពន្ធគយ ដែលពិបាកព្យាករដឹងមុនរបស់លោក ដូណាល់ ត្រាំ និងផលប៉ះពាល់ដែលអាចកើតមានទៅលើសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក៕
ដោយ: តែម សុខុម