ការបិទទ្វាររដ្ឋាភិបាលអាម៉េរិក ដែលមានរយៈពេលយូរបំផុតជិតដល់ទីបញ្ចប់ហើយ បន្ទាប់ពីក្រុមសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាធិបតេយ្យមួយក្រុមបានយល់ព្រមគាំទ្រកិច្ចព្រមព្រៀងមួយ ដើម្បីបើករដ្ឋាភិបាលឡើងវិញ និងផ្តល់មូលនិធិដល់ក្រសួង និងទីភ្នាក់ងារមួយចំនួនសម្រាប់ឆ្នាំក្រោយ។ នេះបើយោងតាមប្រភព ដែលបានទម្លាយក្រោយការចរចារវាងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ។ ក្រោមកិច្ចព្រមព្រៀងនេះ ព្រឹទ្ធសភានឹងអនុម័តមូលនិធិពេញមួយឆ្នាំសម្រាប់ក្រសួងកសិកម្ម កិច្ចការអតីតយុទ្ធជន និងសភាខ្លួនឯង។ សេចក្តីព្រាងច្បាប់នេះនឹងផ្តល់ប្រាក់ឈ្នួលសម្រាប់បុគ្គលិករដ្ឋាភិបាល ដែលត្រូវបានផ្អាក និងបន្តការទូទាត់លើការចំណាយរូបវ័ន្តផ្សេងៗរបស់ការិយាល័យសហព័ន្ធដែលបានកាត់ទុកដោយរដ្ឋ។
ក្រោយពីមានការបង្ហើបបែបនេះលោក ដូណាល់ ត្រាំ ក៏បានបង្ហើរប្រាប់អ្នកសារព័ត៌មាននៅល្ងាចថ្ងៃអាទិត្យថា ការបិទទ្វាររដ្ឋាភិបាលអាម៉េរិកវាទំនងជាជិតដល់ទីបញ្ចប់ហើយ។ ការបន្តបិទ ឫបើកដំណើរការរដ្ឋាភិបាលអាម៉េរិកឡើងវិញនៅមិនទាន់អាចធានាបានទាំងស្រុងនៅឡើយទេ ដោយសារពេលនេះគណបក្សសាធារណរដ្ឋនៅតែបន្តរារាំងគណបក្សប្រជាធិបតេយ្យ ចំពោះការទាមទាររក្សាខ្ទង់ចំណាយប្រមាណ១,៥ទ្រីលានដុល្លារលើសុខមាលភាពសង្គម គួបផ្សំសេតវិមានបានបង្កើនសម្ពាធ ដោយគំរាមបណ្តេញបុគ្គលិករដ្ឋាភិបាលចេញក្នុងទ្រង់ទ្រាយធំ ដោយរួមទាំងការប្រកាសមិនចំណាយដល់បុគ្គលិករដ្ឋាភិបាលសហព័ន្ធជាង៦០ម៉ឺននាក់ដែលត្រូវបានផ្អាកការងារជាដើម។
ចាប់តាំងពីរដ្ឋាភិបាលសហព័ន្ធបានបិទទ្វារ អាម៉េរិកបានខាតបង់ប្រាក់ប្រមាណ១៥ពាន់លានដុល្លារក្នុងមួយសប្តាហ៍ និងបានធ្វើឱ្យប្រតិបត្តិការការងារខ្លះត្រូវរាំងស្ទះ ជាពិសេសសេវាកម្មដឹកជញ្ជូន ដោយគ្រាន់តែកាលពីថ្ងៃអាទិត្យ កន្លងទៅមានជើងហោះហើររហូតដល់២ពាន់៧០០ជើងត្រូវលុបចោល៕
ដោយៈ សរ សុជាតិ