ទីក្រុងវ៉ាស៊ីនតោន នៅដើមខែ កុម្ភៈ នេះ បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកម្រិតរដ្ឋមន្ត្រី ស្ដីពី រ៉ែយុទ្ធសាស្ត្រ ជាលើកដំបូង ដោយមានការចូលរួមពីសមាជិកជាង៥០ប្រទេស រួមមាន កូរ៉េខាងត្បូង ជប៉ុន និងឥណ្ឌាជាដើម។ ក្នុងជំនួបនោះមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពហុភាគី ដើម្បីបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់ឯករាជ្យពីប្រទេសចិន។ យោងតាមទីភ្នាក់ងារព័ត៌មាន Nikkei Asia ក្នុងរយៈពេល៦ខែកន្លងមកនេះ សេតវិមាន ក៏បានបញ្ចេញកញ្ចប់វិនិយោគ និងប្រាក់កម្ចីជាង៣០ពាន់លានដុល្លារ សម្រាប់ក្រុមហ៊ុនឯកជន ដែលប្រតិបត្តិការក្នុងវិស័យនេះផងដែរ។
កន្លងមកទីក្រុងប៉េកាំង បានបង្ហាញឱ្យឃើញម្ដងហើយម្ដងទៀតនូវអាវុធសេដ្ឋកិច្ច តាមរយៈការរឹតបន្តឹងការនាំចេញរ៉ែកម្រ ដើម្បីផលប្រយោជន៍នយោបាយ។ ជាក់ស្ដែងកាលពីខែតុលា ឆ្នាំមុន ចិន បានរឹតត្បិតការនាំចេញរ៉ែកម្រ និងមេដែកប្រសិទ្ធភាពខ្ពស់ ដែលជាសមាសធាតុសំខាន់ក្នុងអាគុយរថយន្តអគ្គិសនី និងបច្ចេកវិទ្យាការពារជាតិ។ ថ្មីៗនេះ ចិន ក៏បានរឹតបន្តឹងការនាំចេញរ៉ែកម្រនៅក្នុងគម្រោងមួយចំនួន ដែលពាក់ព័ន្ធនឹងប្រទេសជប៉ុនថែមទៀតផង។
ទោះបីជំនួបរវាងលោក ស៊ី ជីនពីង និងលោក ដូណាល់ ត្រាំ បានជួយសម្រាលកម្ដៅសង្គ្រាមពាណិជ្ជកម្មមួយរយៈខ្លីក៏ដោយ ប៉ុន្តែអ្នកកំណត់គោលនយោបាយអាម៉េរិក នៅតែចាត់ទុកការពឹងផ្អែកលើរ៉ែពីចិនថា ជាចំណុចខ្សោយផ្នែកសន្តិសុខជាតិ។ ទោះជាយ៉ាងណា អ្នកជំនាញផ្នែកឧស្សាហកម្មបានលើកឡើងថា ទោះមានការគាំទ្រផ្នែកហិរញ្ញវត្ថុយ៉ាងសម្បើមក៏ដោយ ក៏អាម៉េរិក មិនអាចដោះស្រាយហានិភ័យ នៃការជាប់គាំងការផ្គត់ផ្គង់ក្នុងរយៈពេលខ្លីបានឡើយ។
មេរៀនពីប្រទេសជប៉ុន គឺជាឧទាហរណ៍ជាក់ស្ដែង។ ជប៉ុន បានចំណាយពេលជាង១០ឆ្នាំមកហើយ ដើម្បីកាត់បន្ថយការពឹងផ្អែកលើរ៉ែចិន ក្រោយជួបវិបត្តិក្នុងឆ្នាំ២០១០។ ប៉ុន្តែទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក៏ដោយ ជប៉ុនអាចកាត់បន្ថយការពឹងផ្អែកលើចិន បានត្រឹមតែពី៩០% មកនៅត្រឹម៦០% ប៉ុណ្ណោះ។
លោក គ្រីស ប៊ើរី (Chris Berry) អ្នកវិភាគរ៉ែកម្រឯករាជ្យបានផ្ដល់ទស្សនៈថា អាម៉េរិក មិនអាចដោះស្រាយវិបត្តិនេះបានក្នុងអាណត្តិរបស់លោក ត្រាំ ឡើយ។ នេះមិនមែនជារឿង ដែលអាចដោះស្រាយក្នុងរយៈពេល៤ ឬ៥ឆ្នាំនោះទេ។ វាត្រូវចំណាយពេលយ៉ាងហោចណាស់មួយទសវត្សរ៍ ដើម្បីបង្កើតប្រព័ន្ធផ្គត់ផ្គង់ថ្មីមួយដែលមានស្ថិរភាព៕
អត្ថបទៈ សួន ឡង់ទី