
ក្រុមអ្នកជំនាញក្នុងឧស្សាហកម្មបានលើកឡើងថា សង្គ្រាមពាណិជ្ជកម្មរវាងអាម៉េរិក និង ចិនដែលកាន់តែឡើងកម្ដៅបានធ្វើឱ្យក្រុមហ៊ុនចិន ជាច្រើន ផ្លាស់ប្តូរផែនការរបស់ខ្លួនសម្រាប់ការពង្រីកទីផ្សារទៅក្រៅប្រទេស ហើយពេលនេះការហក់ចូលទៅកាន់ទីផ្សារអាម៉េរិក លែងជាអាទិភាពកំពូលរបស់ពួកគេទៀតហើយ ក្នុងការសម្រេចចិត្តសាងសង់រោងចក្រនៅក្រៅប្រទេស។
លោក Jack Lee ភ្នាក់ងារអចលនទ្រព្យនៅសហរដ្ឋអាម៉េរិក ដែលធ្វើការភាគច្រើនជាមួយអតិថិជនចិន បាននិយាយថា ពេលនេះក្រុមហ៊ុនចិន ដែលកំពុងស្វែងរកទិញ ឬជួលដីនៅក្នុងប្រទេសម៉ិកស៊ិក ដែលធ្លាប់ជាជម្រើសវិនិយោគកំពូលរបស់ពួកគេមានចំនួនកាន់តែតិចជាងមុន។
ប្រទេសម៉ិកស៊ិក បានក្លាយជាគោលដៅវិនិយោគដ៏ពេញនិយមក្នុងអាណត្តិកាន់អំណាចដំបូងរបស់លោក ដូណាល់ ត្រាំ ដោយសារតែវានៅកៀកនឹងអាម៉េរិក និងដោយសារប្រទេសនេះជាផ្នែកមួយនៃកិច្ចព្រមព្រៀងសហរដ្ឋអាម៉េរិក-ម៉ិកស៊ិក-កាណាដា ដែលអនុញ្ញាតឱ្យប្រទេសម៉ិកស៊ិកនាំចូលទំនិញទៅកាន់អាម៉េរិក ដោយរួចពន្ធប្រសិនបើផលិតផលភាគច្រើនទាំងនោះផលិតនៅក្នុងទ្វីបអាម៉េរិកខាងជើង។
ប៉ុន្តែក្នុងអាណត្តិទី២នេះ លោកត្រាំ បានដំឡើងពន្ធគយបដិការខ្ពស់កប់ពពក បានធ្វើឱ្យបណ្ដាក្រុមហ៊ុនចិន មានការព្រួយបាម្ភដោយមិនប្រាកដថា តើទំនិញដែលពួកគេផលិតនៅក្នុងប្រទេសម៉ិកស៊ិកនឹងនៅតែទទួលបានអត្ថប្រយោជន៍រួចពន្ធដដែលឬយ៉ាងណា។
លោក Jack Lee បានគូសបញ្ជាក់ថា នៅប៉ុន្មានខែចុងក្រោយនេះមិនទាន់មានក្រុមហ៊ុនចិនណាមួយសម្រេចចិត្តបោះទុនវិនិយោគក្នុងទំហំធំនៅក្នុងប្រទេសម៉ិកស៊ិកនៅឡើយទេ ហើយក៏មិនទាន់មានផែនការពង្រីកអាជីវកម្មនោះដែរ។ លោកបានបន្ថែមថា ក្រុមហ៊ុនចិន មួយចំនួនចង់សាងសង់រោងចក្រនៅលើទឹកដីសហរដ្ឋអាម៉េរិក ប៉ុន្តែក្រុមហ៊ុនចិនជាច្រើនបានប្រឈមនឹងបញ្ហាដោយសារតែការប្រឆាំងនឹងចិនយ៉ាងខ្លាំងក្លា ជាពិសេសនៅក្នុងបណ្ដារដ្ឋដែលដឹកនាំដោយគណបក្សសាធារណរដ្ឋ។
ជាលទ្ធផល បណ្ដាក្រុមហ៊ុនចិនពេលនេះកំពុងសម្លឹងមើលទៅប្រទេសប្រេស៊ីល ស៊ែប៊ី ហុងគ្រី និងអារ៉ាប៊ីសាអូឌីត ដើម្បីផលិតនៅទីនោះសម្រាប់ការនាំចេញទៅកាន់ទីផ្សារក្បែរៗនោះរួមមាននៅអាម៉េរិកឡាទីន អឺរ៉ុប និង មជ្ឈិមបូព៌ា៕
ដោយ: តែម សុខុម