តួយ៉ាង ថ្មីៗនេះទៀតសោធ លោកឌីមីទ្រី មេដវេដេវ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Dmitry Medvedev បានព្រមានកាលពីថ្ងៃទី៣០ ខែមិថុនាថា «ជោគជ័យនៃការវាយបករបស់អ៊ុយក្រែននឹងញ៉ាំងឱ្យុរុស្ស៊ី«ប្រើនុយក្លេអ៊ែរ»តបតវិញ។ បើទោះជាអ្នកអង្កេតការណ៍លោកខាងលិចថា ជាការនិយាយបំភិតបំភ័យ និងមិនអាចខ្លាចជាការពិត គេក៏មិនត្រូវឥតខ្វល់ខ្វាយអើពើទាំងអស់នោះដែរ។ បើតាមលោក Loren Thompson អ្នកយុទ្ធសាស្ត្រនិងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថានសន្តិសុខជាតិ Lexington ដែលមានមូលដ្ឋាននៅរដ្ឋ Virginia សហរដ្ឋអាមេរិក បានផ្តល់នូវសេណារីយ៉ូគួរឱ្យកត់សម្គាល់ចំនួនប្រាំ ដែលរុស្ស៊ីអាចនឹងប្រើប្រាស់«នុយក្លេអ៊ែរ»ប្រឆាំងនឹងអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយកាសែត Forbes។
១. នៅពេលដែលកងកម្លាំងប្រយុទ្ធថ្មើរជើងរបស់រុស្ស៊ីទន់ខ្លួនមែនទែននៅលើសមរភូមិ
កាលណាសង្គ្រាមនៅតែបន្តអូសបន្លាយតទៅទៀត កងទ័ពរុស្ស៊ីអាចនឹងខ្វះខាតក្នុងការទប់ទល់នឹងការវាយបកដោយកងកម្លាំងអ៊ុយក្រែន ចំពេលដែលមានខ្វះខាតគ្រឿងសព្វាវុធទៀតនោះ ទីក្រុងម៉ូស្គូអាចនឹងប្រើប្រាស់នុយក្លេអែរកម្រិតតូច ដើម្បីបំបាក់ចោលកងទ័ពអ៊ុយក្រែនតែម្តង។ រុស្ស៊ីមានមីស៊ីលគ្រប់ប្រភេទនៅក្បែរព្រំដែនជាមួយអ៊ុយក្រែន ដូចជាមីស៊ីល Iskander ជដើមដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន។ លោកពូទីន អាចគិតថា ការធ្វើបែបនេះអាចនឹងធ្វើឱ្យអ្នកយុទ្ធសាស្ត្រលោកខាងលិចមិនអាចធ្វើអ្វីបានទាំងអស់ និងត្រូវគិតលើកវិញពីយុទ្ធសាស្ត្រនៃសង្គ្រាម។
២. ពេលដែលអ៊ុយក្រែនគំរាមកំហែងដល់ផលប្រយោជន៍ស្នូលរបស់រុស្ស៊ី
ទីក្រុងកៀវកំពុងបង្កើនការវាយប្រហាររបស់ខ្លួនជាបណ្តើរៗទៅលើគោលដៅនានានៅក្នុងប្រទេសរុស្ស៊ី។ ប្រសិនបើប្រតិបត្តិការទាំងនេះចាប់ផ្តើមមានផលប៉ះពាល់ខ្លាំងលើ ហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាល ឬសេដ្ឋកិច្ចរុស្សី នោះអាចធ្វើឱ្យមានការឆ្លើយតបនុយក្លេអ៊ែរ ស្របតាមគោលលទ្ធិនុយក្លេអ៊ែររបស់រុស្ស៊ីដែលមានចែង។ ជាឧទាហរណ៍ ការលុកលុយឧបទ្វីបគ្រីមៀពីសំណាក់អ៊ុយក្រែន អាចចាត់ទុកថាជាការគំរាមកំហែងដល់ផលប្រយោជន៍ស្នូលរបស់រុស្ស៊ី ទោះបីជាវាត្រូវបានកាត់បញ្ចូលដោយទីក្រុងមូស្គូកាលពីប្រាំបួនឆ្នាំមុនក៏ដោយ។
៣. ទីក្រុងមូស្គូអាចនឹងវាយតម្លៃពីសញ្ញាយោធាខុស
ក្នុងន័យនេះ គេអាចសន្និដ្ឋានបានថា ការបង្ហាញមិនច្បាស់លាស់នៃសកម្មភាពយោធា ដោយប្រព័ន្ធស៊ើបការណ៍សម្ងាត់អាចនាំឱ្យមានការឆ្លើយតបយ៉ាងឆាប់រហ័ស។ វានឹងមិនមែនជាលើកទីមួយទេដែលក្រុងម៉ូស្គូបកស្រាយការស៊ើបការណ៍ខុស។ លោក Anthony Barrett អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន RAND រាយការណ៍ថា នៅឆ្នាំ ១៩៨៣ សមយុទ្ធយោធារបស់ណាតូមួយហៅថា (Able Archer) ត្រូវបានមេដឹកនាំរុស្ស៊ីតាមរយៈប្រព័ន្ធចារកម្មរបស់ខ្លួន បានយល់ខុសថា ជាការបិទបាំងសម្រាប់ការវាយប្រហារនុយក្លេអ៊ែរ។ ដូច្នេះហើយ ជាមួយនឹងសង្គ្រាមនៅជាប់នៅរបងផ្ទះខ្លួនជាមួយអ៊យក្រែន លទ្ធភាពនៃការបកស្រាយខុសរឹតតែគួរឱ្យយកចិត្តទុកដាក់។
៤. នៅពេលដែលការគ្រប់គ្រងកណ្តាលនៃកងកម្លាំងនុយក្លេអ៊ែរត្រូវបានបែកខ្ញែក
វាជាការសន្មត់ជាយូរមកហើយដោយអ្នករៀបចំផែនការយោធាលោកខាងលិចថា ទីក្រុងម៉ូស្គូបានរក្សាយ៉ាងតឹងរ៉ឹងលើកងកម្លាំងនុយក្លេអ៊ែររបស់គេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គុណភាពនៃបច្ចេកវិទ្យា និងការបណ្តុះបណ្តាលបុគ្គលិកនៅក្នុងប្រព័ន្ធបញ្ជា និងគ្រប់គ្រងនុយក្លេអ៊ែរ អាចនឹងធ្លាក់ចុះយ៉ាងខ្លាំង ពិសេសនៅពេលស្ថិតនៅក្នុងស្ថានការមិនច្បាស់លាស់ដូចបច្ចុប្បន្ននេះ។
៥. នៅពេលដែលពូទីនត្រូវបានទម្លាក់ដោយអ្នកជាតិនិយមជ្រុល
គេដឹងហើយថា សង្រ្គាមអ៊ុយក្រែនបានផ្តល់គាំទ្រដល់អ្នកជាតិនិយមជ្រុលនៅក្នុងវប្បធម៌នយោបាយរុស្ស៊ី ដែលជារឿយៗអំពាវនាវឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បីទទួលបានជ័យជំនះឆាប់លើអ៊ុយក្រែន។ ជាឧបទាហរណ៍ស្រាប់ ការបះបោររបស់មេទាហានស៊ីឈ្នូលវ៉ែកនើលោក ព្រីហ្គូហ្ស៊ីន ដែលជាអ្នកជាតិនិយមម្នាក់ បើទោះបីជាការបះបោរប្រឆាំងនឹងរដ្ឋអំណាចម៉ូស្គូបានបរាជ័យក៏ដោយ តែគេអាចប្រាកដបានទេថា បើសិនជាមាននរណាម្នាក់ផ្សេងទៀតដែលហ៊ានទម្លាក់លោក ពូទីន និងដែលមានគំនិតជាតិនិយមជ្រុលបែបនេះ នុយក្លេអ៊ែរនឹងត្រូវប្រើលើអ៊ុយក្រែនជាក់ជាមិនខាតឡើយ។ ហើយប្រសិនបើទីក្រុងមូស្គូពិតជាប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន សេតវិមាននឹងត្រូវការសំណួរថា«តើជំហានបន្ទាប់ជាអ្វី»?