
របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោក ដែលចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជានឹងមានកំណើនក្នុងអត្រា៤% នៅឆ្នាំ២០២៥ និង៤,៥% នៅឆ្នាំ២០២៦ ដោយសារកត្តាគួបផ្សំរវាងបញ្ហាប្រឈមសកល និងក្នុងស្រុក រួមមានស្ថានភាពមិនប្រាកដប្រជាសកល ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម ភាពជាប់គាំងក្នុងវិស័យអចលនទ្រព្យ និងការរឹតបន្តឹងនៃវដ្តឥណទាន។
លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជាបានគូសបញ្ជាក់ថា ការធ្វើពិពិធកម្មសេដ្ឋកិច្ចមានសារៈសំខាន់សម្រាប់កម្ពុជាក្នុងការរក្សាកំណើនឱ្យមានចីរភាព និងការបង្កើតការងារ ចំពេលមានភាពមិនប្រាកដប្រជា ជាពិសេសត្រូវពង្រីកមូលដ្ឋានសេដ្ឋកិច្ចឱ្យហួសពីការពឹងផ្អែកលើវិស័យសំណង់ និងការនាំចេញសម្លៀកបំពាក់ និងជំរុញការផលិត និងសេវាកម្មមានតម្លៃបន្ថែមខ្ពស់ថែមទៀត។ លោកស្រីបានបន្ថែមថា កំណែទម្រង់ប្រាក់ចំណូលអាចជួយគាំទ្រដល់ការធ្វើឱ្យបរិយាកាសអាជីវកម្មមានភាពកាន់តែប្រសើរឡើង ហើយបង្កើតលំហសារពើពន្ធមួយសម្រាប់ការវិនិយោគសំខាន់ៗទៅលើមូលធនមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ។
បើតាមធនាគារពិភពលោកការនាំចេញរបស់កម្ពុជា ជាពិសេសសម្លៀកបំពាក់ ទំនិញធ្វើដំណើរ ស្បែកជើង និងកង់បានកើនឡើង១១,៦% នៅក្នុងត្រីមាសទី១ឆ្នាំ២០២៥ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែកសេវាកម្មទេសចរណ៍បានកើនឡើង១៦,១% សម្រាប់ការមកដល់របស់ភ្ញៀវអន្តរជាតិ ទោះបីជាចំនួននេះនៅតែទាបជាងកម្រិតក្នុងឆ្នាំ២០១៩ ក៏ដោយ។
ទន្ទឹមនឹងនេះ ការប្រើប្រាស់ឯកជនបានងើបឡើងវិញ ដោយមានការកើនឡើងនៃការនាំចូលទំនិញប្រើប្រាស់ ដូចជាគ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ រថយន្ត និងម៉ូតូ។ យ៉ាងណាមិញ ការកើនឡើងនៃប្រាក់បញ្ជូនពីបរទេស និងចំណូលពីទេសចរណ៍ បានជួយទូទាត់ប៉ះប៉ូវដល់ឱនភាពពាណិជ្ជកម្មដែលកំពុងកើនឡើង ដោយទុនបម្រុងបានកើនដល់២៤,៧ពាន់លានដុល្លារអាមេរិក។ ជាមួយគ្នានេះ កំណើនសាច់ប្រាក់កំពុងចរាចរណ៍បានកើនឡើង១៩% ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារលក្ខខណ្ឌរូបិយវត្ថុមានអំណោយផល។ ធនាគារពិភពលោកបានឱ្យដឹងថា អតិផរណាបានកើនឡើងបន្តិចដល់៣,៧% ភាគច្រើនដោយសារតម្លៃអាហារ ស្របពេលគុណភាពទ្រព្យសកម្មក្នុងវិស័យហិរញ្ញវត្ថុបានធ្លាក់ចុះ ហើយកម្ចីមិនដំណើរការកើនកាន់តែខ្ពស់ជាងមុន។
ជាមួយគ្នានេះ ធនាគារពិភពលោកជំរុញឱ្យកម្ពុជាពិនិត្យមើលថា តើកំណែទម្រង់ពន្ធដារអាចធ្វើបានដូចម្តេចខ្លះក្នុងការជំរុញឱ្យបរិយាកាសធុរកិច្ច កាន់តែមានអំណោយផលដល់កំណើនសេដ្ឋកិច្ច ហើយស្របគ្នានោះ បង្កើតឱ្យមានលំហសារពើពន្ធសម្រាប់ការវិនិយោគសំខាន់ៗទៅលើមូលធនមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ ដែលជាគន្លឹះសម្រាប់ឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជាក្នុងការក្លាយជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាព ឯកសារ