ការប្រព្រឹត្តិឧក្រិដ្ឋសង្គ្រាម

លោកចូបៃឌិនជំរុញឲ្យកាត់ទោសលោកពូទីន ពីបទប្រព្រឹត្តិឧក្រិដ្ឋសង្គ្រាម ខណៈបស្ចឹមលោកបន្ថែមទណ្ឌកម្មលើម៉ូស្គូ


សំណុំរឿងសម្លាប់ជនស៊ីវិលនៅក្រុងប៊ូឆា ប្រទេសអ៊ុយក្រែន នៅតែជាប្រធានបទក្តៅក្នុងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។ ជុំវិញការរកឃើញជនស៊ីវិលស្លាប់រាប់រយនាក់នៅក្រុងប៊ូឆា ក្រោយរុស្ស៊ីបានដកទ័ពចេញ, នៅថ្ងៃអង្គារទី០៥មេសា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានប្រកាសពីគម្រោងបន្ថែមទណ្ឌកម្មលើរដ្ឋាភិបាលក្រុងម៉ូស្គូ ខណៈប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានជំរុញឲ្យគេយកប្រធានាធិបតីរុស្ស៊ី លោកពូទីនយកទៅកាត់ទោសក្នុងបទល្មើសឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ប្រធានាធិបតីអាមេរិកលោក Joe Biden

យ៉ាងណាមិញ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក​ហ្សេ​លេ​ន​ស្គី បាន​ព្រមាន​ថា គេ​អាច​នឹង​រក​ឃើញ​អ្នក​ស្លាប់​ច្រើន​ជាង​នេះ​ទៀត នៅ​តាម​តំបន់​ផ្សេង​ៗ​ពេល​ដែល​រុ​ស្ស៊ី​បង្វែរ​ទ័ព​ចេញ​ទៅ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ័​រ​។ 

រូបភាព​ដែល​ថត​បាន​ពីលើ​អាកាស បង្ហាញ​ពី​សាកសព និង​រណ្តៅ​តម្រៀបជួរ​គ្នា​យ៉ាងច្រើន​ក្រោយ​ការ​ប្រទះ​ឃើញ​ក្នុង​ក្រុង​ប៊ូ​ឆា នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​។ ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ប្រធានាធិបតី​អា​មេ​រិ​ក លោក ចូ បៃ​ឌិន បាន​អំពាវនាវ​ឲ្យ​មានការ​កាត់ទោស​ប្រធានាធិបតី​រុ​ស្ស៊ី​លោកពូ​ទី​ន ក្នុង​បទល្មើស​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រឆាំង​នឹង​មនុស្សជាតិ ហើយ​សហរដ្ឋអាមេរិក​នឹង​ស្នើ​ឲ្យ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ផ្អាក​បេក្ខភាព​រុ​ស្ស៊ី ពី​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ផង​ដែរ​។ 

យ៉ាងណា​ក៏​ដោយ ប្រទេស​រុ​ស្ស៊ី​បាន​បដិសេធ​រាល់​ការ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​ជន​ស៊ី​វិល​នៅ​ក្រុង​ប៊ូ​ឆា ហើយ​បាន​និយាយ​ថា ខ្លួន​នឹង​បង្ហាញ​ភស្តុ​តាង​ជាក់ស្តែង ឲ្យ​អន្តរជាតិ​បានដឹង​ពិតប្រាកដ ក្នុង​កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ក្នុង​ស​ប្តា​ហ៍​នេះ​។ ភាគី​រុ​ស្ស៊ី​បាន​ចោទប្រកាន់​អ៊ុយ​ក្រែ​ន​ថា បាន​យក​ករណី​ស្លាប់​ជន​ស៊ី​វិល​នេះ មក​លាប​ពណ៌​លើ​ទីក្រុង​ម៉ូ​ស្គូ បំភ្លៃ​ព័ត៌មាន​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​លោក​ខាងលិច​។ 

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​ហ្សេ​លេ​ន​ស្គី បាន​ថ្លែង​នៅ​ក្នុង​ខ្សែ​វី​ដេ​អូ​មួយ​នៅ​ព្រឹក​ថ្ងៃ​អង្គា​រថា លោក​ក៏​នឹង​យក​រឿងរ៉ាវ កាប់សម្លាប់​ជន​ស៊ី​វិល​ក្នុង​ក្រុង​ប៊ូ​ឆា​នេះ ទៅ​កាន់​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែរ ដើម្បី​ជំរុញ​ឲ្យ​បើក​ការ​ស៊ើបអង្កេត​ផ្លូវការ​មួយ​លើ​អំពើ​ហិង្សា​ដ៏​ឃោរឃៅ​នេះ​។ 

លោក​ហ្សេ​លេ​ន​ស្គី​បន្ថែម​ថា ឥលូវ​នេះ​គេ​កំពុង​រក​ឃើញ​សាកសព​ជន​ស៊ី​វិល​បន្ថែម​ទៀត​ហើយ នៅ​ក្រុង​ផ្សេង​ទៀត​ក្បែរ​រដ្ឋធានី​កៀវ​។ លោក​ជឿ​ថា ចំនួន​ជន​ស៊ី​វិល​ដែល​ស្លាប់​នឹង​កើនឡើង​ថែម​ទៀត​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​។ 

រដ្ឋាភិបាល​ទីក្រុង​កៀវ​កំពុងធ្វើការ​យ៉ាង​សស្រាក់សស្រាំ​លើ​សំណុំរឿង​នេះ​។ ជាក់ស្តែង រដ្ឋមន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែ​ន លោក ឌី​មេត្រូ គូ​បេឡា​(Dmytro Kuleba) បាន​និយាយ​ថា លោក​បាន​ពិភាក្សា​ជាមួយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres អំពី​រឿង​នេះ​រួច​ហើយ ដោយ​បាន​សង្កត់ធ្ងន់​ថា អ៊ុយ​ក្រែ​ន​នឹង​ប្រើប្រាស់​យន្តការ​របស់​អង្គការសហប្រជាជាតិ ទាំងអស់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ប្រមូល​ភស្តុ​តាង​ដាក់បន្ទុក​លើ រុ​ស្ស៊ី​ថា ជា​ឧក្រិដ្ឋជន​សង្គ្រាម​។ 

ងាក​មក​មើល​ការ​បន្ថែម​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​ក្រុង​ម៉ូ​ស្គូ

ដូច​បានដឹង​ស្រាប់​ហើយ អធិការបតី​អា​ល្លឺ​ម៉​ង់​លោក Olaf Scholz បាន​ចេញ​មុខ​មុនគេ​តែ​ម្តង កាលពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ ដោយ​អះអាង​ថា មិនយូរ​នោះ​ទេ ពោល​គឺ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ លោក Putin និង​អ្នកគាំទ្រ​របស់​គាត់​នឹង ស្គាល់​រសជាតិ​លំបាកលំបិន​ពី​ទណ្ឌកម្ម​របស់​លោក​ខាងលិច​ហើយ​។ 

ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​អា​មេ​រិ​ក គឺ​លោក ចេក ស៊ូ​ឡី​វ៉ា​ន​(Jake Sullivan) បាន​និយាយ​ថា ទណ្ឌកម្ម​ថ្មី​របស់​សហរដ្ឋអាមេរិក​ប្រឆាំង​នឹង​ទីក្រុង​មូ​ស្គូ​នឹង​ត្រូវ​ប្រកាស​នៅ​ស​ប្តា​ហ៍​នេះ​។ ក្រសួងការបរទេស​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ខ្លួន​កំពុង​គាំទ្រ​ក្រុម​រដ្ឋ​អាជ្ញា និង​អ្នកជំនាញ​អន្តរជាតិ ដើម្បី​ប្រមូល និង​វិភាគ​ភស្តុ​តាង​នៃ​អំពើ​ឃោរឃៅ​របស់​កងទ័ព​រុ​ស្ស៊ី​។ 

អ្វី​ដែល​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់តែ​ក្តៅ​គគុក​ថែម​ទៀត​នោះ​គឺ បារាំង និង​អា​ល្លឺ​ម៉​ង់​បាន​ព្រមាន​នឹង​បណ្តេញ​មន្ត្រី​ទូត​របស់​រុ​ស្ស៊ី​ចេញពី​ប្រទេស​របស់​ពួក​គេ​ថែម​ទៀត​ផង​។ មិន​ទុក​យូរ​នោះ​ទេ​លោក ឌី​មេ​ទ្រី មិត​មេ​ដេ​វ​(Dmitry Medvedev) អតីត​ប្រធានាធិបតី និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​រុ​ស្ស៊ី​បាន​ចេញ​មក​ប្រតិកម្ម​វិញ​ភ្លាម​ៗ​ថា ម៉ូ​ស្គូ​នឹង​ឆ្លើយ​តប​ដោយ​ការ​បិទ​ស្ថានទូត​របស់​លោក​ខាងលិច​តែ​ម្តង​។  

ដោយឡែក រដ្ឋមន្ត្រី​ការពារ​ជាតិ​អា​ល្លឺ​ម៉​ង់​បាន​និយាយ​ថា សហភាព​អឺរ៉ុប​ត្រូវ​តែ​ពិភាក្សា​គ្នា​ឲ្យ​ដាច់​ណាត់ អំពី​ការ​បញ្ឈប់​ការ​នាំ​ចូល​ឧស្ម័ន​ពី​ប្រទេស​រុ​ស្ស៊ី ដើម្បី​ទុកជា​ទណ្ឌកម្ម​បន្ថែម​ទៀត បើ​ទោះបីជា​អ្នកជំនាញ​ផ្សេង​ទៀត​បាន​ជំរុញ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ជុំវិញ​វិធានការ​នេះ​ក្តី ព្រោះ​វា​អាច​ប៉ះពាល់​ដល់​វិបត្តិ​ថាមពល​របស់​អឺរ៉ុប​។

គួរ​ជម្រាប​ថា រុ​ស្ស៊ី​ជា​អ្នក​ផ្គត់ផ្គង់​ឧស្ម័ន​ប្រហែល​មួយ​ភាគ​បី​របស់​អឺរ៉ុប ហើយ​លោកពូ​ទី​ន​បាន​ព្យាយាម​ប្រើ​រឿង​នេះ ជា​ខែល​ដើម្បី​ទប់ទល់​នឹង​ទណ្ឌកម្ម​របស់​លោក​ខាងលិច​វិញ​។ ទីក្រុង​មូ​ស្គូ​នៅ​តែ​រក្សា​ការ​បង្ហូរ​ឧស្ម័ន​តាម​រយៈផ្លូវ​បំពង់​បង្ហូរ​សំខាន់​ៗ​ចូល​ទៅ​ក្នុង​ទ្វីបអឺរ៉ុប​ដដែល​ទេ​គិត​មក​ទល់​ពេល​នេះ​។

សូម​ជម្រាប​ថា គិត​មក​ទល់​នឹង​ពេល​នេះ​ប្រទេស​នៅ​អឺរ៉ុប មាន​តែ​លី​ទុ​យ​អា​នីមួយ​ប៉ុណ្ណោះ ដែល​បាន​ឈប់​នាំ​ចូល​ឧស្ម័ន​ពី​ប្រទេស​រុ​ស្ស៊ី​ទាំងស្រុង ក្រោយ​ប្រកាស​ថា​ខ្លួន​មាន​សមត្ថភាព​ផ្គត់ផ្គង់​ដោយ​ខ្លួនឯង​សម្រាប់​ប្រជាជន​ទាំង​ជិត​៣​លាន​នាក់​របស់​ខ្លួន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាគ្រោងតភ្ជាប់ជើងហោះហើរជាមួយឥណ្ឌា ដើម្បីស្តារ និងជំរុញកំណើនភ្ញៀវទេសចរ

ព័ត៌មាន
ថ្នាក់ដឹកនាំអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ថា កម្ពុជារួមជាមួយឥណ្ឌា កំពុងត្រួតពិនិត្យ និងសិក្សាពីលទ្ធភាពក្នុងការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រ…

ធនាគារពិភពលោករក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២នៅ៤,៥% ដដែលទោះបីស្ថានការណ៍ពិភពលោកកំពុងតានតឹង

ព័ត៌មាន
ធនាគារពិភពលោក នៅដើមខែមេសានេះ បានចេញរបាយការណ៍ថ្មីចុងក្រោយមួយរបស់ខ្លួន ដោយនៅតែបន្តរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅអត្រា ៤,៥% ដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ