ថ្លែងនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពបើកមហាសន្និបាតលើកទី៧ មិត្តកាយឬទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក ដែលរៀបចំធ្វើឡើងនាទឹកដីសៀមរាបអង្គរ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មដ៏ថ្លៃថ្លារបស់មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការលើកកម្ពស់ចលនាកាយឫទ្ធិនារីក្នុងតំបន់ ក៏ដូចជាការចូលរួមជាមួយសមាគមកាយឫទ្ធិនារីពិភពលោក ក្នុងការអប់រំ និងបណ្ដុះបណ្ដាលដល់កុមារី យុវតី និងស្រី្តវ័យក្មេង ឱ្យក្លាយជាអ្នកដឹកនាំដែលប្រកបដោយសមត្ថភាព និងទំនុកចិត្ត។ សម្ដេចធិបតីជឿជាក់ថា ពិភពលោកនឹងកាន់តែមានសុវត្ថិភាព និងស្រស់បំព្រង ប្រសិនបើមានស្ត្រីកាន់តែច្រើនបានក្លាយជាអ្នកដឹកនាំ។
សម្រាប់សម្ដេច ហ៊ុន ម៉ាណែត ការរារាំងមិនឱ្យស្ត្រីទទួលបាននូវឱកាសក្នុងការអភិវឌ្ឍខ្លួនឯង គឺជាការខាតបង់ដ៏គួរឱ្យសោកស្តាយនូវមូលធនមនុស្ស ដែលជាកម្លាំងចលករដ៏រឹងមាំសម្រាប់សង្គមជាតិ។ បើតាមប្រមុខរាជរដ្ឋាភិបាលកម្ពុជារូបនេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាព នៅក្នុងរបៀបវារៈគោលនយោបាយរបស់ខ្លួន តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយរាជរដ្ឋាភិបាលនឹងពង្រឹងភាពជាពលរដ្ឋនៅក្នុងសង្គម ដែលមានអរិយធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ«ស្ត្រីគឺជាស្នូល»។
ជាមួយគ្នានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មដ៏ថ្លៃថ្លារបស់មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការលើកកម្ពស់ចលនាកាយឫទ្ធិនារីក្នុងតំបន់ ក៏ដូចជាការចូលរួមជាមួយសមាគមកាយឫទ្ធិនារីពិភពលោកក្នុងការអប់រំ និងបណ្ដុះបណ្ដាលដល់កុមារី យុវតី និងស្រី្តវ័យក្មេងឱ្យក្លាយជាអ្នកដឹកនាំដែលប្រកបដោយសមត្ថភាព និងទំនុកចិត្ត។ ជាការកត់សម្គាល់ គុណតម្លៃនៃចក្ខុវិស័យរបស់អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងការចង់ឃើញកុមារី យុវតី និងស្ត្រីវ័៏យក្មេងកម្ពុជារស់នៅក្នុងសីលធម៌ សេរីភាព សមភាព សេចក្ដីថ្លៃថ្នូរ និងមានមោទកភាពចំពោះវប្បធម៌ និងអត្តសញ្ញាណរបស់ខ្លួន ត្រូវគាំទ្រចំពោះមាគ៌ាដ៏ត្រឹមត្រូវរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ដែលសមស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សមភាពយេនឌ័រ តម្លៃស្ត្រី និងការអភិវឌ្ឍសមត្ថភាពយុវជន ដែលជាសសរទ្រូងរបស់ប្រទេសជាតិ។
សូមបញ្ជាក់ថា ការរៀបចំមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ មិនត្រឹមតែជាព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ប៉ុណ្ណោះទេ ក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងមានអត្ថន័យសម្រាប់សមាគមកាយឫទ្ធិនារីកម្ពុជា ដែលត្រូវបានផ្ដល់ទំនុកចិត្តឱ្យធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាត និងបង្ហាញជូនសមាជិកទាំងអស់នូវការរីកចម្រើនរបស់សមាគម នៅក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាព និងឯកភាពជាតិ នៅកម្ពុជា។ ការធ្វើជាម្ចាស់ផ្ទះនេះ ក៏ជាបទពិសោធន៍ដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការត្រៀមធ្វើជាម្ចាស់ផ្ទះមហាសន្និបាតពិភពលោកលើកទី៣៩ នៅឆ្នាំ២០២៦ របស់សមាគមកាយឫទ្ធិនារីពិភពលោក ផងដែរ៕