ផ្លូវក្រវាត់ក្រុងទី៣

ផ្លូវក្រវាត់ក្រុងទី៣ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ឈ្មោះមហាវិថី ស៊ី ជីនពីង ជាផ្លូវការ


ផ្លូវក្រវាត់ក្រុងទី៣បានសម្ពោធដាក់ឱ្យប្រើប្រាស់ឈ្មោះ«មហាវិថី ស៊ី ជីនពីង»ជាផ្លូវការនាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានគូសបញ្ជាក់ថា ការប្រសិទ្ធនាមឈ្មោះ«មហាវិថីស៊ីជីនពីង» គឺដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់និងដឹងគុណរបស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាចំពោះមិត្តចិនដែលបានផ្តល់ហិរញ្ញប្បទាននិងជំនួយផ្សេងៗដល់កម្ពុជានិងជាពិសេសកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវដែលបានដាក់ចេញដោយឯកឧត្តមស៊ីជីនពីងប្រធានាធិបតីចិន។
ផ្លូវក្រវាត់ក្រុងទី៣
ដោយ

នាពិធីសម្ភោធបង្គោលផ្លាកឈ្មោះ«មហាវិថី ស៊ី ជីនពីង»នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានគូសបញ្ជាក់ថា មហាវិថី ស៊ី ជីនពីង នេះ គឺជាផ្លូវាងក្រុងដ៏មានសារៈសំខាន់មួយ ដែលបានជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទឆ្ពោះទៅគោលដៅផ្សេងៗ ដោយពុំចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញ។ ផ្លូវនះមានភាពប្រទាក់គ្នាជាមួយបណ្តាខ្សែផ្លូវសំខាន់ៗដូចជាផ្លូវជាតិលេខ១ លេខ២ លេខ៣ លេខ៨ និងលេខ៥ រួមទាំងតភ្ជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុផងដែរ ហើយនៅពេលអនាគតមហាវិថីនេះ ក៏នឹងតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ដែលនឹងរួមចំណែកជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះចរាចរណ៍ក្នុងទីក្រុងផងដែរ។

បើតាមឯកឧត្តម ស៊ុន ចាន់ថុល ការជ្រើសរើសកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ដើម្បីប្រសិទ្ធនាមឈ្មោះជាមហាវិថី ស៊ី ជីនពឹង គឺដើម្បីបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ និងដឹងគុណរបស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាចំពោះមិត្តចិន ដែលបានផ្តល់ហិរញ្ញប្បទាន និងជំនួយផ្សេងៗដល់កម្ពុជា និងជាពិសេសកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដែលបានដាក់ចេញដោយឯកឧត្ត ស៊ី ជីនពីង ប្រធានាធិបតីចិន ដែលមិនត្រឹមតែបានជួយរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាទៀតផង។

ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា គិតតែនៅក្នុងក្របខ័ណ្ឌនៃការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា ចិនបានឈរជាប្រទេសលំដាប់ទី១ ដែលបាននិងកំពុងផ្តល់ឥណទានសម្បទាន និងជំនួយជាច្រើនដល់កម្ពុជាសរុបប្រមាណជាង៣ពាន់លានដុល្លារ និងសាងសង់ខ្សែផ្លូវប្រវែងសរុបជិត៤៣គីឡូម៉ែត្រ រួមទាំងស្ពានធំៗសរុបចំនួន១៦ស្ពាន ដែលមានប្រវែងសរុបជាង១៨ពាន់ម៉ែត្រ។ យ៉ាងណាមិញ នៅឆមាសទី១ឆ្នាំ២០២៤នេះ ចិនគឺជាប្រទេសដែលបានបណ្ដាក់ទុនវិនិយោគឈរនៅលំដាប់ទី២ ដែលស្មើនឹងជាង៤២% នៃទំហំវិនិយោគសរុបរបស់កម្ពុជា។

ជាមួយគ្នានេះឯកឧត្តមស៊ុន ចាន់ថុល ក៏បានស្នើដល់ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បន្តជួយជំរុញលើកទឹកចិត្តក្រុមហ៊ុនវិនិយោគចិនឱ្យចូលរួមបណ្តាក់ទុនលើគម្រោងវិនិយោគធំៗនៅកម្ពុជាបន្ថែមផងដែរ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍរីកចម្រើនឈានទៅសម្រេចបាននូវក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

សូមជម្រាបថា មហាវិថី ស៊ី ជីនពីង មានប្រវែងជាង៤៧គីឡូម៉ែត្រ គឺជាកំណាត់ផ្លូវមេឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣៕

None



អត្ថបទបន្ទាប់


សហគ្រិនខ្មែរចាប់ដៃគូជាមួយផ្សារម៉ាក្រូកម្ពុជាដើម្បីផ្សព្វផ្សាយផលិតផលក្នុងស្រុក

សហគ្រិនខ្មែរមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីភាពជាដៃគូថ្មីជាមួយផ្សារម៉ាក្រូដើម្បីគាំទ្រផលិតផលក្នុងស្រុកតាមរយៈពិព័រណ៍ផលិតផលខ្មែរ។ដោយផ្…

កម្ពុជា ទទួលបានលំហូរទុនវិនិយោគជាង២ពាន់៥រយលានដុល្លារ ពីវិស័យកម្មន្តសាលនៅឆមាសទី១នេះ

កម្ពុជា ទទួលបានគម្រោងវិនិយោគថ្មីនៅក្នុងវិស័យកម្មន្តសាលចំនួន១៤១គម្រោង ជាមួយនឹងទំហំទុនវិនិយោគជាង២ពាន់៥រយលានដុល្លារ នៅឆមាសទី១ឆ្នាំនេះ មា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ