ក្រោមការត្រួតពិនិត្យ និងរិតបន្តឹងកាន់តែខ្លាំងឡើងពីសំណាក់ទីក្រុងប៉េកាំង និងទីក្រុងម៉ានីល ពលករចិន និងជនបរទេសរាប់ពាន់នាក់ ដែលកំពុងធ្វើការនៅតាមបណ្តាកាស៊ីណូអនឡាញ ក្នុងប្រទេសហ្វីលីពីន អាចប្រឈមមុខនឹងការបញ្ឈប់ទិដ្ឋាការការងារនៅក្នុងរង្វង់ពាក់កណ្តាលខែតុលា ខណៈដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ សម្លឹងរកការលុបបំបាត់ឧស្សាហកម្មនេះនៅត្រឹមចុងឆ្នាំនេះ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ មុខសញ្ញាដំបូងគេដែលអាចប្រឈមមុខនឹងចំណាត់ការនេះ គឺជនបរទេសដែលធ្វើការឱ្យក្រុមហ៊ុន Philippine Offshore Gaming Operator។ បើតាមសេចក្តីរាយការណ៍ បុគ្គលិកបរទេសទាំងអស់ ត្រូវបានគេប្រាប់ឱ្យលុបចោលទិដ្ឋាការការងាររបស់ពួកគេដោយស្ម័គ្រចិត្តត្រឹមខែតុលា បើមិនដូច្នេះទេ ក្រុងម៉ានីលនឹងដាក់ចំណាត់ការតាមផ្លូវច្បាប់។
មកទល់ពេលនេះ គ្រាន់តែបុគ្គលិកជាជនជាតិចិន ដែលកំពុងធ្វើការឲ្យក្រុមហ៊ុន Philippine Offshore Gaming Operator មានប្រមាណ៣០ម៉ឺននាក់ ពោលគឺជិតពាក់កណ្តាល ហើយក្រៅពីនោះមានហ្វីលីពីន និងជនបរទេសមកពីប្រទេសផ្សេងៗទៀត។ អ្នកជំនាញព្រួយបារម្ភថា ពួកគេទាំងនេះអាចនឹងបង្វែរគោលដៅចេញពីហ្វីលីពីន ទៅស្វែងរកការងារធ្វើនៅតាមបណ្តាប្រទេសផ្សេងៗនៅក្នុងតំបន់អាស៊ីអគ្នេយ៍។
លោក ជេន ជីវូ (Chen Zhiwu ) សាស្ត្រាចារ្យផ្នែកហិរញ្ញវត្ថុនៅសាកលវិទ្យាល័យហុងកុង បាននិយាយថា ជនជាតិចិន ដែលបាត់បង់ទិដ្ឋាការហ្វីលីពីន ទំនងជាស្វែងរកការងារនៅក្នុងកាស៊ីណូ សេវាកម្មអចលនទ្រព្យ ឬអាជីវកម្មផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយសារពួកគេមានបទពិសោធន៍ស្រាប់។
ស្ថានទូតចិន នៅទីក្រុងម៉ានីល បាននិយាយនៅលើគេហទំព័ររបស់ខ្លួនកាលពីខែកក្កដាថា រដ្ឋាភិបាលចិន កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ប្រឆាំងនឹងពលរដ្ឋចិន ដែលធ្វើដំណើរទៅលេងល្បែងនៅក្រៅប្រទេស រួមទាំងការលេងល្បែងស៊ីសងនៅឯនាយសមុទ្រ និងល្បែងអនឡាញផ្សេងទៀត។ ស្ថានទូតចិន អះអាងថា ឧស្សាហកម្មល្បែងនៅជាយសមុទ្រហ្វីលីពីន បង្កើតឧក្រិដ្ឋកម្មដ៏សាហាវ និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ប្រជាជនទាំងពីរ៕
ដោយៈ សរ សុជាតិ