អគ្គស្នងការដ្ឋាននគរបាលជាតិថៃ បានរកឃើញថា បច្ចុប្បន្នមានវេទិកាល្បែងស៊ីសងអនឡាញនៅក្នុងប្រទេសថៃ បានប្តូរយុទ្ធសាស្ត្រផ្សព្វផ្សាយពីបែបបើកចំហមកជាការលបលួចលាក់បង្កប់ខ្លួនវិញ។ ពួកគេបានប្រើប្រាស់ក្រុមអ្នកមានឥទ្ធិពលលើបណ្តាញសង្គម ផ្សព្វផ្សាយតៗគ្នាពីម្នាក់ទៅម្នាក់ និងការផលិតវីដេអូខ្លីៗ ដើម្បីទាក់ទាញក្រុមយុវជន ដែលកំពុងជួបប្រទះបញ្ហាជីវភាព ដោយប្រើពាក្យស្លោកបញ្ចុះបញ្ចូលថា អាចរកប្រាក់ចំណូលបានយ៉ាងរហ័ស និងក្លាយជាអ្នកមានក្នុងរយៈពេលខ្លី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation របស់ថៃ កាលពីថ្ងៃទី១ ខែមិថុនា។
អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺបណ្តាញល្បែងស៊ីសងខុសច្បាប់ទាំងនេះ ថែមទាំងបានធ្វើបច្ចុប្បន្នភាពប្រព័ន្ធទូទាត់សាច់ប្រាក់របស់ខ្លួនឱ្យកាន់តែមានភាពស្មុគស្មាញ ពោលគឺប្រែប្រួលពីការប្រើប្រាស់គណនីធនាគារនាមត្រកូលក្លែងក្លាយបែបបុរាណ ងាកមកប្រើប្រាស់គណនីនីតិបុគ្គល គណនីកណ្តាលឆ្លងដែន និងរូបិយបណ្ណគ្រីបតូ ដើម្បីធ្វើចរាចរណ៍ និងផ្ទេរប្រាក់ចំណូលល្បែងទាំងនោះ ដើម្បីគេចវេសពីការតាមដានរបស់សមត្ថកិច្ច។
លោកឧត្តមសេនីយ៍ទោ ត្រៃរ៉ុង ភីវផាន (Trairong Phiwphan) អគ្គអធិការរង និងជាអនុប្រធានមជ្ឈមណ្ឌលបង្ក្រាបបទល្មើសបច្ចេកវិទ្យាថៃ បានថ្លែងឱ្យដឹងថា កងកម្លាំងនគរបាលជាតិ កំពុងតែចាត់វិធានការក្តៅជាបន្តបន្ទាប់ ដើម្បីបង្ក្រាបរាល់បុគ្គលទាំងឡាយណាដែលពាក់ព័ន្ធនឹងបណ្តាញល្បែងស៊ីសងនេះ។ ប្រតិបត្តិការដ៏តឹងរ៉ឹងទាំងនោះ រួមមានទាំងការតាមចាប់ខ្លួនក្រុម Influencers ល្បីៗរបស់ថៃ ដែលបានទទួលលុយដើម្បីផ្សព្វផ្សាយ ឬលើកទឹកចិត្តឱ្យមានការលេងល្បែងស៊ីសងអនឡាញគ្រប់ទម្រង់។
គិតចាប់ពីខែតុលា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ប៉ូលិសថៃ និងស្ថាប័នពាក់ព័ន្ធបានសម្រេចបិទខ្ទប់តំណភ្ជាប់ ដែលខុសច្បាប់បានសរុបជាង៧១ម៉ឺនតំណភ្ជាប់នៅលើគេហទំព័រ និងបណ្តាញសង្គមធំៗរួមមាន Facebook, Line និង TikTok ជាដើម៕
អត្ថបទៈ សួន ឡង់ទី