ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ទទួលស្គាល់ថា ការហូរចូលទំនិញថោកៗពីបរទេស ជាពិសេសពីប្រទេសចិន មកកាន់ទីផ្សារកម្ពុជា ពិតជាមានការរីកដុះដាលខ្លាំងពិតមែននាពេលបច្ចុប្បន្ននេះ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ការនាំចូលទំនិញថោកៗនេះ បានផ្តល់ទាំងផលវិជ្ជមាន និងអវិជ្ជមានដល់កម្ពុជា ពោលគឺនៅពេលមានទំនិញច្រើននៅលើទីផ្សារ ប្រជាពលរដ្ឋមានភាពសម្បូរបែបក្នុងការជ្រើសរើស រួមជាមួយគុណភាពនិងតម្លៃសមរម្យជាដើម ប៉ុន្តែទន្ទឹមនឹងនោះវាក៏បានធ្វើឱ្យប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្មរបស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងស្រុកផងដែរ។ តែទោះជាយ៉ាងណាក៏ដោយឯកឧត្តម ហេង សុខគង់ អះអាងថា រាជរដ្ឋាភិបាល ក៏មិនចេះតែអនុញ្ញាត្តឱ្យមានការនាំចូលដោយសេរីនោះដែរ ពោលគឺមានការត្រួតពិនិត្យយ៉ាងហ្មត់ចត់ទាំងលើគុណភាព និងស្តង់ដាផលិតដែលនាំចូលទាំងនោះ។
លោក លី សូដេត អ្នកសេដ្ឋកិច្ចជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំនៅកម្ពុជា បានវាយតម្លៃថា កម្ពុជាមិនអាចបិទការនាំចូលទំនិញពីបរទេសនោះទេ ដោយសារកម្ពុជា អនុវត្តគោលនយោបាយទីផ្សារសេរី មិនតែប៉ុណ្ណោះការបិទការនាំចូលនេះទៀតសោត វាក៏អាចធ្វើឱ្យមានជម្លោះពាណិជ្ជកម្មរវាងប្រទេសមួយនិងប្រទេសមួយផងដែរ។ ប៉ុន្តែដើម្បីទប់ស្កាត់កុំឱ្យការហូរចូលទំនិញទាំងនោះប៉ះពាល់ដល់ការផលិតរបស់សហគ្រាសនៅក្នុងស្រុក អ្នកជំនាញរូបនេះយល់ថា SME កម្ពុជាត្រូវពង្រឹងសមត្ថភាពផលិតរបស់ខ្លួនឱ្យបានខ្ពស់ និងមានភាពប្រកួតប្រជែងជាងមុនទាំងគុណភាព និងតម្លៃផងដែរ។
សូមជម្រាបថា នៅក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០២៤នេះ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់ជាង៣១ពាន់លានដុល្លារ មានការកើនឡើងប្រមាណ១៥%។ ក្នុងនោះការនាំចេញរបស់កម្ពុជា ទៅទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់ជាង១៤ពាន់លានដុល្លារ មានការកើនឡើង១៤% ខណៈការនាំចូលមកកម្ពុជាវិញ មានទំហំទឹកប្រាក់ជាង១៦ពាន់លានដុល្លារ កើនឡើងជិត១៦%៕