បុគ្គលល្បីៗ

ស៊ុន ចាន់ថុល ជា​ធនធាន​មនុស្ស​កម្រ​មួយ​របស់​កម្ពុជា


លោក ស៊ុន ចាន់ថុល បច្ចុប្បន្ន​ជា​ទេសរដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា។ លោក ស៊ុន ចាន់ថុល ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​មន្ត្រី​មួយ​​រូប​ក្នុង​ចំណោម​មន្ត្រី​រដ្ឋាភិបាល​ជាច្រើន​រូប​​ដែល​មាន​ប្រជាប្រិយភាព និង​មាន​ស្នាដៃ​ការងារ​ល្អ ដែល​មជ្ឈដ្ឋាន​ជា​ច្រើន​កោត​សរសើរ។ តើ​លោក​អ្នក​ដឹង​អ្វី​ខ្លះ អំពី​លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល?
ឯកឧត្តម ស៊ុន ចាន់ថុល ទេស​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន។ រូបភាព៖ ហេង ភារម្យ
ដោយ

ផ្អែក​តាម​ការស្រាវជ្រាវ​ផ្ទាល់​ខ្លួន​ខ្លះៗ ខេមបូណូមីស សូមបង្ហាញ​ជូន​លោក​អ្នក​នាង​ប្រិយមិត្ត​អ្នក​អានដើម្បី​បាន​ស្គាល់​សាវតារ ការសិក្សា និង​បទពិសោធន៍​ការងារ​របស់​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។

មាន​កំណើត​កើត​ជា​នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល លោក ស៊ុន ចាន់ថុល ជា​បញ្ញវន្ត​ខ្មែរ​មួយ​រូប​ក្នុង​ចំណោម​បញ្ញវន្ត​ខ្មែរ​ជាច្រើន​រូប​ដែល​បាន​ទទួល​ការ​អប់រំ​ខ្ពង់ខ្ពស់​នៅ​ក្រៅ​ប្រទេស ពិសេស ប្រទេស​មហាអំណាច​​លេខ​១​នៃ​ពិភព​លោក សហរដ្ឋ​អាមេរិក។ 

ជា​បញ្ញវន្ត​​ទទួល​ការអប់រំ​នៅ​ប្រទេស​មហាអំណាច​លេខ​១នៃ​ពិភព​លោក​

ឯកឧត្តម ស៊ុន ចាន់ថុល បញ្ចប់​ការសិក្សាថ្នាក់​អនុបណ្ឌិត​ផ្នែក​រដ្ឋបាល​សាធារណៈ​ពី​សាកលវិទ្យាល័យ Harvard។ (រូបភាព៖ Chensiyuan/Wikipedia)

បើ​និយាយ​ពី​ការសិក្សា លោកទេសរដ្ឋមន្ត្រី​បញ្ចប់​ការសិក្សា​និង​ទទួល​បាន​សញ្ញាបត្រ​ជាច្រើនពី​សាកល​វិទ្យាល័យ​ល្បីៗ នៅ​សហរដ្ឋអាមេរិក តួយ៉ាង បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​ផ្នែក​គ្រប់គ្រង​ធុរកិច្ច ពី​សាកល​វិទ្យាល័យ American University សញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​ជាន់ខ្ពស់​ពី​សាលា Wharton School នៃ​សាកលវិទ្យាល័យ Pennsylvania និង​សញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក​រដ្ឋបាល​សាធារណៈ ពី​សាកលវិទ្យាល័យ​ Harvard របស់​អាមេរិក ដែល​​ល្បីល្បាញ​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក។

នៅមុន​ពេល​ឈាន​ជើង​ប្រឡូក​ក្នុង​ឆាក​នយោបាយ​នៅ​ប្រទេស​កម្ពុជា លោក​ ស៊ុន ចាន់ថុល បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុនដ៏​ធំ​មួយ​នៅ​សហរដ្ឋ​អាមេរិក គឺក្រុមហ៊ុន General Electric រយៈពេល ១៦ឆ្នាំ ដោយ​កាន់​មុខងារ​​ដឹកនាំ​ជាន់​ខ្ពស់​ជា​ច្រើន​មុខងារ។ 

បទ​ពិសោធន៍​ការងារ​ចម្រុះ ទាំង​ក្នុង​ស្រុក និង​ទាំង​លើ​ឆាក​អន្តរជាតិ

ឈាន​ជើង​ចូល​នយោបាយ​លើក​ដំបូង លោក ស៊ុន ចាន់ថុល ជាអ្នក​នយោបាយ​នៃ​អតីត​គណបក្ស​រាជានិយម ហ្វ៊ុនស៊ិនប៉ិច និង​បាន​កាន់​តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ និង​មុខ​តំណែង​ជា​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ពី​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​១៩៩៧។ នេះ​បើ​យោងតាម​ឯកសារ​ប្រវត្តិ​របស់​លោក ដែល​ចុះ​ផ្សាយ​ដោយ​អង្គការ វេទិកា​សេដ្ឋកិច្ច​ពិភព​លោក (World Economic Forum)។ 

ឆ្នាំ​១៩៩៩ ដល់ឆ្នាំ​២០០៣ លោក​ជា​ប្រធាន​ក្រុមហ៊ុន​ SC Investment Co. និង​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​និង​ហិរញ្ញ​វ​ត្ថុ​របស់​ប្រធាន​រដ្ឋសភា។ ឆ្នាំ​១៩៩៩ លោក​ ស៊ុន ចាន់ថុល បានបង្កើត​ក្រុមហ៊ុន​មួយ​ឈ្មោះ SCI Co., ដែល​ជា​ក្រុមហ៊ុន​វិនិយោគ និង​ពាណិជ្ជកម្ម មាន​មូលដ្ឋាន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ឆ្នាំ​២០០៣ លោក​ជា​សមាជិក​រដ្ឋសភា និង​ពី​ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០០៨ ជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន។ 

ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៣ លោក​កាន់​តំណែង​ជា​ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា។ ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៦ លោក​កាន់​មុខ​តំណែង​ពីរ​ គឺ​ជា​ទេសរដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​​ផង និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជាផង។ ឆ្នាំ​២០១៦ មក​ទល់​បច្ចុប្បន្ន លោក​ជា​ទេសរដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។ មុខ​តំណែង​ផ្សេង​ទៀត​នៅ​ថ្នាក់​ពិភព​លោក គឺ​លោក​ទេសរដ្ឋមន្ត្រី​ធ្លាប់​ជា​សមាជិក និង​អតីត​ប្រធាន​ក្រុមប្រឹក្សាភិបាល សាលា Wharton ប្រចាំអាស៊ី ហើយ​ក៏​ធ្លាប់​ជា​អតីត​មេដឹកនាំ​​ពិភព​លោក​នៃ​អនាគត (Global Leader for Tomorrow) នៃ​អង្គការ វេទិកា​សេដ្ឋកិច្ច​ពិភព​លោក (World Economic Forum) នា​ឆ្នាំ​១៩៩៥​ផង​ដែរ។

រូបភាពបែកធ្លាយ​ឯកឧត្តម ស៊ុន ចាន់ថុល លេងហ្គីតា និង​ច្រៀង​យ៉ាង​សង្ហារ​ក្នុង​កម្មវិធី​មួយ។ (រូបភាព៖ Facebook)

ជារដ្ឋមន្ត្រី​«កំណែទម្រង់»ដែល​មហាជន​កោត​សរសើរ

បច្ចុប្បន្ន ក្នុង​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ លោក​ ស៊ុន ចាន់ថុល បាន​សម្រេច​នូវ​សមិទ្ធ​ផល​នានា​ជាច្រើន ដែលនាំ​ឲ្យ​មាន​ការកោត​សរសើរ​ពី​មហាជន តួយ៉ាង ការធ្វើ​ស្វ័យប្រវត្តិកម្ម​ប្រព័ន្ធ​​ចេញ​ស្លាក​លេខ​យានយន្ត​ ការពង្រឹង​និង​ពិនិត្យ​គុណភាព​នៃ​ការ​សាងសង់​ផ្លូវ​ថ្នល់ ដោយ​មាន​ពេល​មួយ​នោះ លោក​បាន​លប​ចុះ​ត្រួត​ពិនិត្យ​ការងារ​សាងសង់​ផ្លូវ និង​ស្ថានភាព​ផ្លូវ​ដោយ​បន្លំ​ជា​ប្រជាជន​សាមញ្ញ​ធ្វើ​ដំណើរ​តាមរថយន្ត​ក្រុង។ 

ថ្មីៗ លោក​ក៏​បាន​ធ្វើ​ឲ្យ​កម្ពុជា​មាន​ឈ្មោះ​បោះសំឡេង​មួយ​កម្រិត​ទៀត​លើ​ឆាក​អន្តរជាតិ ដោយ​បាន​នាំយក​ព្រឹត្តិការណ៍​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ស្ដីពី​អាស៊ាន មក​រៀបចំ​ធ្វើ​នៅ​រាជ​ធានី​ភ្នំពេញ និង​ទទួល​បាន​​ជោគជ័យ​គួរ​ជាទីមោទនៈ។ កាល​នៅ​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បាន​រៀបចំ​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​ពី​កម្ពុជា​ជាច្រើន​ ទាំង​ក្នុង​ប្រទេស និង​ទាំង​នៅ​លើ​ឆាក​អន្តរជាតិ ហើយ​លោក​តែង​តែ​ប្រកាន់​ខ្ជាប់​នូវកិច្ចការ​មួយ ដែល​លោក​ហៅថា ផ្សាយ​ម៉ាក​យីហោ​កម្ពុជា (Branding Cambodia) ទៅ​កាន់​ពិភព​លោក។ 

ក្រៅ​ពី​ជា​អ្នកនយោបាយ ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល លោក ស៊ុន ចាន់ថុល ក៏ត្រូវ​គេមើលឃើញថា ជា​មនុស្ស​ស្រលាញ់​ចូលចិត្ត​តន្ត្រី​និងចម្រៀង ហើយ​លោក​ក៏​ជា​មនុស្ស​ដែល​ស្ថិត​នៅ​ពី​ក្រោយ​ការ​ជំរុញ​ឲ្យ​​មាន​ការការពារ​កម្មសិទ្ធិ​បញ្ញា​ដល់​បទ​ចម្រៀង​មួយ​ចំនួន​របស់​អតីត​អ្នក​ចម្រៀង​អធិរាជ​សំឡេង​មាស ស៊ិន ស៊ីសាមុត របស់​កម្ពុជាផង​ដែរ។ ហើយ​ក្រៅ​ពី​ការងារ​ដ៏​មមាញឹក ជា​រឿយៗ ក៏​មាន​ការ​បែក​ធ្លាយ​ពី​សកម្មភាព​កម្សាន្ត​សប្បាយ​លក្ខណៈ​ឯកជនរបស់​លោក​ទេសរដ្ឋមន្ត្រី​ដែរ គឺ​លោក​ចេះ​លេង​ហ្គីតា និង​ចេះ​ច្រៀង​យ៉ាង​ចំណាប់​ផង​ដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នៅ​វៀតណាម មន្ត្រី​ពុករលួយ​អាច​រួច​ពី​ទោសស្លាប់​បាន ប៉ុន្តែ ...

ព័ត៌មាន
នៅ​វៀតណាម មន្ត្រី​ដែល​គេ​រក​ឃើញថា​ ប្រើ​អំណាច​ខុស​ដើម្បី​កិបកេងទ្រព្យ​សម្បត្តិ​រដ្ឋ​ក្នុង​ទឹកប្រាក់ ២ម៉ឺន ២ពាន់​ដុល្លារ ឬ​ទទួលសំណូក​ពី ១…

អគារ​"ប៊ូឌីញ"ជា​គំរូ​នៃ​ការ​អភិវឌ្ឍ​ដែល​គ្មាន​"ទឹក​ភ្នែករាស្ត្រ"?

ព័ត៌មាន
អគារ​ ប៊ូឌីញ ឬ​ហៅ «អគារ ស» ជា​សំណង់​​មួយ​ដែល​បន្សល់​ទុក​តាំងពី​សម័យ​ទសវត្សរ៍​ឆ្នាំ​៦០ និង​ជា​ជម្រក​របស់​គ្រួសារ​សិល្បករ​ខ្មែរ​ជា​ច្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ