លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានគូសបញ្ជាក់ថា កំណើនថ្លៃសំបុត្រយន្តហោះជាសកល ក៏ដូចជានៅកម្ពុជា កំពុងរំខានដល់ផែនការចំណាយរបស់អ្នកទេសចរ ដែលអាចធ្វើឱ្យកម្ពុជា បាត់បង់ភ្ញៀវមួយចំនួន។ ដើម្បីដោះស្រាយបញ្ហានេះ លោកជំទាវ យល់ឃើញថា កម្ពុជា គួរងាកមកពង្រឹងទេសចរណ៍ផ្ទៃក្នុងឱ្យកាន់តែសកម្ម ដើម្បីរក្សាចលនាសេដ្ឋកិច្ចតាមមូលដ្ឋាន។ ទន្ទឹមនឹងនេះ អាជីវករក្នុងវិស័យទេសចរណ៍ ចាំបាច់ត្រូវពង្រឹងគុណភាពសេវាកម្ម និងផលិតផលឱ្យកាន់តែទាក់ទាញ ដើម្បីបង្កើនឧត្តមភាពប្រកួតប្រជែងក្នុងស្ថានភាពដ៏លំបាកនេះ។
ជាមួយគ្នានេះ លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា កត់សម្គាល់ឃើញថា ការឡើងថ្លៃមធ្យោបាយធ្វើដំណើរបានកើតមានជាសកល ពោលមិនមែនកើតមានតែកម្ពុជានោះទេ។ នៅក្នុងបរិបទនេះអ្នកជំនាញរូបនេះយល់ថា វិស័យទេសចរណ៍របស់កម្ពុជានៅតែស្ថិតក្នុងជម្រើសល្អរបស់អ្នកទេសចរ ដោយសារមកដល់ពេលនេះ ផ្នែកសេវាកម្មបដិសណ្ឋារកិច្ច ដូចជាសណ្ឋាគារ និងអាហារដ្ឋានពុំទាន់មានការឡើងថ្លៃខ្លាំងនៅឡើយទេ។
បើតាមបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ចំនួន៣៦ ដែលកំពុងមានប្រតិបត្តិការហោះហើរចេញ-ចូលកម្ពុជា មានក្រុមហ៊ុនចំនួន១៨ហើយ ដែលបានសម្រេចកែសម្រួលថ្លៃសំបុត្ររបស់ខ្លួន។ ការដំឡើងថ្លៃនេះ គឺធ្វើឡើងទៅតាមដំណាក់ផ្លូវហោះហើរជាក់ស្តែង ពោលគឺអាស្រ័យលើចម្ងាយជិត ឬឆ្ងាយរបស់ក្រុមហ៊ុននីមួយៗ។ ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកទាំង៤បានដំឡើងថ្លៃសំបុត្រចន្លោះពី៥ដុល្លារទៅ៣២ដុល្លារ ឬជាមធ្យមប្រមាណ២១ដុល្លារ។ ដោយឡែកចំពោះក្រុមហ៊ុនអាកាសចរណ៍បរទេសវិញ ក៏បានដំឡើងថ្លៃជាមធ្យមប្រមាណ២៨ដុល្លារផងដែរ៕
អត្ថបទ៖ បូ ដូឡា