ប្រព័ន្ធផ្សព្វផ្សាយ

អ្នកជំនាញស្នើឱ្យរដ្ឋរឹតបន្តឹងលើការផ្សព្វផ្សាយគ្រឿងស្រវឹង និងភេសជ្ជៈផ្អែមបន្ថែមលើវិធានការឈប់ផ្តល់រង្វាន់


ទោះបីជារាជរដ្ឋាភិបាល បានដាក់ចេញវិធានការឱ្យបញ្ឈប់ការផ្តល់ ឬប្តូររង្វាន់លើផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករនៅត្រឹមចុងខែកញ្ញា ខាងមុខនេះជាកំហិតក៏ដោយ ប៉ុន្តែក្រុមអ្នកជំនាញយល់ថា វិធានការនេះនៅមិនទាន់គ្រប់គ្រាន់នោះទេ ក្នុងការជួយលើកកម្ពស់សុខភាពសាធារណៈ និងកាត់បន្ថយគ្រោះថ្នាក់ដែលកើតចេញពីការប្រើប្រាស់ផលិតផលទាំងនោះ។
ប្រព័ន្ធផ្សព្វផ្សាយ
ដោយ

ទន្ទឹមនឹងនេះ អ្នកជំនាញស្នើឱ្យរាជរដ្ឋាភិបាលគួររឹតបន្តឹងច្បាប់លើការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងភេសជ្ជៈប៉ូវកម្លាំងដែលមានជាតិស្ករខ្ពស់ និងដំឡើងពន្ធអាករពិសេសលើផលិតផលទាំងនេះ បើមិនដូច្នេះទេ អនាគតយុវជនកម្ពុជា ដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិនឹងធ្លាក់ចូលក្នុងវិបត្តិសុខភាពទ្រុឌទ្រោមដោយសារឥទ្ធិពល នៃការប្រើប្រាស់ផលិតផលទាំងអស់នេះជាក់ជាមិនខាន។

លោកបណ្ឌិត ធួន ស៊ីណាន អ្នកតាមដានស្ថានការណ៍សង្គម បានគូសបញ្ជាក់ថា ការបញ្ឈប់ការផ្តល់រង្វាន់លើផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈផ្អែម គ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ ប៉ុន្តែក្រុមហ៊ុនផលិតនៅតែអាចរកវិធីសាស្រ្តផ្សេងៗដើម្បីទាក់ទាញអ្នកប្រើប្រាស់ផលិតផលទាំងនោះ ពិសេសតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈអ្នកមានឥទ្ធិពលនៅលើបណ្តាញសង្គម។

សម្រាប់អ្នកជំនាញរូបនេះ រដ្ឋាភិបាលគួរតែដាក់ចេញវិធានការរឹតបន្តឹងបន្ថែមទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងភេសជ្ជៈផ្អែមនូវគ្រប់រូបភាពទាំងអស់ ពីព្រោះវាមិនត្រឹមតែមិនបានជួយបង្កើនសេដ្ឋកិច្ចមូលដ្ឋាននោះទេ តែផ្ទុយទៅវិញសកម្មភាពទាំងនេះបានចូលរួមបំផ្លាញសុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សង្គមយ៉ាងខ្លាំង។ ជាមួយគ្នានេះ លោកបណ្ឌិត ក៏បានស្នើឱ្យក្រសួងពាក់ព័ន្ធបង្កើនការត្រួតពិនិត្យទៅលើគុណភាពភេសជ្ជៈប៉ូវកម្លាំងនានាបន្ថែមទៀត ដ្បិតបញ្ហាសុវត្ថិភាពចំណីអាហារនៅកម្ពុជាបច្ចុប្បន្នកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំង។

ជាមួយគ្នានេះ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិយល់ឃើញថា ទោះបីជាស្ថិតក្នុងប្រព័ន្ធទីផ្សារសេរីក៏ដោយ ប៉ុន្តែទំនិញដែលប៉ះពាល់ដល់សុខភាពសាធារណៈដូចជាគ្រឿងស្រវឹង និងភេសជ្ជផ្អែមជាដើម គួរតែត្រូវបានរឹតត្បិតការផ្សព្វផ្សាយ និងកំណត់តម្លៃប្រកួតប្រជែង។

បើតាមអ្នកជំនាញរូបនេះ រដ្ឋាភិបាលគួរតែដាក់ចេញវិធានការបន្ថែមដូចជាកាត់ផ្តាច់ឥទ្ធិពលផ្សព្វផ្សាយគ្រឿងស្រវឹងពីបុគ្គលល្បីៗនៅលើបណ្តាញសង្គម ការកម្រិតទីផ្សារ និងពេលវេលាផ្សាយពាណិជ្ជកម្ម និងយន្តការដំឡើងពន្ធអាករពិសេសជាដើម។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា វិធានការរឹតបន្តឹងទាំងនេះមិនមែនជាការសម្លាប់សេដ្ឋកិច្ចនោះទេ ប៉ុន្តែជាការវិនិយោគលើសន្តិសុខសេដ្ឋកិច្ច និងសុខភាពសាធារណៈរយៈពេលវែង ដើម្បីធានាថា កម្ពុជាមានកម្លាំងពលកម្មដ៏រឹងមាំ ប្រកបដោយគុណភាព ដើម្បីអភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត បើមិនដូច្នេះទេ យុវជនជំនាន់ក្រោយដែលជាទំពាំងស្នងឬស្សី នឹងធ្លាក់ចូលក្នុងវិបត្តិខ្សោយបញ្ញាស្មារតី សុខភាពទ្រុឌទ្រោម ដោយសារការប្រើប្រាស់គ្រឿងស្រវឹង និងភេសជ្ជផ្អែមទាំងនោះ។

គួរជម្រាបថា ក្រោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីណែនាំឱ្យក្រុមហ៊ុនផលិតគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករបញ្ឈប់ការផ្តល់ និងប្តូររង្វាន់ដល់អតិថិជនត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំនេះជាកំហិត ពលរដ្ឋជាច្រើនបានសម្តែងការសាទរយ៉ាងខ្លាំងចំពោះការដាក់ចេញនូវវិធានការដ៏មានសារៈសំខាន់នេះ ដ្បិតវាជួយលើកកម្ពស់សុខភាពសាធារណៈ និងកាត់បន្ថយគ្រោះថ្នាក់ ដែលកើតចេញពីការប្រើប្រាស់គ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករលើសកម្រិត ជាពិសេសក្នុងស្រទាប់យុវវ័យតែម្តង៕




អត្ថបទបន្ទាប់


តើអ្វីនៅពីក្រោយការលុបចោលគោលនយោបាយកូន២ ហើយចាប់ផ្តើមផ្តល់ប្រាក់លើកទឹកចិត្តឱ្យពលរដ្ឋមានកូនបន្ថែមរបស់វៀតណាម?

ប្រទេសវៀតណាម​ ដែលមានប្រជាជនសរុបប្រមាណ១០០លាននាក់ កំពុងផ្លាស់ប្តូរគោលនយោបាយប្រជាសាស្ត្រដ៏ធំមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍មក​នេះ ដោ…

ក្រុមអ្នកវិទ្យាសាស្ត្រនៅ UN ព្រមានថា បច្ចេកវិទ្យា AI កំពុងរីកចម្រើនខ្លាំងហួសពីសមត្ថភាពគ្រប់គ្រងរបស់មនុស្ស

របាយការណ៍ថ្មីមួយរបស់ក្រុមការងារវិទ្យាសាស្ត្រគាំទ្រដោយអង្គការសហប្រជាជាតិ បានលាតត្រដាងថា ទោះបីជាបញ្ញាសិប្បនិម្មិត ឬ AI អាចនាំមកនូវផលប្រយោជន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ