យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Times ផ្អែកលើរបាយការណ៍បឋមដែលបានចេញផ្សាយកាលពីថ្ងៃទី១ ខែកក្កដា ក្រុមអ្នកវិទ្យាសាស្ត្រ បានគូសបញ្ជាក់ថា យន្តការ និងច្បាប់គ្រប់គ្រង AI នាពេលបច្ចុប្បន្ននៅមានលក្ខណៈខ្វះចន្លោះ ដាច់ដោយឡែកពីគ្នា និងមានឥទ្ធិពលកំណត់ត្រឹមតែនៅក្នុងរង្វង់ក្រុមហ៊ុនឯកជនធំៗប៉ុណ្ណោះ។ កត្តានេះបានធ្វើឱ្យពិភពលោកត្រូវការជាចាំបាច់នូវវេទិកាសកលតែមួយ ដើម្បីសម្របសម្រួលការពិភាក្សារវាងអ្នកបច្ចេកវិទ្យា បណ្តាប្រទេសនានា និងសហគមន៍វិទ្យាសាស្ត្រ។
របាយការណ៍ខាងលើត្រូវបានរៀបចំឡើងដោយក្រុមការងារវិទ្យាសាស្ត្រអន្តរជាតិឯករាជ្យ ស្តីពីបញ្ញាសិប្បនិម្មិតរបស់ UN ដោយមានការចូលរួមពីអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញកំពូលៗចំនួន៤០រូបមកពីជុំវិញពិភពលោក ក្នុងគោលបំណងផ្តល់ការវាយតម្លៃជាសកល ដើម្បីធ្វើជាមូលដ្ឋានភស្តុតាងឱ្យរដ្ឋាភិបាលនានាយកទៅប្រើប្រាស់ក្នុងការសម្រេចចិត្តលើគោលនយោបាយ AI។
ប្រភពដដែលបានព្រមានពីហានិភ័យដ៏គួរឱ្យខ្លាច គឺការលេចឡើងនៃប្រព័ន្ធ AI ស្វយ័ត ដែលជាប្រព័ន្ធអាចដំណើរការ និងសម្រេចចិត្តបានដោយខ្លួនឯង ក្រោមកម្រិតត្រួតពិនិត្យដ៏តិចតួចពីមនុស្ស។ ការណ៍នេះនឹងធ្វើឱ្យហានិភ័យ ដែលមនុស្សលែងអាចគ្រប់គ្រង AI បានកាន់តែរំកិលកៀកមកដល់។ លើសពីនេះការរីករាលដាលយ៉ាងគំហុករបស់វា បានបង្កផលប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងការយកទៅប្រើប្រាស់ក្នុងផ្លូវខុសដូចជាការផលិតព័ត៌មានក្លែងក្លាយ ការបោកប្រាស់ ក៏ដូចជាការបង្កើតរូបភាព ឬវីដេអូបំពានផ្លូវភេទលើកុមារជាដើម។
ទន្ទឹមគ្នានេះ AI ក៏កំពុងអង្រួនទីផ្សារការងារយ៉ាងខ្លាំង ទោះបីជាភស្តុតាងមិនទាន់បង្ហាញច្បាស់ថា វាជួយបង្កើនទិន្នផលអាជីវកម្ម ឬមកដណ្តើមឆ្នាំងបាយរបស់បុគ្គលិកជំនាញក៏ដោយ។ ទិន្នន័យកន្លងមកបង្ហាញថា នៅសហរដ្ឋអាម៉េរិក អត្រាការងារក្នុងក្រុមអ្នកប្រើកម្លាំងពលកម្មខួរក្បាលបានធ្លាក់ចុះប្រហែល១៥% ប៉ុន្តែនៅប្រទេសដាណឺម៉ាក វាកែប្រែស្ទើរតែគ្មានផលប៉ះពាល់ទាល់តែសោះលើចំនួនការងារ និងប្រាក់ខែ។ ជុំវិញបញ្ហាប្រឈមដ៏ធំនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) បានព្រមានថា ពិភពលោកមិនអាចគ្រប់គ្រងអ្វី ដែលខ្លួនមិនយល់បានឡើយ។ សក្តានុពលរបស់ AI គឺធំធេងណាស់ ប៉ុន្តែហានិភ័យក៏ធំសម្បើមដូចគ្នា ហើយការរង់ចាំដំណោះស្រាយ នឹងកាន់តែធ្វើឱ្យពិភពលោកខាតបង់កាន់តែខ្លាំង។
គួរជម្រាបថា របាយការណ៍ពេញលេញនឹងត្រូវចេញផ្សាយនៅឆ្នាំ២០២៧ ខាងមុខ ប៉ុន្តែវានឹងត្រូវយកទៅដាក់ជជែកដេញដោលជាមុននៅក្នុងកិច្ចសន្ទនាសកលលើកដំបូងបង្អស់ស្តីពីអភិបាលកិច្ច AI របស់ UN ដែលនឹងរៀបចំឡើងនៅទីក្រុងហ្សឺណែវ ក្នុងខែកក្កដា នេះហើយ៕
អត្ថបទៈ សួន ឡង់ទី