វិស័យការពារជាតិ

លោក ត្រាំ លាក់ខ្លួនក្នុងរថយន្តដឹកម្ហូប និងប្តូរយន្តហោះ​ទៅអង់គ្លេស ដើម្បីគេចពីផែនការធ្វើឃាតរបស់អ៊ីរ៉ង់


យោងតាមការទម្លាយព័ត៌មានរបស់សារព័ត៌មានល្បីៗរបស់អាម៉េរិក រួមមាន Washington Post និង New York Times បានឱ្យដឹងថា ប្រធានាធិបតី Donald Trump បានធ្វើតាមផែនការសន្តិសុខដ៏ស្មុគស្មាញ និងល្អិតល្អន់បំផុតមួយ ដើម្បីបិទបាំងប្រវត្តិជើងហោះហើរ និងទីតាំងពិតប្រាកដរបស់លោក ក្នុងអំឡុងពេលធ្វើដំណើរចេញពីប្រទេសទួកគី ទៅកាន់ចក្រភពអង់គ្លេស​។
វិស័យការពារជាតិ
ដោយ

កិច្ចប្រតិបត្តិការបន្លំខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ត្រូវបានធ្វើឡើងតាមរយៈការលាក់ខ្លួនក្នុងរថយន្តដឹកម្ហូបអាហារ និងការផ្លាស់ប្តូរទៅជិះយន្តហោះយោធាសម្ងាត់វិញ ដោយសារតែមានសេចក្តីរាយការណ៍ពីការគំរាមកំហែងប៉ងយកជីវិតលោកយ៉ាងប្រកៀកពីសំណាក់ប្រទេសអ៊ីរ៉ង់។
ប្រភពពីសារព័ត៌មាន Washington Post បានទម្លាយថា បេសកកម្មបន្លំខ្លួន និងប្តូរជើងហោះហើរដ៏សម្ងាត់បំផុតនេះ ត្រូវបានរក្សាជាការសម្ងាត់ឥតខ្ចោះ ដោយគ្មាននរណាម្នាក់ដឹងឡើយ សូម្បីតែក្រុមអ្នកសារព័ត៌មាន ដែលធ្វើដំណើរជាមួយ ឬមន្ត្រីជាន់ខ្ពស់សេតវិមានមួយចំនួន ដែលនៅលើជើងហោះហើរបន្លំភ្នែកនោះក៏ដោយ។ នាពេលនោះសេតវិមានបានប្រកាសជាសាធារណៈថា លោកប្រធានាធិបតី កំពុងធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេស តាមរយៈយន្តហោះប្រធានាធិបតី Air Force One ដូចធម្មតា។
ឆ្លើយតបទៅនឹងការចុះផ្សាយដ៏ក្ដៅគគុកនេះ សេតវិមានបានផ្ញើសេចក្តីថ្លែងការណ៍មកកាន់បណ្តាញព័ត៌មាន ABC News ដោយទទួលស្គាល់ថា ដូចដែលលោកប្រធានាធិបតី បានថ្លែងនាពេលថ្មីៗនេះ សត្រូវរបស់សហរដ្ឋអាម៉េរិកជាច្រើនកំពុងតម្រង់ទិសដៅវាយប្រហារលើរូបលោក ហើយប្រព័ន្ធសន្តិសុខអាម៉េរិក បានប្រើប្រាស់គ្រប់វិធីសាស្ត្រ យុទ្ធសាស្ត្រ និងឧបករណ៍សន្តិសុខទាំងអស់ដែលមាន ដើម្បីទប់ទល់ និងកម្ទេចការគំរាមកំហែងទាំងនោះ។
កាលពីថ្ងៃទី៨ ខែកក្កដា លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានគេឃើញដើរឡើងទៅលើយន្តហោះ Air Force One ចាស់ នៅឯប្រទេសទួកគី យ៉ាងច្បាស់ក្រឡែត។ ប៉ុន្តែយោងតាមការទម្លាយបន្ថែមពី New York Times ភ្លាមៗបន្ទាប់ពីចូលទៅផុតពីភ្នែកមហាជនលោក ត្រាំ ត្រូវបានកងអង្គរក្សនាំខ្លួនចេញតាមច្រកសម្ងាត់ទៅលាក់នៅក្នុងរថយន្តដឹកជញ្ជូនម្ហូបអាហារ ដែលជារថយន្តបម្រើសេវាដឹកអាហារចូលយន្តហោះ។
បន្ទាប់មករថយន្តដឹកអាហារនោះបានដឹកលោក ត្រាំ សំដៅទៅកាន់យន្តហោះយោធាពិសេសមួយគ្រឿងទៀត ម៉ូដែល C-32A ដើម្បីហោះហើរឆ្ពោះទៅកាន់ចក្រភពអង់គ្លេស ដោយបិទប្រព័ន្ធរ៉ាដាតាមដានផ្លូវអាកាសភាគច្រើន។ ទន្ទឹមនឹងនោះ មុនពេលចាកចេញលោក ត្រាំ ក៏បានបង្កើតឈុតឆាកបន្លំភ្នែកមួយទៀត ដោយប្រកាសជាសាធារណៈថា លោកនឹងមិនជិះយន្តហោះ Air Force One ថ្មី ដែលជាអំណោយពីប្រទេសកាតានោះទេ ប៉ុន្តែត្រូវបញ្ជូនវាទៅកាន់មូលដ្ឋានយោធានៅចក្រភពអង់គ្លេសជាមុន ដើម្បីឱ្យមន្ត្រីជំនាញពិនិត្យប្រព័ន្ធសុវត្ថិភាព។ ពេលទៅដល់អង់គ្លេស លោក ត្រាំ ត្រូវបានគេដឹកតាមរថយន្តការពារគ្រាប់សម្ងាត់ចេញពីយន្តហោះយោធា C-32A សំដៅទៅឡើងយន្តហោះ Air Force One ចាស់វិញតាមទ្វារក្រោយដ៏ស្ងាត់ជ្រងំ។ បន្ទាប់មក លោកបានដើរចេញមកតាមទ្វារមុខ និងចុះតាមកាំជណ្ដើរយន្តហោះ Air Force One ដូចធម្មតា ធ្វើឱ្យអ្នកសារព័ត៌មាន និងសាធារណជនយល់ថា លោកបានធ្វើដំណើរតាមយន្តហោះប្រធានាធិបតីតាំងពីដើមទីមកម្ល៉េះ។
ប្រភពដដែលបានបន្តថា រហូតដល់ពេលត្រូវធ្វើដំណើរត្រឡប់ទៅកាន់សហរដ្ឋអាម៉េរិកវិញ ទើបលោក ត្រាំ ផ្លាស់ប្តូរទៅប្រើយន្តហោះ Air Force One ថ្មី ដែលជាអំណោយរបស់ប្រទេសកាតាវិញ។ ព្រឹត្តិការណ៍នេះបានស្តែងឱ្យឃើញពីកម្រិតសន្តិសុខដ៏តឹងរ៉ឹងបំផុត និងការគំរាមកំហែងឥតឈប់ឈរលើជីវិតថ្នាក់ដឹកនាំកំពូលអាម៉េរិក ពីសំណាក់បណ្តាញស៊ើបការណ៍អ៊ីរ៉ង់នៅលើឆាកអន្តរជាតិ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


​អាស៊ានពួតដៃគ្នាបើកយុទ្ធនាការកាត់ឫសគល់ឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ពីការបង្រ្កាបតាមព្រំដែនរហូតដល់ការវះកាត់បណ្តាញលាងលុយកខ្វក់ឆ្លងដែន

រដ្ឋាភិបាលនៃបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ កំពុងបោះជំហានរួមគ្នាឈានទៅលុបបំបាត់អាណាចក្រឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ដែល​កំពុងរ…

ផ្ទុះបាតុកម្មដ៏ក្តៅគគុកនៅមុខវិមានរដ្ឋាភិបាលថៃ ដើម្បីប្រឆាំងនឹងការសន្យាខ្យល់របស់លោក អានុទីន ជុំវិញវិបត្តិដីធ្លី

ស្ថានការណ៍នយោបាយ និងសង្គមនៅប្រទេសថៃ មានភាពវឹកវរយ៉ាងខ្លាំង ដោយនៅថ្ងៃទី១១ ខែសីហា ក្រុមចលនាប្រជាជនដើម្បីសង្គមយុត្តិធម៌ ឬ P-Move បានប្រមូលផ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ