ក្រុមប្រឹក្សាវិនិយោគរបស់ប្រទេសថៃ កាលពីពេលថ្មីៗ បានអនុម័តគម្រោងវិនិយោគដ៏សំខាន់មួយរបស់ក្រុមហ៊ុន TikTok ដែលជាវេទិកាចែករំលែកវីដេអូខ្លីៗដ៏ពេញនិយម ដែលមានទឹកប្រាក់ជិត៤ពាន់លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលផ្ទុកទិន្នន័យនៅប្រទេសក្បែរខាងកម្ពុជា មួយនេះ។ តាមផែនការដែលបានគ្រោងទុក ក្រុមហ៊ុន TikTok នឹងបង្កើតម៉ាស៊ីនមេ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនៅក្នុងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ ដែលមានទីតាំងនៅទីក្រុងបាងកក ខេត្តសាមុតប្រាកាន និងឆាឆើងសាវ នេះ។
លោក ណារិត ថេដស្តេរ៉ាស៊ូកឌី ( Narit Therdsteerasukdi ) អគ្គលេខាធិការនៃក្រុមប្រឹក្សាវិនិយោគថៃ បានចាត់ទុកការបោះទុនវិនិយោគរបស់ក្រុមហ៊ុន TikTok នេះ គឺជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និង AI របស់ប្រទេសថៃ។
ចាប់តាំងពីឆ្នាំ២០២៣ មក ថៃបានទាក់ទាញគម្រោងវិនិយោគលើការបង្កើតមជ្ឈមណ្ឌលផ្ទុកទិន្នន័យ និងសេវាកម្មទូរគមនាគមន៍ពីក្រុមហ៊ុនទូទាំងពិភពលោក រួមទាំងក្រុមហ៊ុនមកពីសហរដ្ឋអាម៉េរិក ចិន ហុងកុង ជប៉ុន ឥណ្ឌា អូស្ត្រាលី ដែលមានទឹកប្រាក់សរុបជាង៧ពាន់លានដុល្លារ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ ស្របពេលការវិនិយោគលើវិស័យបច្ចេកវិទ្យាព័ត៌មានកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង អាជ្ញាធរថៃ កំពុងបើកការសើបអង្កេតលើ App របស់ក្រុមហ៊ុនផ្សេងៗចំនួន១១។ គណៈកម្មាធិការការពារទិន្នន័យផ្ទាល់ខ្លួនរបស់ថៃ បានបញ្ជូនបញ្ជីកម្មវិធី App ដែលគួរឱ្យសង្ស័យចំនួន១១ ដែលមាននៅក្នុង Google Play Store ទៅកាន់ស្ថាប័នជំនាញនៅក្នុងប្រទេសថៃ ដើម្បីពិនិត្យមើលថាតើពួកគេផ្តល់សេវា និងប្រតិបត្តិការស្របច្បាប់ឬអត់។
លោក វីតាង ភួងស៊ូប (Wetang Phuangsup) អគ្គលេខាធិការស្តីទី នៃគណៈកម្មាធិការការពារទិន្នន័យផ្ទាល់ខ្លួនរបស់ថៃ បាននិយាយថា ការស៊ើបអង្កេតនេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរថៃ រកឃើញថា កម្មវិធី App ចំនួនពីររបស់ Oppo និង Realme ត្រូវបានដំឡើងដោយគ្មានអាជ្ញាបណ្ណត្រឹមត្រូវ៕
ដោយៈ សរ សុជាតិ