ក្រុមហ៊ុន TikTok

ប្រភពមួយចំនួនអះអាងថា ក្រុមហ៊ុន TikTok ត្រៀមបិទដំណើរការនៅអាម៉េរិក នៅចុងសប្ដាហ៍នេះ


ប្រភពដែលដឹងអំពីបញ្ហានេះបាននិយាយថា ក្រុមហ៊ុន TikTok គ្រោងនឹងបិទកម្មវិធីអេបរបស់ខ្លួនមួយនេះនៅចុងសប្ដាហ៍នេះហើយ ចំពេលមានភាពស្រពេចស្រពិលចំពោះការបន្តពន្យារពេលនៃការបិទកម្មវិធីអេបនេះក្រោមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ដែលនឹងឡើងកាន់អំណាចជាផ្លូវការនៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ។
ក្រុមហ៊ុន TikTok
ដោយ

នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន

​ក្រុមហ៊ុន TikTok ដែលជាបុត្រសម្ពន្ធរបស់ក្រុមហ៊ុន ByteDance គ្រោងនឹងបិទប្រតិបត្តិការរបស់ខ្លួននៅលើទឹកដីអាម៉េរិក ដែលមានអ្នកប្រើប្រាស់ចំនួន១៧០លាននាក់ នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ តាមការកំណត់របស់រដ្ឋាភិបាលសហព័ន្ធ ដោយបានបិទបញ្ចប់ការទាមទារឱ្យបើកដំណើរការឡើងវិញនៅនាទីចុងក្រោយ។

ទោះយ៉ាងណា កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃពុធថា ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ដែលនឹងចាប់ផ្ដើមអាណត្តិរបស់លោកផ្លូវការនៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ កំពុងពិចារណាចេញបទបញ្ជាអនុវត្ត​មួយ ដើម្បីផ្អាកការអនុវត្តការបិទកម្មវិធី TikTok នេះរយៈពេលពី៦០ទៅ៩០ថ្ងៃទៀត ប៉ុន្តែកាសែតនេះមិនបានបញ្ជាក់ថា តើលោកអាចធ្វើបែបនេះបានដោយស្របច្បាប់ក្នុងកម្រិតណានោះទេ។

ក្រុមអន្តរកាលរបស់លោក ត្រាំ មិនបានធ្វើអត្ថាធិប្បាយភ្លាមៗជុំវិញបញ្ហានេះទេ ប៉ុន្តែលោកត្រាំ បាននិយាយថា លោកគួរតែមានពេលវេលាបន្ទាប់ពីស្បថចូលកាន់តំណែងហើយ ដើម្បីបន្តរកដំណោះស្រាយនយោបាយនៃបញ្ហានេះ។ ចំណែកលោក ម៉ៃ វ៉ល់ (Mike Waltz) ទីប្រឹក្សាសន្តិសុខជាតិ របស់លោក ត្រាំ បានប្រាប់ Fox News កាលពីថ្ងៃពុធថា កម្មវិធី TikTok នេះជាវេទិកាដ៏អស្ចារ្យមួយ ដូច្នេះពួកគេនឹងរកវិធីរក្សាកម្មវិធីនេះ ប៉ុន្តែទាមទារឱ្យការពារទិន្នន័យរបស់អ្នកប្រើប្រាស់។

មន្ត្រីសេតវិមានម្នាក់បានអះអាងថា ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន គ្មានបំណងធ្វើអន្តរាគមន៍រារាំងការហាមឃាត់នៅថ្ងៃចុងក្រោយនៃអាណត្តិរបស់លោកនោះទេ ប្រសិនបើតុលាការកំពូលមិនចាត់ការលើសំណុំរឿងនេះ ហើយបានបន្ថែមថា លោក បៃដិន ក៏មិនអាចធ្វើអន្តរាគមន៍តាមផ្លូវច្បាប់បានដែរចំពោះការមិនគោរពតាមផែនការដ៏គួរឱ្យទុកចិត្តពី ក្រុមហ៊ុន ByteDance ដើម្បីដកកម្មវិធី TikTok ។

ទោះបីជាយ៉ាងណា ក្រោយមកទូរទស្សន៍ NBC បានរាយការណ៍ថា រដ្ឋបាលលោក បៃដិន បានថ្លឹងថ្លែងជម្រើស ដើម្បីរក្សាកម្មវិធីនេះឱ្យបន្តរហូតដល់លើសថ្ងៃអាទិត្យដើម្បីទុកពេលឱ្យលោក ត្រាំ សម្រេចចិត្តឱ្យបានច្បាស់លាស់៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ធនាគារពិភពលោកព្រមានថា ការដំឡើងពន្ធគយរបស់សហរដ្ឋអាម៉េរិក អាចឈានទៅរកសង្គ្រាមពាណិជ្ជកម្ម និងធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ

ធនាគារពិភពលោកព្រមានថា ផែនការដំឡើងពន្ធគយរបស់សហរដ្ឋអាម៉េរិក រួមមានការដំឡើងពន្ធគយ១០% លើទំនិញនាំចូលពីជុំវិញពិភពលោក ការដំឡើងពន្ធគយ២៥% …

មហាសេដ្ឋីចិនម្នាក់ផ្តល់ថវិកាដល់ពលរដ្ឋនៅក្នុងភូមិកំណើនខ្លួនម្នាក់ៗ១ពាន់៤រយដុល្លារ

ថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយរបស់ចិន South China Morning Post បានចេញផ្សាយពីមហាសេដ្ឋីចិនវ័យក្មេងមួយរូប ដែលបានសន្យាថា នឹងផ្តល់ថវិកាចំនួន១,៤…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ