
ប្រទេសទីម័រខាងកើតនឹងបង្កើតប្រវត្តិសាស្ត្រថ្មីមួយ ខណៈខ្លួនកំពុងត្រៀមចូលរួមជាផ្លូវការក្នុងសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) នៅពេលក្រុមមេដឹកនាំតំបន់នេះជួបប្រជុំគ្នាសម្រាប់កិច្ចប្រជុំកំពូលរបស់ប្លុកនេះនៅរដ្ឋធានីកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅចុងសប្តាហ៍នេះ។ ប្រទេសក្មេងខ្ចីជាងគេក្នុងតំបន់ ដែលទទួលបានឯករាជ្យពីប្រទេសឥណ្ឌូនេស៊ី ក្នុងឆ្នាំ ២០០២ នេះ គ្រោងនឹងក្លាយជាសមាជិកទី១១របស់ប្លុកនេះ។
រដ្ឋាភិបាលក្រុងឌីលី កំពុងសម្លឹងឃើញប្រទេសសមាជិកអាស៊ានជាច្រកចូលទៅកាន់ពាណិជ្ជកម្ម ការវិនិយោគ និងឱកាសការងារកាន់តែច្រើនឡើងសម្រាប់ចំនួនយុវជន ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សរបស់ពួកគេ ក៏ដូចជាសញ្ញា នៃការត្រៀមខ្លួនក្នុងការរួមចំណែកដល់ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។
នាយករដ្ឋមន្ត្រីទីម័រខាងកើត លោក សាណាណា ហ្គូស្មាវ (Xanana Gusmao) បាននិយាយថា ការចូលរួមជាមួយអាស៊ាននឹងជួយឱ្យប្រទេសរបស់លោក ចូលទៅកាន់ទីផ្សារមួយដែលមានចំនួនប្រជាជនសរុបជាង៦០០លាននាក់ ហើយថា វានឹងភ្ជាប់ប្រទេសនេះកាន់តែស៊ីជម្រៅទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងធ្វើឱ្យទីម័រខាងកើតក្លាយជាកន្លែងទាក់ទាញក្នុងការវិនិយោគ។
ទោះជាយ៉ាងណា សមាជិកភាពអាស៊ាន ក៏នឹងនាំមកនូវការប្រកួតប្រជែងកាន់តែតឹងតែងផងដែរ។ គេរំពឹងថា អាជីវកម្មក្នុងស្រុកនឹងប្រឈមមុខនឹងសម្ពាធពីអាជីវកម្មក្នុងតំបន់ ដែលបានបង្កើតឡើងកាន់តែច្រើន។ ដើម្បីឆ្លើយតបនឹងការប្រកួតប្រជែងនេះ សភាពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ទីម័រខាងកើតកំពុងរៀបចំសមាជិករបស់ខ្លួនតាមរយៈកម្មវិធីបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព ដើម្បីជួយពួកគេឱ្យយល់ដឹងអំពីនីតិវិធី និងបទប្បញ្ញត្តិទីផ្សារអាស៊ាន៕
ដោយ៖ សុខ មង្គល