លោកជំទាវអះអាងថា ចំណុចជាបឋម គឺផលិតផលនោះត្រូវតែជាផលិតផលដែលមានគុណភាពល្អ ដែលជាចំណុចឈ្នះដំបូងក្នុងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។
បន្ទាប់ពីផលិតផលមានគុណភាព គឺត្រូវយកផលិតផលរបស់ខ្លួន ទៅដាក់តាំងពិព័រណ៍នៅក្រៅប្រទេស ដើម្បីបង្ហាញដល់អតិថិជន ឬស្វែងរកបណ្តាញពង្រីកអាជីវកម្មនៅក្រៅប្រទេស។
លោកជំទាវថ្លែងបន្តថា ក្នុងកម្មវិធីតាំងពិព័រណ៍ម្តងៗ មានមនុស្សច្រើនទៅទស្សនាដោយក្នុងនោះ មានទាំងអ្នករកស៊ីជាច្រើនទៅស្វែងយល់ ដើម្បីបង្កើតឱកាសរកស៊ីជាមួយគ្នា។
លោកជំទាវ កែវ មុំ ថ្លែងយ៉ាងដូច្នេះថា៖ «នៅពេលតាំងពិព័រណ៍ គេឃើញផលិតផលយើង គេភ្លក្ស ឬញ៉ាំផលិតផលយើងហើយឆ្ងាញ់ឬទាក់ទាញ គេនឹងចាប់អារម្មណ៍ គេអាចនឹងចរចាជាមួយយើង ហើយគេអាចនឹងសួរនាំបន្តទៀតថា ក្រុមហ៊ុនយើងមានបរិមាណគ្រប់គ្រាន់តាមតម្រូវការរបស់គេ ឬអត់? តើផលិតផលយើងមានស្តង់ដារឬទេ? ចំណុចនេះ យើងចាំបាច់ត្រូវមានស្តង់ដារ។ ដូច្នេះ យើងត្រូវត្រៀមឲ្យហើយស្រេច»។
ការចែករំលែកបទពិសោធន៍របស់លោកជំទាវឧកញ៉ា កែវ មុំ គឺធ្វើឡើងក្នុងកិច្ចពិភាក្សាមួយ ស្តីពី «ការស្វែងយល់ស្តីពីបញ្ហាប្រឈមធុរកិច្ចបរាជ័យ» ដែលរៀបចំដោយ JCI Cambodia នៅសាកល វិទ្យាល័យ ហ្សាម៉ាន់ កាលពីពេលថ្មីៗកន្លងទៅ។
លោកជំទាវបានថ្លែងបន្ថែមថា មុនធ្វើឲ្យបរទេសទទួលស្គាល់ផលិតផលណាមួយ ម្ចាស់សហគ្រាស ឬក្រុមហ៊ុន ត្រូវវាយលុកទីផ្សារក្នុងស្រុកជាមុនសិន ដើម្បីឲ្យពលរដ្ឋរបស់ខ្លួនទទួលស្គាល់៕