ស្ថិតិពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញឱ្យឃើញថា នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤នេះ ការនាំចេញផលិតផលសំបកកង់រថយន្ត ដែលជាផលិតផលថ្មីមួយរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានក្នុងទំហំទឹកប្រាក់ជាង៧៧២លានដុល្លារ មានការកើនឡើង១៣៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទំហំប្រមាណ៣២៨លានដុល្លារ។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា ទីផ្សារនាំចេញសំបកកង់រថយន្តរបស់កម្ពុជា ទៅកាន់អន្តរជាតិ ពិតជាមានការកើនឡើងគួរឱ្យកត់សម្គាល់ពិតប្រាកដមែន បើទោះបីផលិតផលនេះជាមុខទំនិញថ្មី និងទើបនាំចេញក៏ដោយ។ អ្នកជំនាញរូបនេះជឿជាក់ថា ការនាំចេញសំបកកង់រថយន្តរបស់កម្ពុជា នឹងមានការកើនឡើងបន្ថែមទៀតនៅឆ្នាំ២០២៥ខាងមុខ។ សម្រាប់លោកបណ្ឌិត ហុង វណ្ណៈ ឧស្សាហកម្មផលិតសំបកកង់រថយន្តបានក្លាយជាចលករដ៏សំខាន់មួយក្នុងការជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ និងវិស័យកៅស៊ូរបស់កម្ពុជា។ តែយ៉ាងណា អ្នកជំនាញរូបនេះយល់ឃើញថា ដោយសារឧស្សាហកម្មសំបកកង់រថយន្ត ជាឧស្សាហកម្មដែលមានសក្តានុពលរយៈពេលវែង ដូច្នេះទាមទារឱ្យកម្ពុជា ចាំបាច់ត្រូវពង្រឹងខ្លួនបន្ថែមទៀត ដើម្បីបង្កើតភាពប្រកួតប្រជែងជាមួយប្រទេសនៅក្នុងតំបន់។
គួរជម្រាបថា បើតាមការបញ្ជាក់របស់ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា នាពេលថ្មីៗ តាមរយៈវត្តមានរបស់រោងចក្រផលិតសំបកកង់រថយន្តចំនួន៣ ដែលបើកប្រតិបត្តិការដំណាក់កាលដំបូងរបស់ខ្លួននៅកម្ពុជា បានជួយស្រូបទាញផលិតផលជ័រកៅស៊ូក្នុងស្រុកបានប្រមាណជាង៣០% នៃទិន្នផលជ័រកៅស៊ូសរុបរបស់កម្ពុជា៕