កូវីដក្នុងសហគមន៍នៅវៀតណាម

ស្ថានទូតខ្មែរប្រកាសឲ្យប្រុងប្រយ័ត្នក្រោយផ្ទុះកូវីដ-១៩ ក្នុងសហគមន៍នៅវៀតណាម ជាង៨០ករណី


ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាមនៅថ្ងៃសុក្រទី ២៩មករា បានជូនដំណឹងដល់ពលរដ្ឋខ្មែរ សិស្សនិស្សិតដែលកំពុងសិក្សានិងស្នាក់នៅ ក្នុងប្រទេសវៀតណាម ត្រូវមានការប្រុងប្រយ័ត្ន និងអនុវត្តវិធានការការពារសុវត្ថិភាព ក្រោយរកឃើញនូវបណ្តុំ នៃការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ជាច្រើនករណី។
រូបថតដោយ៖ AP
ដោយ

ក្នុងសេចក្តីជូនដំណឹង​របស់​ស្ថានទូត​បានឲ្យ​ដឹងដែរថា សារព័ត៌មាន​ក្នុងស្រុក​របស់​វៀតណាម (Viet Nam News) បានចុះផ្សាយថា រដ្ឋាភិបាល​វៀតណាម​បានរកឃើញ​ករណី​វិជ្ជមាន​កូវីដ-១៩​សរុប ៨៤ករណី​គិតត្រឹម​ថ្ងៃទី​២៩​ខែកមរា ក្នុងខេត្តចំនួន​ពីរ​របស់​វៀតណាម​រួមមាន​ខេត្ត Hai Duong និងខេត្ត Quang Ninh។

ក្រោយរកឃើញ​ករណី​ឆ្លងទាំងនេះ វៀតណាម​បានបញ្ជាឲ្យ​បិទ​ភ្លាមៗ​នូវទីក្រុង Chi Linh នៃខេត្ត Hai Duong ដែល​រកឃើញ​មាន​ករណី​ឆ្លងច្រើន​ជាងគេ ព្រមទាំង​បិទ​អាកាសយានដ្ឋាន VanDon ក្នុងខេត្ត Quang Ninhរយៈពេល​២១ថ្ងៃផងដែរ។  

វិធានការនានា បន្ថែមទៀត​ត្រូវបាន​ដាក់ចេញ​ដូចគ្នាដែរ​រួមមាន ប្រជាជន​​ត្រូវ​បាន​ស្នើ​ឱ្យ​ស្នាក់នៅ​ក្នុងផ្ទះ ​ប៉ុន្តែ​អាច​ចេញពីផ្ទះ​សម្រាប់​តម្រូវការ​ចាំបាច់​ដូចជា​ទិញ​អាហារ ​ថ្នាំសង្កូវ​ ឬ​ករណី​សង្គ្រោះ​បន្ទាន់​ ព្រមទាំង​ទៅ​ធ្វើការងារ ​នៅ​តាម​ភ្នាក់ងារ​រោងចក្រ​សហគ្រាស​និង​សេវាកម្ម​ ដែល​ចាំបាច់​ និង​ដែល​មិន​ត្រូវ​បាន​បិទ​។ នៅ​តាម​ទី​សាធារណៈ​ការ​ជួបជុំ​មនុស្ស​លើស​ពី​ពីរ​នាក់ ​ត្រូវ​បាន​ហាមឃាត់​និង​ត្រូវ​រក្សា​ចម្ងាយ ២ ម៉ែត្រ​ពី​គ្នា​។ សាលារៀន​កន្លែង​កម្សាន្ត​ និង​អាជីវកម្ម​មិន​ចាំបាច់​ទាំង​អស់​ត្រូវ​បាន​បិទទ្វារ​។

លើសពីនេះ សេវា​ដឹកជញ្ជូន​សាធារណៈ​ចេញពី​ទីក្រុង Chi Linh ត្រូវ​បាន​ផ្អាក​លើកលែងតែ​ករណី​ផ្លូវការ​ឬ​តម្រូវការ​បន្ទាន់​។ ប្រជាជន​ត្រូវ​បាន​ស្នើ​ឱ្យ​ពាក់​ម៉ាស​ រក្សា​គម្លាត​ និង​ជៀសវាង​ការ​ជួបជុំ​គ្នា​។

ក្រៅពីខេត្ត​ទាំង​២ខាងលើ តំបន់​ជាច្រើន​ផ្សេងទៀត​នៅក្នុង​ប្រទេស​ដូចជា​ ទីក្រុង​ហូជីមិញ ​ដា​ណា​ង ​ខេត្តបាក់ហ្សាង និង ​Nghè An ក៏បាន​ស្នើ​មិន​ឱ្យ​មានការ​ជួបជុំ​មនុស្ស​ច្រើន​កាត់បន្ថយ​ពិធីបុណ្យ​នានា ​និង​អនុវត្ត​វិធានការ​សុវត្ថិភាព​។ 

សេចក្តីប្រកាសរបស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាម

បន្ថែមពីលើនេះ រដ្ឋាភិបាល​វៀតណាម​បានបញ្ជា​ឲ្យរៀបចំ​នូវមន្ទីរពេទ្យ​ចល័ត​៣ភ្លាមៗក្នុង​តំបន់ដែលមានការឆ្លង ដើម្បី​មើលថែ​អ្នក​ជំងឺ​កូវីដ-១៩ ដែលគេជឿថា​នឹងអាច​កើនឡើង​បន្ថែម​ទៀត​នៅ​ប៉ុន្មានថ្ងៃបន្ទាប់។ នេះបើតាម​ការចុះផ្សាយ​ដោយសារព័ត៌មាន​ក្នុងស្រុក​វៀតណាម​ដដែល។

មន្រ្តីជាន់ខ្ពស់​ក្នុងរដ្ឋាភិបាល​វៀតណាម បានព្រមានថា​ វៀតណាម អាចនឹងត្រូវ​ប្រឈម​មុខ​នឹង​ករណីឆ្លង​ក្នុង​សហគមន៍​ថ្មីនេះ រហូតដល់​ទៅ​ ៣ម៉ឺនករណី ប៉ុន្តែ​ក្រសួង​សុខាភិបាល​អះអាងថា នឹងគ្រប់គ្រង​ស្ថានភាពនេះ​ឲ្យបាន​ក្នុងរយៈពេល ១០ថ្ងៃ។

សូមបញ្ជាក់ថា គិតត្រឹម​ព្រឹក​ថ្ងៃសុក្រ​ទី ២៩ មករាឆ្នាំ២០២១ នេះវៀតណាម​មាន​អ្នកឆ្លង​កូវីដ-១៩​សរុប ១.៦៥១ នាក់ និង​បានឆក់យក​ជីវិត​មនុស្ស​អស់ ៣៥នាក់​រួចហើយ៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អេស៊ីលីដា ត្រៀមមូលនិធិកម្ចីជិត៦០០លានដុល្លារ សម្រាប់ផ្ដល់ជូន SME នៅឆ្នាំ២០២១

ព័ត៌មាន
នៅឆ្នាំ២០២១នេះ ធនាគារអេស៊ីលីដា ដែលជាធនាគារក្នុងស្រុកធំជាងគេមួយនៅកម្ពុជាបានត្រៀមមូលនិធិកម្ចីប្រមាណជិត៦០០លានដុល្លារ សម្រាប់ផ្ដល់ជូនសហគ្រា…

រាជរដ្ឋាភិបាលនឹងពិចារណាខ្ចីបំណុលក្នុងស្រុកជាជាងខ្ចីពីក្រៅប្រទេស

ព័ត៌មាន
នៅក្នុងពេលឆាប់ៗខាងមុខនេះ ពោលគឺនៅក្នុងអាណត្តិនេះផ្ទាល់តែម្តង រាជរដ្ឋាភិបាលនឹងសាកល្បងបោះមូលបត្របំណុលដើម្បីប្រមូលមូលនិធិពីទីផ្សារក្នុងស្រុក …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ