វិស័យទេសចរណ៍

តើកម្ពុជា ត្រូវរៀបចំខ្លួនបែបណាខ្លះ ដើម្បីទាក់ទាញភ្ញៀវទេសចរ ក្រោយកម្ទេចសម្បុកឧក្រិដ្ឋជនអនឡាញអស់ពីប្រទេស?


ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីពង្រឹងសន្តិសុខផ្ទៃក្នុង និងសណ្ដាប់ធ្នាប់ក្នុងតំបន់។
វិស័យទេសចរណ៍
ដោយ

ទន្ទឹមនឹងការបោសសម្អាតនេះ ក្រុមអ្នកជំនាញក្នុងវិស័យទេសចរណ៍ និងអ្នកតាមដានស្ថានការណ៍សង្គមយល់ឃើញថា កម្ពុជា គួរបន្តធ្វើកំណែទម្រង់ច្បាប់ឱ្យមានតម្លាភាព និងស្ដង់ដា​តែមួយ ដើម្បីស្តារទំនុកចិត្ត និងទាក់ទាញភ្ញៀវ ក៏ដូចជាវិនិយោគិនអន្តរជាតិ ឱ្យមកកម្សាន្ត និងបោះទុនវិនិយោគនៅកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត ក្រោយបទល្មើសបច្ចេកវិទ្យាត្រូវបានលុបបំបាត់អស់ពីកម្ពុជា។

លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បានបង្ហាញការគាំទ្រចំពោះចំណាត់ការបោសសម្អាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់រាជរដ្ឋាភិបាល ដ្បិតវាជាផ្នែកមួយក្នុងការស្តារមុខមាត់កម្ពុជា នៅលើឆាកអន្តរជាតិ។ ដើម្បីលុបបំបាត់ និងបង្កាកុំឱ្យសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញកើនឡើងសាជាថ្មីនៅកម្ពុជា អ្នកជំនាញរូបនេះយល់ឃើញថា រដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធបង្កើនការរឹតបន្តឹងការអនុវត្តច្បាប់ ហើយការអនុវត្តច្បាប់ទៀតសោតត្រូវមានស្ដង់ដាតែមួយ។ លោកបន្ថែមថា ដើម្បីទាក់ទាញទេសចរឱ្យមកកម្សាន្តកាន់តែខ្លាំង កម្ពុជា ត្រូវធានាតម្លាភាពក្នុងការអនុវត្តច្បាប់ ជំរុញការផ្សព្វផ្សាយពីវិស័យទេសចរណ៍ឱ្យដល់ដៃអន្តរជាតិ និងឆ្លុះបញ្ចាំងពីសក្ដានុពលពិតប្រាកដនៃតំបន់ទេសចរណ៍កម្ពុជា។

​ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានហេតុការណ៍សង្គមយល់ឃើញថា បន្ទាប់ពីបោសសម្អាតអំពើឆបោកតាមប្រព័ន្ធអនឡាញអស់ពីផ្ទៃប្រទេស ជំហានបន្ទាប់ដែលកម្ពុជា ត្រូវធ្វើ គឺផ្សព្វផ្សាយពីភាពមានសុវត្ថិភាពរបស់កម្ពុជា ដល់ភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាវិនិយោគិន។ សម្រាប់អ្នកជំនាញរូបនេះ បន្ថែមលើបញ្ហាបទល្មើសអនឡាញ ភាពមិនទាន់ចុះសម្រុងគ្នានៅតំបន់ព្រំដែនកម្ពុជា-ថៃ ក៏នៅតែជាកត្តារាំងស្ទះដល់លំហូរទេសចរ ដែលចង់ទៅកម្សាន្តនៅតំបន់ធ្លាប់មានជម្លោះ។

​ដោយឡែកលោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ យល់ឃើញថា ដើម្បីអាចទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកម្ពុជា លុះត្រាតែការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញមានប្រសិទ្ធភាពពិតប្រាកដ និងមានការផ្សព្វផ្សាយឱ្យទូលំទូលាយ​។ ទោះជាយ៉ាងណា លោក នៅតែបង្ហាញក្ដីបារម្ភចំពោះវិវាទព្រំដែនដែលមិនទាន់អាចដោះស្រាយចប់ ក្លាយជាឧបសគ្គដល់ការធ្វើដំណើរដោយសេរីរបស់ភ្ញៀវបរទេស។

​សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ចេញយុទ្ធនាការទ្រង់ទ្រាយធំ ដើម្បីបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងគំរាមកំហែងជាដល់ពិភពលោក តំបន់ រួមទាំងកម្ពុជា។ យុទ្ធនាការនេះមានគោលដៅចម្បងក្នុងការទប់ស្កាត់ការគំរាមកំហែងសន្តិសុខសកល និងដើម្បីធានាថា កម្ពុជា គឺជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាព និងសណ្ដាប់ធ្នាប់សម្រាប់ភ្ញៀវគ្រប់រូបពីជុំវិញពិភពលោក៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


រដ្ឋាភិបាលកំពុងរៀបចំយន្តការតម្រង់ទិស ដោយតម្រូវឱ្យសិស្សគិតគូរពីជំនាញតាំងពីរៀនថ្នាក់ទី១០

ស្របពេលយុវជនភាគច្រើនជួបការលំបាកក្នុងការសម្រេចចិត្តជ្រើសរើសមុខជំនាញក្រោយបញ្ចប់បាក់ឌុប ក្រុមអ្នកជំនាញក្នុងវិស័យអប់រំបានបង្ហាញការគាំទ្រយ៉ាងព…

ប្រធានមូលនិធិ IMF អះអាងថា ប្រាក់ដុល្លារអាម៉េរិកនៅតែជារូបិយប័ណ្ណបម្រុងកំពូលរបស់ពិភពលោក ទោះមានការធ្លាក់ថ្លៃនៅមួយឆ្នាំចុងក្រោយ

ប្រធានស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយសម្រាលការធ្លាក់ថ្លៃនៃអត្រាប្ដូរប្រាក់ដុល្លារអាម៉េរិកក្នុងរយៈពេលមួយឆ្នាំមកនេះ ដោយអះអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ