ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា អ្នកបោះឆ្នោតដែលមានសាវតាជាកាតូលិកអាម៉េរិកភាគច្រើន បានគាំទ្រលោក ដូណាល់ ត្រាំ ក្នុងជ័យជម្នះ នៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤។ ប៉ុន្តែនៅពេលនេះ ភាពមិនចុះសម្រុងគ្នារវាងពួកគេបានរីកធំឡើងជុំវិញបញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ា សូម្បីតែក្នុងចំណោមមេដឹកនាំកាតូលិក ដែលមានទំនោរអភិរក្សនិយមក៏ដោយ។
ប្រភពដដែលបានឱ្យដឹងថា អ្នកមានជំនឿលើសាសនាកាតូលិកនៅអាម៉េរិកជាច្រើនកំពុងសម្តែងការខកចិត្តចំពោះការវាយប្រហារដោយពាក្យសម្តីដ៏ចាស់ដៃរបស់លោក ត្រាំ ទៅលើសម្តេចប៉ាប ឡេអូ ទី១៤។ សម្តេចប៉ាបអង្គនេះ គឺជាជនជាតិអាម៉េរិកដំបូងគេ ដែលដឹកនាំបុរីវ៉ាទីកង់ ដែលជាស្ថាប័នមានឥទ្ធិពលបំផុតមួយក្នុងពិភពលោក។
ជម្លោះនេះបានផ្ទុះឡើងបន្ទាប់ពីសម្តេចប៉ាប បានថ្លែងថ្កោលទោសដោយចំហកាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ចំពោះសង្គ្រាម ជាពិសេសនៅមជ្ឈិមបូព៌ា។ មតិជាច្រើនយល់ថា បន្ទូលរបស់ព្រះអង្គ គឺជាការចង់សំដៅទៅលើលោក ត្រាំ ដែលកំពុងបង្កើនភាពតានតឹងជាមួយអ៊ីរ៉ង់។ សម្តេចប៉ាប ឡេអូ មានបន្ទូលថា៖«វាគ្រប់គ្រាន់ហើយសម្រាប់ការបង្ហាញអំណាច! វាគ្រប់គ្រាន់ហើយសម្រាប់សង្គ្រាម!»។ លើសពីនេះ នៅថ្ងៃចន្ទ សម្តេចប៉ាប ឡេអូ បានបញ្ជាក់បន្ថែមថា ទ្រង់មិនខ្លាចរដ្ឋបាលរបស់លោក ត្រាំ ឡើយ។
ក្រោយការរិះគន់នេះលោក ត្រាំ ដែលជាប្រធានាធិបតីមិនសូវចូលចិត្តការរិះគន់ បានវាយបកវិញដោយអះអាងថា លោកមិនមានអ្វីត្រូវសុំទោសសម្តេចប៉ាបឡើយ ហើយលោកក៏មិនបានធ្វើអ្វីខុសនោះដែរ។
លោកស្រី ខេតលីន ស្ព្រៅស៍ ខាមីង (Kathleen Sprows Cummings) សាស្ត្រាចារ្យផ្នែកសិក្សា និងប្រវត្តិសាស្ត្រអាម៉េរិកនៅសាកលវិទ្យាល័យ Notre Dame បានលើកឡើងថា ការប្រមាថរបស់លោក ត្រាំ ពិតជាតំណាងឱ្យការបញ្ច្រាសប្រវត្តិសាស្ត្រ។ លោកស្រីបានបន្តថា៖«សព្វថ្ងៃនេះ ការគំរាមកំហែង គឺស្ថិតនៅក្នុងសេតវិមាន ខណៈដែលសម្តេចប៉ាប ឡេអូ គឺជាអ្នកការពារឧត្តមគតិ នៃសេរីភាព សេចក្តីថ្លៃថ្នូររបស់មនុស្ស និងសន្តិភាព ហើយព្រះអង្គតែងតែរិះគន់រាល់សកម្មភាពដែលជំរុញឱ្យមានសង្គ្រាម»៕
ដោយៈ សរ សុជាតិ