វិស័យកសិកម្ម

តើក្រសួងកសិកម្មមានយន្តការបែបណា ដើម្បីជួយស្រោចស្រង់តម្លៃស្រូវ OM ដែលកំពុងធ្លាក់ខ្លាំង?


តម្លៃស្រូវប្រភេទ OM នៅតាមបណ្តាខេត្តមួយចំនួនបានធ្លាក់ចុះគួរឱ្យកាត់សម្គាល់នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ បើតាមការអះអាងរបស់កសិករ ដែលជាអ្នកធ្វើស្រែ តម្លៃស្រូវ OM បានធ្លាក់ចុះមកនៅត្រឹមចន្លោះពី៦៨០រៀលទៅ៧០០រៀលក្នុង១គីឡូក្រាម ដែលជាធ្លាក់ចុះទាបមួយ ដែលអាចធ្វើឱ្យកសិករប្រឈមនឹងការខាតបង់។ យ៉ាងណាក៏ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងភាគីពាក់ព័ន្ធកំពុងរកវិធីសាស្ត្រ ដើម្បីជួយដោះស្រាយបញ្ហានេះជូនកសិករ។ តើក្រសួងកសិកម្មមានយន្តការបែបណា ដើម្បីជួយស្រោចស្រង់តម្លៃស្រូវ OM ដែលកំពុងធ្លាក់ខ្លាំង?
វិស័យកសិកម្ម
ដោយ

ការធ្លាក់ចុះតម្លៃស្រូវ OM នៅមួយរយៈចុងក្រោយនេះកំពុងបង្កជាក្តីបារម្ភដល់កសិករដែលធ្វើស្រែដោយប្រើពូជប្រភេទនេះហើយត្រូវប្រមូលផលនៅដើមខែមករា នេះ ហើយបញ្ហានេះក៏កំពុងក្លាយជាវិញ្ញាសារដ៏លំបាកមួយសម្រាប់ភាគីពាក់ព័ន្ធក្នុងការដោះស្រាយផងដែរ។

ជាក់ស្តែងបើតាមការគូសបញ្ជាក់របស់ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងកសិកម្ម កំពុងជជែកជាមួយរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក ដើម្បីសិក្សាពីតម្រូវការ និងលទ្ធភាពទិញចូលរបស់រោងម៉ាស៊ីនទាំងនោះ ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករ ដែលកំពុងជួបបញ្ហាធ្លាក់ថ្លៃ។ ជាមួយគ្នានេះ ក្រសួង ក៏កំពុងចុះសិក្សាពីបរិមាណប្រមូលផលរបស់ប្រជាកសិករក្នុង១ថ្ងៃៗផងដែរ។

​ជាមួយគ្នានេះលោក បណ្ឌិត មាស នី អ្នកវិភាគបញ្ហាសង្កមយល់ឃើញថា រដ្ឋាភិបាលគួរតែពិនិត្យឡើងវិញនូវគោលនយាបាយទីផ្សារស្រូវ ក៏ដូចជាជួយស្វែងរកទីផ្សារថ្មីៗបន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋមានច្រកកាន់តែច្រើនក្នុងការលក់ ជាជាងពឹងផ្អែកតែលើឈ្មួញវៀតណាម ព្រោះអាចឱ្យពួកគេកំណត់តម្លៃស្រេចតែចិត្ត ហើយពលរដ្ឋអាចនឹងឈប់ធ្វើស្រែបន្តទៀត។

​ពាក់ព័ន្ធបញ្ហានេះដែរ លោក ច័ន្ទ សុផល ប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានអះអាងថា ការធ្លាក់ចុះតម្លៃស្រូវ OM ដោយសារឈ្មួញវៀតណាម និងថៃ កាត់បន្ថយការទិញ មិនមែនដោយសារជិតចូលឆ្នាំចិន វៀតណាមទាំងស្រុងនោះទេ ពោលគឺដោយសារប្រទេសឥណ្ឌា ចាប់ផ្ដើមនាំចេញស្រូវ ហើយឥណ្ឌូនេស៊ី ផ្អាកនាំចូលដោយសារផលិតកម្មក្នុងស្រុកមានការកើនឡើង។ បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ ស្រូវធ្លាក់ថ្លៃនេះមិនមែនកើតឡើងតែនៅកម្ពុជា នោះទេ ពោលគឺប្រទេសជាច្រើននៅលើពិភពលោកក៏កំពុងជួបបញ្ហានេះដែរ។

​គួរបញ្ជាក់ថា ស្រូវដែលកំពុងថ្លៃមកនៅត្រឹមចន្លោះពី៦៨០រៀលទៅ៧០០រៀលក្នុងមួយគីឡូក្រាមនេះ​ជាប្រភេទស្រូវ OM ដែលភាគច្រើនសម្រាប់នាំចេញទៅកាន់ប្រទេសវៀតណាម និងថៃ ខណៈប្រភេទស្រូវស្រង៉ែ និងស្រូវសែនក្រអូបជាដើម ដែលជាពូជស្រូវក្នុងស្រុកនៅតែមានតម្លៃខ្ពស់ដដែល បើធៀបនឹងឆ្នាំមុន។ ពាក់ព័ន្ធវិស័យស្រូវអង្ករនេះដែរ កាលពីពេលកន្លងទៅថ្មីៗ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើកទឹកចិត្តដល់កសិករឱ្យងាកមកប្រើប្រាស់ពូជស្រូវ ដែលផលិតក្នុងស្រុកដូចជាសែនក្រអូបជាដើម ដើម្បីបញ្ចៀសបញ្ហាពាក់ព័ន្ធនឹងទីផ្សារ និងតម្លៃ ដ្បិតស្រូវប្រភេទនេះមានទីផ្សារល្អ៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


វៀតណាមហាមក្មេងអាយុក្រោម១៦ឆ្នាំប្រើប្រាស់បណ្តាញសង្គម និងព្រមានបិទបណ្តាញសង្គមណាដែលល្មើសបទបញ្ជាខ្លួន

វៀតណាម ដែលជាប្រទេសក្បែរខាងកម្ពុជា តម្រូវឱ្យក្រុមហ៊ុន Facebook និងក្រុមហ៊ុន TikTok ព្រមទាំងប្រព័ន្ធបណ្តាញសង្គមមួយចំនួនទៀត ផ្ទៀងផ្ទាត់ភាពត្រឹ…

ធនាគារអេស៊ីលីដា គ្រោងបោះផ្សាយលក់សញ្ញាបណ្ណបន្ទាប់បន្សំបន្ថែមលើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ដើម្បីកៀរគរទុនបន្ថែម

ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជទីមួយបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនៅផ្សារមូលបត្រកម្ពុជា បានទទួលការអនុញ្ញាតពីធន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ