ថ្នាំជក់

អ្នកដាំថ្នាំជក់នៅខេត្តត្បូងឃ្មុំ កំពុងរីករាយជាមួយការប្រមូលផល ក្រោយថ្នាំជក់លក់បានតម្លៃខ្ពស់គួរសម


អ្នកដាំថ្នាំជក់នៅខេត្តត្បូងឃ្មុំ កំពុងរីករាយជាមួយការប្រមូលផល ក្រោយថ្នាំជក់នៅឆ្នាំនេះអាចលក់បានក្នុងតម្លៃមួយខ្ពស់គួរសម ដែលអាចផ្តល់ប្រាក់ចំណេញដល់ពួកគេក្នុងការទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។ បើតាមការអះអាងរបស់ក្រុមកសិករ ថ្នាំជក់នៅឆ្នាំនេះ អាចលក់បានក្នុងតម្លៃជាង១ម៉ឺនរៀលក្នុង១គីឡូក្រាម ដែលតម្លៃនេះ ប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ។ នៅឆ្នាំនេះខេត្តត្បូងឃ្មុំ មានផ្ទៃដីដាំថ្នាំជក់ជាង១ពាន់៧០០ហិកតា។
ថ្នាំជក់
ដោយ

លោកស្រី គុជ សុខម៉េង កសិករដាំថ្នាំជក់នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា មកទល់ពេលនេះ ការប្រមូលផលថ្នាំជក់នៅតំបន់របស់លោកស្រី ស្ទើររួចរាល់ទាំងស្រុងហើយ ហើយក៏មានកសិករមួយចំនួនបានបង្វែរផ្ទៃដីដាំដំណាំពោត និងដំណាំផ្សេងទៀតផងដែរ។ បើតាមកសិកររូបនេះ បច្ចុប្បន្នថ្នាំជក់ត្រូវបានឈ្មួញចុះទិញដោយផ្តល់តម្លៃចន្លោះពី១ម៉ឺន១ពាន់រៀល ទៅ១ម៉ឺន២ពាន់រៀល ក្នុង១គីឡូក្រាម ពោលគឺអាស្រ័យលើគុណភាពរបស់ថ្នាំជក់។

​ជាមួយគ្នានេះ លោក ធិ ឃាង ប្រធានភូមិទី៣ នៃឃុំរការខ្នុរ បានឱ្យដឹងថា ថ្នាំជក់ត្រូវបានឈ្មួញចុះទិញ និងឱ្យតម្លៃទៅតាមគុណភាព ខណៈកាលពីដើមដៃទទួលបានតម្លៃខ្ពស់ជាងពេលបច្ចុប្បន្ន។ យ៉ាងណាមិញមកទល់ពេលនេះ តម្លៃថ្នាំជក់ស្ថិតក្នុងចន្លោះពី១១០០០រៀលទៅ១១​៥០០​រៀល ក្នុង១គីឡូក្រាម ខណៈតម្លៃនេះត្រូវបានមេភូមិរូបនេះ អះអាងថា បានរួមចំណែកធ្វើឱ្យកសិករទទួលបានផលចំណេញ និងធ្វើឱ្យជីវភាពរបស់ពួកគេមានភាពប្រសើរមួយកម្រិតផងដែរ។ តាមរយៈតម្លៃថ្នាំជក់មានលំនឹងក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នានេះ លោក ធិ ឃាង ជឿជាក់ថា នៅឆ្នាំក្រោយ ផ្ទៃដីដាំថ្នាំជក់អាចនឹងមានការកើនឡើងបន្ថែមទៀត ខណៈដំណាំក្រៅពីនេះពុំសូវមានទីផ្សារល្អដូចថ្នាំជក់នោះទេ។

​ពាក់ព័ន្ធនឹងដំណាំថ្នាំជក់នេះដែរ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៥ នេះ ផ្ទៃដីដាំថ្នាំជក់នៅក្នុងខេត្តត្បូងឃ្មុំ មានចំនួន១,៧៦០ហិកតា មានការកើនឡើងប្រមាណ៣៤៥ហិកតា បើធៀបឆ្នាំ២០២៤ ខណៈបរិមាណផលទទួលបានក្នុងឆ្នាំនេះមានចំនួន៣,០៨០តោន កើនឡើងជាង៦០៥តោន។ បើតាមមន្រ្តីជំនាញកសិកម្មរូបនេះ តម្លៃទីផ្សារថ្នាំជក់ក្នុងឆ្នាំនេះធ្លាក់ចុះបន្តិច ប៉ុន្តែនៅតែផ្ដល់ផលចំណេញដល់កសិករ។

សូមបញ្ជាក់ថា ទីផ្សារនាំចេញថ្នាំជក់សំខាន់ៗរបស់កម្ពុជា រួមមានវៀតណាម ដោយបានស្រូបទាញថ្នាំជក់កម្ពុជា ចន្លោះពី៧០%ទៅ៨០% ប្រទេសចិន ចន្លោះពី២% ទៅ៥% និងទីផ្សារក្នុងស្រុកចន្លោះពី២០% ទៅ២៥%៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញធ្វើទស្សនកិច្ចរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី របស់ក្រុមហ៊ុនMIRARTH Agritech នៅក្នុងខេត្តកំពង់ធំ

កាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធាន ក្…

ស្ករត្នោតកំពង់ស្ពឺ នៅតែរក្សាបានទីផ្សារល្អប្រសើរ ដោយនាំចេញទៅកាន់១៧ប្រទេស

ស្ករត្នោតកំពង់ស្ពឺ ដែលជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ (GI) ហាក់ទទួលបានការពេញនិយម និងការបញ្ជាទិញពីក្រុមហ៊ុននានាយ៉ាងច្រើនសម្រាប់នាំចេញទៅក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ