លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៧ ខែមីនា សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា នឹងបើកដំណើរការជាផ្លូវការនូវកម្មវិធីផ្គូផ្គងអាជីវកម្មទេសចរណ៍ឆ្នាំ២០២៦ ខ្នាតតូច ដែលជាយុទ្ធនាការទីផ្សារគោលដៅយុទ្ធសាស្ត្រពេញមួយឆ្នាំ ក្រោមប្រធានបទកម្ពុជាទៅកាន់ពិភពលោក។ បើតាមថ្នាក់ដឹកនាំរូបនេះ កម្មវិធីផ្គូផ្គងអាជីវកម្មនេះជាវេទិកាជាតិមួយ ដែលភ្ជាប់ប្រទេសកម្ពុជា ទៅកាន់ពិភពលោកតាមមធ្យោបាយដែលមានរចនាសម្ព័ន្ធជាប់លាប់ និងអាចវាស់វែងបាន។ លោកបានសង្កត់ធ្ងន់ថា កម្មវិធីពាណិជ្ជកម្មទេសចរណ៍ដែលរៀបចំជារៀងរាល់ខែនេះ មិនត្រឹមតែជាយន្តការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ប៉ុណ្ណោះទេ ថែមទាំងជួយកសាងភាពជាដៃគូរយៈពេលវែង និងពង្រឹងសមត្ថភាពប្រកួតប្រជែងផ្នែកទេសចរណ៍សកលរបស់កម្ពុជា។
លោកបណ្ឌិត ធួន ស៊ីណាន បានបន្ថែមថា តាមរយៈការតភ្ជាប់អ្នកទិញអន្តរជាតិ ដោយផ្ទាល់ជាមួយអាជីវកម្មទេសចរណ៍កម្ពុជា វេទិកានេះ ត្រូវបានរចនាឡើងដើម្បីពង្រឹងជំហរប្រកួតប្រជែងរបស់កម្ពុជា នៅអាស៊ាន, ធ្វើពិពិធកម្មទីផ្សារអន្តរជាតិ, ផ្តល់អំណាចដល់សហគ្រាសធុនតូចនិងមធ្យម និងប្រតិបត្តិករទេសចរណ៍ក្នុងតំបន់ និងប្រែក្លាយការចូលរួមអាជីវកម្មទៅជាភាពជាដៃគូរយៈពេលវែង។ ទន្ទឹមនេះ លោករំពឹងថា តាមរយៈគំនិតផ្តួចផ្តើមនេះប្រទេសកម្ពុជា មិនត្រឹមតែបង្ហាញគោលដៅទេសចរណ៍របស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងកំពុងធ្វើខ្លួនតាមយុទ្ធសាស្ត្រទៅជាសេដ្ឋកិច្ចទេសចរណ៍ ដែលមានការតភ្ជាប់ និងការប្រកួតប្រជែងជាសកល។
គួរជម្រាបថា យុទ្ធនាការផ្គូរផ្គងអាជីវកម្មទេសចរណ៍ឆ្នាំ២០២៦ នឹងចាប់ផ្តើមជាមួយនឹងកម្មវិធីដំបូងរយៈពេល៦យប់៧ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ដោយស្វាគមន៍អ្នកទិញអន្តរជាតិចំនួន៤០នាក់មកពីប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី ដែលតំណាងឱ្យទីផ្សារក្រៅស្រុកសំខាន់ៗរបស់អាស៊ានមកទទួលបទពិសោធពីគោលដៅទេសចរណ៍សំខាន់ៗចំនួនបីរបស់កម្ពុជា រួមមាន ភ្នំពេញ ក្រុងព្រះសីហនុ និងសៀមរាប៕