ទីផ្សារកៅស៊ូ

ថៃ បានអនុម័តផែនការ២០ឆ្នាំ ដើម្បីកាត់បន្ថយការដាំដុះកៅស៊ូឲ្យបាន២១% នៅទូទាំប្រទេស ក្រោយពីទីផ្សារកៅស៊ូបន្ដដាំក្បាលចុះ


គណៈរដ្ឋមន្ត្រីថៃ កាលពីពេលថ្មីៗនេះ បានសម្រេចអនុម័តផែនការរយៈពេល ២០ឆ្នាំ ដើម្បីកាត់បន្ថយការដាំដុះដំណាំកៅស៊ូឲ្យបាន២១% នៅទូទាំប្រទេស ដើម្បីជួយស្រោចស្រង់តម្លៃទីផ្សារនិងបង្កើតនតម្លៃបន្ថែមក្នុងការនាំចេញកៅស៊ូ ដែលបច្ចុប្បន្នបាននិងកំពុងដាំក្បាលចុះយ៉ាងខ្លាំង។ ផែនការនេះ គេជឿជាក់ថា អាចនឹងធ្វើឲ្យតម្លៃកៅស៊ូងើបឡើងវិញច្រើនជាងបច្ចុប្បន្នដល់ទៅបីដង។ នេះ បើតាមការបញ្ជាក់ពីមន្ត្រីនាំពាក្យរាជរដ្ឋាភិបាលថៃ ដែលបានប្រាប់កាសែតក្នុងស្រុកនៃប្រទេសនេះ។
កម្មករកំពុងធ្វើការក្នុងរោងចក្រកែច្នៃកៅស៊ូ ក្នុងប្រទេសថៃ (http://www.thanhniennews.com)
ដោយ

ប្រទេសថៃ គឺជា​ប្រទេស​កំពូលមួយ​ដែលមាន​ការផលិត និងនាំចេញកៅស៊ូ​ធម្មជាតិ​ច្រើនជាងគេ​លើពិភពលោក ដែលមានចំណែក​ប្រមាណ​៤០% នៃការផ្គង់ផ្គង់​កៅស៊ូសកល។ ប៉ុន្ដែ កសិករ​ដាំដុះកៅស៊ូ​ក្នុងប្រទេសនេះ កំពុងជួប​នឹង​បញ្ហា​លំបាក ដោយសារតែ​តម្លៃទីផ្សារទាប នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែតម្រូវការ​កៅស៊ូ​សកល​មានសញ្ញាដាំក្បាលចុះដែរ។

កាសែត​បាងកកប៉ុស្ដិ៍​ដែលបាន​ស្រង់សម្ដី​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ថៃបាន​ឲ្យដឹងថា ដើម្បីលើកម្ពស់​តម្លៃ និងធ្វើឲ្យប្រាក់ចំណូល​របស់កសិករ​មានស្ថិរភាព​រាជរដ្ឋាភិបាលថៃ បាន​ដាក់ចេញ​នូវគោលដៅ ដែលអាច​នឹង​សម្រេច​បាន​នៅឆ្នាំ២០៣៦។ គោលដៅនោះ គឺ​រួមបញ្ចូល​ទាំងការ​កាត់បន្ថយ​ការ​ដាំដុះដំណាំកៅស៊ូ​ឲ្យបាន​២១% ពីផ្ទៃដីដាំដុះជាង ៣លាន​៧សែន​ហិកតា នៅឆ្នាំ២០១៦ មកនៅ​ជាង​២លាន​៩សែន​ហិកតា​ និងការ​បង្កើនតម្លៃបន្ថែម​សម្រាប់​ការនាំចេញ​កៅស៊ូ​ធម្មជាតិ ឬផលិតផល​ធ្វើពីកៅស៊ូ​ពីជាង​៨ពាន់លាន​ដុល្លារអាមេរិក ទៅជាង​២៦​ពាន់លាន​ដុល្លារអាមេរិក ក្នុងមួយឆ្នាំ។

ប្រទេសថៃ បាន​បង្កើន​ខិតខំប្រឹងប្រែង​យ៉ាងខ្លាំង សម្រាប់​ការនាំចេញកៅស៊ូ នៅប៉ុន្មានខែមកនេះ បន្ទាប់ពី​ប្រទេសនេះ បាន​កាត់បន្ថយការនាំចេញ អស់រយៈពេល​៤ខែមកហើយ ចាប់ពីខែ​ឧសភាដល់ខែ​កញ្ញា​កន្លងមកនេះ ដែលវា​ជាផ្នែកមួយ​នៃគម្រោង​​កំពូល​អ្នកនាំចេញ​កៅស៊ូ​ពិភពលោក ដើម្បី​លើកកម្ពស់​តម្លៃ​កៅស៊ូសកល។

ការជំរុញឲ្យមានការកាត់បន្ថយ​ការនាំចេញកៅស៊ូនេះ គឺដោយសារតែ​អ្នកនាំចេញ​ថៃ បាន​រងផលប៉ះពាល់​ពី​ភាពតានតឹង​ពាណីជ្ជកម្ម និង​ប្រាក់បាត​ឡើងថ្លៃ ដែលវា​ក៏កំពុង​ដាក់សម្ពាធ​ទៅលើ​ប្រទេសនេះ ដែលមាន​សេដ្ឋកិច្ចផ្អែកខ្លាំង​លើ​ការធ្វើ​ពាណិជ្ជកម្មផងដែរ។

កាលពី​សប្ដាហ៍កន្លងទៅនេះ រដ្ឋមន្ត្រី​ក្រសួង ពាណិជ្ជកម្មថៃ លោក ជូរិន ឡាក់សាណាវិស្សុត បាន​និយាយថា ថ្មីៗនេះ​ប្រទេសថៃ បាន​ចុះ​ហត្ថលេខា​កិច្ចព្រមព្រៀង​នាំចេញកៅស៊ូ​ដែលមាន​តម្លៃ​ប្រមាណ​ជាង​១ពាន់​លានដុល្លារអាមេរិក។ ដោយវា​ក៏មាន​រួមបញ្ចូល​នូវកិច្ចព្រមព្រៀង​លក់​ផលិតផល​កៅស៊ូ ប្រមាណ​១៤​ម៉ឺនតោនផងដែរ​ មានតម្លៃជាទឹកប្រាក់​ប្រមាណជាង ២៦៥ លាន​ដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអាកាសចរណ៍ហុងកុង នឹងរៀបចំបើកប្រាក់ខែជូនបុគ្គលិក ក្រោយពីខកខានបើកតាមការកំណត់

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ហុងកុង បានខកខានក្នុងការបើកប្រាក់ខែជូនបុគ្គលិករបស់ខ្លួន ទាន់ពេលវេលា សម្រាប់ខែវិច្ឆិកាកន្លងទៅនេះ។ ក្នុងនោះ មានបុគ្គលិក…

ជា​ថ្មី​ម្តង​ទៀត នៅ​ចំពោះ​មុខ​ទូត​អាមេរិក មេទ័ព​កម្ពុជា​បដិសេធ​វត្តមាន​យោធា​ចិន​នៅ​កម្ពុជា

ព័ត៌មាន
អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ លោក វង្ស ពិសេន នៅ​ពេល​ជួប​ឯកអគ្គរដ្ឋទូត​អាមេរិក លោក ផាទ្រីក ម៊ួរហ្វ៊ី (W.Patrick Murphy)​ កាលពី​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ