វិស័យទេសចរណ៍

តើអ្នកជំនាញមានការរំពឹងបែបណាចំពោះចរន្តដើរលេងកម្សាន្តរបស់ភ្ញៀវទេសចរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី?


នៅសល់តែប្រមាណ២សប្តាហ៍ទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នឹងឈានចូលមកដល់ ហើយនេះក៏ជាឱកាសរបស់ប្រជាពលរដ្ឋអាចមានពេលវេលាចេញដើរកម្សាន្តនៅតាមបណ្តាខេត្តនានាផងដែរ។ អ្នកជំនាញក្នុងវិស័យទេសចរណ៍ រំពឹងថា តាមរយៈព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅខេត្តសៀមរាប ក៏ដូចជាព្រឹត្តិការណ៍សង្ក្រាន្តនៅបណ្តាខេត្តមួយចំនួនទៀត នឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចេញដើរកម្សាន្តយ៉ាងច្រើនកុះករ ។
វិស័យទេសចរណ៍
ដោយ

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា ជឿជាក់ថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ នឹងមានប្រជាពលរដ្ឋកម្ពុជា ចេញដើរកម្សាន្តច្រើននៅតាមបណ្តាខេត្តក្រុងនានា ដូចជាខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ និងខេត្តនៅភាគឦសាន និងខេត្តជាប់មាត់សមុទ្រជាដើម។ ការរំពឹងបែបនេះរបស់ប្រធានសមាគមរូបនេះ ក៏ដោយសារខេត្តទាំងនោះគ្រោងរៀបចំព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មី ពិសេសព្រឹត្តិកាណ៍អង្គរសង្រ្កាន្តនៅខេត្តសៀមរាប តែម្តង។ បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ មកទល់ពេលនេះមានភ្ញៀវទេសចរបរទេស និងប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសបានកក់កញ្ចប់ដំណើរកម្សាន្តមកកម្ពុជា ជាបណ្តើរៗហើយ។

​​ស្រដៀងគ្នានេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា ជឿជាក់ថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នាពេលខាងមុខនេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ច្រើនជាងឆ្នាំមុនៗ។ ការរំពឹងបែបនេះ ក៏ដោយសារលោកកត់សម្គាល់ឃើញថា ការរៀបចំព្រឹត្តិកាណ៍អង្គរសង្រ្កាន្ត នៅខេត្តសៀមរាប និងតាមបណ្តាខេត្តមួយចំនួន ទទួលបានការទទួលស្គាល់កាន់តែទូលំទូលាយជាងមុន។ ម្យ៉ាងទៀតបញ្ហាគ្រោះរញ្ជួយដីនៅប្រទេសថៃ កាលពីពេលថ្មីៗនេះ ក៏ជាកត្តារួមចំណែកជំរុញឱ្យមានកំណើនភ្ញៀវទេសចរផងដែរ ដ្បិតថា ប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសការដើរកម្សាន្តក្នុងស្រុកជំនួសឱ្យការចេញទៅក្រៅប្រទេស។

​យ៉ាងណាមិញ លោកជំទាវ ឆាយ ស៊ីវលីន បានវាយតម្លៃថា តាមរយៈការចេញដើរកម្សាន្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេសនៅកម្ពុជា នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ ចង់ ឬមិនចង់វានឹងរួមចំណែកជួយជំរុញសាច់ប្រាក់ក្នុងចរន្តសេដ្ឋកិច្ចនៅតាមមូលដ្ឋាន ពិសេសសម្រាប់អ្នកប្រកបអាជីវកម្ម និងសេវាកម្មក្នុងវិស័យទេសចរណ៍។ គួរជម្រាបថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំនេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥៕




អត្ថបទបន្ទាប់


ក្រសួងអប់រំ ចាត់ទុកការចាត់ចំណាត់ថ្នាក់អប់រំកម្ពុជា នៅលេខរៀងទី១២០ របស់ស្ថាប័នអន្តរជាតិមួយជាចំណាត់ថ្នាក់មិនអាចទទួលយកបាន

គេហទំព័រ World Population Review 2025 បានចាត់ថ្នាក់ការអប់រំរបស់កម្ពុជា នៅលេខរៀងទី១២០ ក្នុងចំណោម២០៣ប្រទេសទូទាំងពិភពលោកដោយឈរនៅក្រោម…

តើកម្ពុជា គួរដល់ពេលគិតគូរលើបច្ចេកទេសសាងសង់អគារដើម្បីទប់ទល់នឹងគ្រោះរញ្ជួយដីហើយមែនទេ?

គ្រោះរញ្ជួយដីជាប្រវត្តិសាស្រ្តនៅក្នុងប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា បានធ្វើឱ្យសំណង់អគារខ្ពស់មួយចំនួនដួលរលំ និងបង្កគ្រោះថ្នាក់បណ្ដាលឱ្យមានអ្នកស្លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ