អាមេរិក - ចិន

ទីបំផុត អាមេរិកចាប់ផ្តើមទម្លាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនដែលជួយរុស្ស៊ីធ្វើសង្គ្រាមនៅអ៊ុយក្រែនហើយ!


ទំនាក់ទំនងរវាងអាមេរិក និងចិន ដែលហាក់ដូចជាថយចុះកម្ដៅបានរយៈពេលខ្លីនោះ ឥឡូវបានចាប់ផ្ដើមក្ដៅដូចទឹកពុះឡើងវិញហើយ។ ជាក់ស្ដែងនៅថ្ងៃព្រហស្បតិ៍ទី២៧មករា អាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនមួយ ដែលទីក្រុងវ៉ាស៊ីនតោន ចោទប្រកាន់ថា បានផ្តល់រូបភាពផ្កាយរណបនៃប្រទេសអ៊ុយក្រែន ដើម្បីជួយដល់ក្រុមទាហានស៊ីឈ្នួលរបស់រុស្ស៊ីឈ្មោះ Wagner។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
នៅទីបំផុត អាមេរិកកំណត់គោលដៅក្រុមហ៊ុនចិនដែលជួយរុស្ស៊ីបានហើយ!

ប្រការនេះត្រូវបានសមាជិកសភាអាមេរិក ជំរុញឱ្យមានសកម្មភាពកាន់តែខ្លាំងជាងនេះទៀត ប្រឆាំងនឹងទីក្រុងប៉េកាំង ដែលបានជ្រោមជ្រែងដល់​ទីក្រុងម៉ូស្គូសម្រាប់​ការធ្វើសង្គ្រាម​ដ៏ក្ដៅគគុកនៅអ៊ុយក្រែននោះ។

ក្រសួងការហិរញ្ញវត្ថុ និងក្រសួងការបរទេសរបស់អាមេរិកបានចេញមកទម្លាយពីសកម្មភាពមួយចំនួនដែលក្រុមហ៊ុនចិន​បានចូលដៃចូលជើងជួយរុស្ស៊ី​ធ្វើសង្គ្រាម​នៅអ៊ុយក្រែន។ ការទម្លាយនេះ គឺធ្វើឡើង​ នៅស្របពេលដែល កាលពីសប្តាហ៍មុនសេតវិមានអាមេរិកក៏ទើបនឹងកំណត់ក្រុមទាហានស៊ីឈ្នួល Wagner ជាអង្គការឧក្រិដ្ឋកម្មឆ្លងដែន​របស់រុស្ស៊ីផងដែរ។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាទណ្ឌកម្មថ្មីៗនឹងទៅរារាំងបន្ថែមទៀត ដល់សមត្ថភាពរបស់វិមានក្រឹមឡាំង ក្នុងការបំពាក់​បំប៉នសព្វាវុធរបស់ខ្លួននៅក្នុងការធ្វើសង្គ្រាមនៅអ៊ុយក្រែន ដែលបណ្តាលឱ្យមាន​ការស្លាប់ និងការបំផ្លិចបំផ្លាញយ៉ាងក្រៃលែង។

គួរជម្រាបថា ក្នុងចំណោមក្រុមហ៊ុន​ដែលកំណត់គោលដៅនោះ គឺមានក្រុមហ៊ុន​ស្រាវជ្រាវលំហអាកាស​ និងបច្ចេកវិទ្យាឆាងសា (Changsha Tianyi Space Science and Technology Research Institute) ដែលជាក្រុមហ៊ុនរបស់ចិន។ មន្ត្រីក្រុងវ៉ាស៊ីនតោន​បានឱ្យដឹងថា ក្រុមហ៊ុននេះបានផ្តល់រូបភាពផ្កាយរណបពីលើប្រទេសអ៊ុយក្រែន ឱ្យទៅក្រុមទាហានស៊ីឈ្នួល​របស់រុស្ស៊ី។

សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងហិរញ្ញវត្ថុអាមេរិក បានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចិននេះ មានមូលដ្ឋាននៅឯប្រទេសលុចសំបួរ។ សេចក្ដីថ្លែងការណ៍ដដែលនេះ បានបញ្ជាក់ថា អាមេរិក​នឹងធ្វើឱ្យពួកគេដឹងខ្លួនថា​ អាមេរិកមិនមែនមិនដឹងអំពីការរំលោភបំពានរបស់ក្រុមហ៊ុនចិន លើវិធានការនៃការដាក់ទណ្ឌកម្ម​របស់វ៉ាស៊ីនតោន​នោះទេ។

សមាជិកព្រឹទ្ធសភាអាមេរិកបាន​អំពាវនាវឱ្យរដ្ឋបានលោក បៃដិន គិតគូរលើការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសចិនតែម្តង ប្រសិនប្រទេសនេះមិនព្រមទប់ស្កាត់ការបញ្ចេញបច្ចេកវិទ្យារបស់ខ្លួន និងកម្មវិធីយោធាផ្សេងទៀត​ទៅឱ្យរុស្ស៊ីទេនោះ។

នេះមិនមែនជាលើកទីមួយទេចំពោះការដាក់ទណ្ឌកម្មលើក្រុមហ៊ុន ដែលពាក់ព័ន្ធនឹងសង្គ្រាមឈ្លានពាន​រ​បស់រុស្ស៊ី នៅអ៊ុយក្រែន។ ក្រុមហ៊ុនអាកាសចរណ៍ដែលមានមូលដ្ឋាននៅប្រទេសអារ៉ាប់រួម Kratol ត្រូវបានចោទថា បានផ្តល់យន្តហោះសម្រាប់ក្រុម​ទាហាន Wagner ប្រើប្រាស់ និងដឹកឧបករណ៍យោធារវាងសាធារណរដ្ឋអាហ្វ្រិកកណ្តាល​ដូចជាប្រទេសលីប៊ី និងម៉ាលី សម្រាប់ក្រុមនេះផងដែរ។

សូមរំឭកបន្តិចថា ក្រុមទាហានស៊ីឈ្នូល Wagnerរបស់រុស្ស៊ី ដែលដឹកនាំដោយលោក យីវជីននី ព្រីហ្គូស៊ីន (Yevgeny Prigozhin) ត្រូវបានគេស្គាល់ថា ជាមនុស្សជំនិតមួយរបស់លោក ពូទីន ដែរនោះ បាននិងកំពុងចូលខ្លួនក្នុងសង្គ្រាមនៅអ៊ុយក្រែនយ៉ាងសកម្ម។ ក្រុមទាហានេះ ត្រូវបានជ្រើសរើសចេញពីអ្នកទោសរុស្ស៊ី ដើម្បីទៅប្រយុទ្ធដោះដូរនឹងការលើកលែងទោស។ បើតាមសេតវិមានក្រុមទាហានស៊ីឈ្នួលទាំងនេះ មានកម្លាំងប្រហែល ៥ម៉ឺននាក់ ដែលកំពុងប្រយុទ្ធក្នុងប្រទេសអ៊ុយក្រែន ហើយ ៨០% នៃពួកគេត្រូវបានរើសចេញពីពន្ធនាគារ៕




អត្ថបទបន្ទាប់


ក្រុមមន្ត្រីរបស់ IMF នឹងធ្វើទស្សនកិច្ចនៅប៉ាគីស្ថានក្នុងខែនេះ ដើម្បីពិភាក្សាអំពីការជាប់គាំងថវិកាសង្គ្រោះសេដ្ឋកិច្ច

ព័ត៌មាន
កាលពីពេលថ្មីៗនេះក្រុមការងាររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានបង្ហើបថា ភ្នាក់ងារមូលនិធិពួកគេនឹងទៅបំពេញទស្សនកិច្ចនៅទីក្រុង អ៊ីស្លាមម…

ការដាំអាភៀននៅមីយ៉ាន់ម៉ា កើនឡើងជិតទ្វេដង ស្ទើរតែដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៩ឆ្នាំមកនេះ

ព័ត៌មាន
ផលិតកម្មអាភៀននៅក្នុងប្រទេសមីយ៉ាន់ម៉ា ស្ទើរតែកើនឡើងទ្វេដងកាលពីឆ្នាំមុន ខណៈដែលកសិករបានវិលត្រឡប់ទៅរកការដាំដុះដំណាំខុសច្បាប់នេះវិញនៅក្នុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ