
វេទិកាដ៏មានសារៈសំខាន់នេះ ត្រូវបានផ្ដួចផ្ដើមរៀបចំឡើង ក្នុងគោលបំណងជំរុញឱ្យមានកិច្ចសន្ទនាជាយុទ្ធសាស្ត្រអភិវឌ្ឍ ការបង្កើតឱកាសសំខាន់ៗ និង កិច្ចសហប្រតិបត្តិការ សម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជា ផ្ដល់ជាធាតុចូល សម្រាប់ការរៀបចំនូវគោលនយោបាយសេដ្ឋកិច្ចជាតិសំខាន់ៗផងដែរ។

លោក ស៊ឺន សាយ ស្ថាបនិក និងជាអគ្គនាយកអង្គភាពសារព័ត៌មាន ខេមបូណូមីស បានលើកឡើងថា បច្ចុប្បន្ន យើងទាំងអស់គ្នាបាននិងកំពុងរស់នៅក្នុងពេលវេលា នៃការផ្លាស់ប្ដូរសកល ដែលមិនធ្លាប់មានពីមុនមក រួមទាំង ឌីជីថលភាវូបនីយកម្ម ការប្រែប្រួលនៃភូមិសាស្ត្រនយោបាយក្នុងតំបន់ និង ពិភពលោក ដែលកំពុងបែកខ្ញែកជាប្លុក ជាបក្សជាពួក និងបញ្ហាសង្គ្រាមពាណិជ្ជកម្មចាក់ស្រែះ ដែលទាំងអស់នេះ គឺជាកត្តាប្រឈមធំៗ ក្នុងដំណើរការប្រតិបត្តិធុរកិច្ច និង ការរស់នៅប្រចាំថ្ងៃ។

លោក ស៊ឺន សាយ ជឿជាក់ថា តាមរយៈវេទិកាពិភាក្សារយៈពេលពេញមួយថ្ងៃនេះ នឹងអាចជួយរុករកឃើញនូវគន្លឹះសម្រាប់ការផ្លាស់ប្ដូរជាវិជ្ជមាន និងចែករំលែកការយល់ដឹង និងបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីបង្កើតបានជាគំនិតយុទ្ធសាស្ត្រល្អៗ ដែលអាចជាត្រីវិស័យ សម្រាប់ការដឹកនាំធុរកិច្ច និងការវិនិយោគឱ្យកាន់តែមានភាពរីកចម្រើនប្រកបដោយភាពធន់។

លោក ស៊ឺន សាយ ក៏បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប ដែលបានសហការគាំទ្រ យ៉ាងពេញទំហំង សម្រាប់គំនិតផ្ដួចផ្ដើមរៀបចំវេទិកាពិភាក្សានេះ។ ការចូលរួមរបស់ក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមអភិវឌ្ឍវិស័យឯកជន បន្ដជំរុញ លើកកម្ពស់បរិយាកាសធុរកិច្ចកម្ពុជាកាន់តែប្រសើរ និងមានភាពប្រកួតប្រជែងខ្ពស់។

អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប បានគូសបញ្ជាក់ដែរថា ការចូលរួមនៅក្នុងវេទិកានេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការជំរុញការសន្ទនា បង្កើនកិច្ចសហប្រតិបត្តិការ និងការបើកឱកាស ដែលនឹងជំរុញដល់ការផ្លាស់ប្ដូរសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានាពេលខាងមុខ។ អ្នកឧកញ៉ា បន្ថែមថា វេទិកានេះ ក៏បានដើរតួនាទីដ៏សំខាន់ក្នុងការប្រមូលផ្ដុំអ្នកជំនាញពីវិស័យរដ្ឋ និងឯកជន ដើម្បីចូលរួមពិភាក្សាផ្ដល់នូវទស្សនទានល្អ សម្រាប់ការដោះស្រាយបញ្ហាសេដ្ឋកិច្ចសំខាន់ៗ ដែលពិភពលោក រួមទាំងកម្ពុជាកំពុងជួបប្រទះ។

ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ដែលបានអញ្ជើញចូលរួមជាវាគ្មិន និងអ្នកសម្របសម្រួលនៅក្នុងវេទិកាពិភាក្សានេះ បានលើកឡើងដែរថា កិច្ចពិភាក្សាពេញមួយថ្ងៃ ដែលគ្របដណ្ដប់លើប្រធានបទសំខាន់ៗទាំង ៦ ខាងលើនេះ មើលទៅ អាចមើលទៅហាក់ដូចជាបញ្ហាដាច់ដោយឡែក ប៉ុន្តែតាមពិត ប្រធានបទទាំងអស់នេះគឺ មានទំនាក់ទំនងគ្នាយ៉ាងស៊ីជម្រៅ។ មិនត្រឹមតែប៉ុណ្ណោះ ប្រធានបទទាំងនេះ ក៏ជាសរសរស្ដម្ភ ដែលអាចនឹងបង្កើតបានជាក្របខណ្ឌមួយសម្រាប់ភាពធន់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។ ឯកឧត្តម សាស្ត្រាចារ្យបណ្ឌិតសភាចារ្យ បានបន្ថែមទៀតថា ការអនុវត្តគំនិតផ្តួចផ្តើមទាំងនេះ ពិតជាតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល មិនត្រឹមតែពីវិស័យឯកជនប៉ុណ្ណោះទេ ប៉ុន្តែក៏មានតម្រូវការការគាំទ្រយ៉ាងខ្លាំងពីក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល អ្នកផ្តល់ជំនួយ និងភាគីពាក់ព័ន្ធទាំងអស់។

វេទិកាកិច្ចពិភាក្សា ស្ដីអំពី «មាគ៌ាប្រតិបត្តិពាណិជ្ជកម្ម និងការវិនិយោគ២០២៥» ត្រូវបានរៀបចំឡើងរយៈពេលពេញមួយថ្ងៃ ចាប់ពីម៉ោង ៨៖០០នាទីព្រឹក រហូតដល់ ម៉ោង ៥៖៣០នាទីល្ងាច ដោយមានមានការពិភាក្សាយ៉ាងផុសផុលលើប្រធានបទសំខាន់ៗចំនួន ០៦ រួមមាន៖
១, ការបោះជំហានប្រកបដោយភាពធន់រឹងមាំនៃវិស័យកសិកម្មនៅអាស៊ាន
វាគ្មិនចូលរួម៖
- អ្នកឧកញ៉ា ហេង ឡុង អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឡុង ស្រេង អ៊ិនធើណេសិនណល
- ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុរ៉ាយស៍
- លោក ច័ន្ទ សុផល នាយកនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយ
អ្នកសម្រសម្រួល៖ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស

២, បរិបទនៃការវិនិយោគ និងការរក្សាទ្រព្យសម្បត្តិ នៅចំពេលដែលស្ថានភាពសេដ្ឋកិច្ចសកលមិនទាន់មានភាពប្រាកដប្រជា
វាគ្មិនចូលរួម៖
- ឯកឧត្តមបណ្ឌិត ហួត ពុំ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី
- លោក កឹម បូរ៉ា នាយកក្រុមហ៊ុនមូលនិធិវិនិយោគឯកជន MEKONG STRATEGIC PARTNERS
- លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ហ្វតតេ គ្រុប
អ្នកសម្រសម្រួល៖ អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប

៣, ពន្ធគយរបស់អាមេរិក និងកំណែទម្រង់ពាណិជ្ជកម្មសកលបន្ទាប់ពីការរងនូវសម្ពាធពន្ធគយ (Trump Tariff)
វាគ្មិនចូលរួម៖
- ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស
- អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប
- បណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
អ្នកសម្របសម្រួល៖ លោក ស៊ឺន សាយ ស្ថាបនិក និងជាអគ្គនាយកអង្គភាពសារព័ត៌មាន ខេមបូណូមីស

៤, ការធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផ្គត់ផ្គង់ សម្រាប់កំណើនអនាគតនៃវិស័យភស្ដុភារកម្ម
វាគ្មិនចូលរួម៖
- ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ
- អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប
- ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន LINEX Logistics Cambodia Co., Ltd
អ្នកសម្របសម្រួល៖ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស

៥, រូបិយបណ្ណឌីជីថល និងអនាគតនៃហិរញ្ញវត្ថុសកល
វាគ្មិនចូលរួម៖
- អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប
- លោក យឿង វីរបុត្រ ប្រធានសមាគមអ្នកវិនិយោគមូលបត្រកម្ពុជា
- លោក ធុល រិទ្ធី សហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន SmallWorld
អ្នកសម្របសម្រួល៖ លោក ស៊ឺន សាយ ស្ថាបនិក និងជាអគ្គនាយកអង្គភាពសារព័ត៌មាន ខេមបូណូមីស

៦, ការចាប់ក្រសោបយកឱកាស និងការពង្រឹងនវានុវត្តន៍ ដើម្បីភាពប្រកួតប្រជែងក្នុងវិស័យទេសចរណ៍
វាគ្មិន៖
- ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជ្យបណ្ឌិត្យសភាកម្ពុជា
- លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា
- បណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិចប្រចាំប្រទេសកម្ពុជា

អ្នកសម្របសម្រួល៖ លោក ស៊ឺន សាយ ស្ថាបនិក និងជាអគ្គនាយកអង្គភាពសារព័ត៌មាន ខេមបូណូមីស
រយៈពេលប្រមាណ ៨ឆ្នាំមកនេះ អង្គភាពសារព័ត៌មានឌីជីថល ខេមបូណូមីស បានចូលរួមចំណែកយ៉ាងសកម្ម នៅក្នុងការងារផ្សព្វផ្សាយព័ត៌មាន លម្អិតស៊ីជម្រៅ ដោយផ្តោតលើមាតិកា សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងព្រឹត្តិការណ៍នយោបាយការទូតសំខាន់ៗនៅជុំវិញពិភពលោក ដើម្បីផ្ដល់ជាព័ត៌មាន និងគំនិតពិចារណា សម្រាប់អ្នកអាន និង អ្នកទស្សនា។ ក្នុងនាមជាអង្គភាពសារព័ត៌មានអាជីពដែលមានក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់ ខេមបូណូមីស ក៏បានចូលរួមចំណែក នៅក្នុងការផ្សព្វផ្សាយនូវព័ត៌មានពិត ដើម្បីកម្ចាត់នូវរាល់ព័ត៌មានក្លែងក្លាយ ដែលបច្ចុប្បន្នកំពុងរីកសាយភាយយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ នៅតាមបណ្ដាញសង្គមនានា។ ដោយមានសម្ទុះនៃការគាំទ្រពីសំណាក់អ្នកអាន និង អ្នកទស្សនា បច្ចុប្បន្ន ខេមបូណូមីស បានពង្រីកវេទិកា ឬកម្មវីធីផ្សព្វផ្សាយរបស់ខ្លួនកាន់តែទូលំទូលាយ នៅលើបណ្ដាញផ្សព្វផ្សាយសង្គមសំខាន់ៗ ដូចជា គេហទំព័រ, ហ្វេសប៊ុកផេក, យូធូប, តិកតុក និង តេឡេក្រាមជាដើម ខណៈចំនួនអ្នកតាមដានទស្សនាការផ្សាយរបស់ ខេមបូណូមីស សរុបមានប្រមាណ ៣៥លាននាក់ នៅក្នុងមួយខែៗ។





