
អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជាបានគូសបញ្ជាក់ថា ការដោះដូរពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងថៃចាប់តាំងពីមានការបិទច្រកព្រំដែនគោកទាំងស្រុងរវាងគ្នាមក គឺបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់ប្រជាពករដ្ឋទាំងសងខាង ជាពិសេសភាគីថៃតែម្តង ដែលកន្លងមកធ្លាប់នាំចូលទំនិញយ៉ាងច្រើនលើសលប់ចូលមកកម្ពុជា។ អ្នកជំនាញរូបនេះបានបន្ថែមថា ផលប៉ះពាល់មកលើការដោះដូរពាណិជ្ជកម្ម សេដ្ឋកិច្ច និងពលរដ្ឋរស់នៅតាមបណ្តោយព្រំដែនកាន់តែមានស្ថានភាពធ្ងន់ធ្ងរបន្ថែមទៀត បន្ទាប់ពីមានការផ្ទុះអាវុធដាក់គ្នាទ្រង់ទ្រាយធំរវាងកងកម្លាំងកម្ពុជា និងកងកម្លាំងថៃនៅក្នុងរយៈពេល៥ថ្ងៃកន្លងមកនេះ។
ស្រដៀងគ្នានេះដែរ ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អិចប្រេស បានគូសបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះសង្រ្គាមឈ្លានពានកាន់តែខ្លាំងពីសំណាក់ទាហានថៃមកលើដែនអធិបតីភាពរបស់កម្ពុជានៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ដែលកំពុងធ្លាក់ចុះស្រាប់ហើយនោះ មានការធ្លាក់ចុះកាន់តែខ្លាំងបន្ថែមទៀត។ បើតាមអ្នកជំនាញរូបនេះ ក្រោយមានការបិទព្រំដែនកម្ពុជា-ថៃមកការដោះដូរទំនិញរវាងប្រទេសទាំងពីរ ត្រូវបានបង្វែរទៅដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវអាកាស តែការបង្វែរទិសដៅដឹកជញ្ជូននេះបានបង្កផលលំបាកជាច្រើន ដោយសារត្រូវបង្កើនរយៈពេលដឹកជញ្ជូន និងចំណាយថវិកាច្រើនជាងមុន ដែលជំរុញឱ្យការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការធ្លាក់ចុះរហូតមកទល់ពេលនេះ។
ដោយឡែកឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានអះអាងថា ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងថៃបច្ចុប្បន្នហាក់មិនមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេបើទោះបីមានការផ្ទុះអាវុធដាក់គ្នារវាងកងទ័ពទាំងពីរនៅប៉ុន្មានថ្ងៃចុងក្រោយនេះក៏ដោយ ដ្បិតថា ការប្រយុទ្ធគ្នានេះស្ថិតក្នុងរយៈពេលខ្លីនៅឡើយ ដូច្នេះការដោះដូរទំនិញមួយចំនួនកំពុងដឹកជញ្ជូននៅតាមផ្លូវទៅកាន់គោលដៅរៀងខ្លួនៗ តាមកាលវិភាគដែលបានកំណត់រួចទៅហើយ លើកលែងតែការដឹកជញ្ជូនតាមរយៈផ្លូវគោកដែលបានបិទមិនឱ្យមានការដឹកទំនិញចេញចូលឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ។
គួរជម្រាបថា នៅក្នុងរយៈពេល៦ខែឆ្នាំ២០២៥ នេះ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ មានទំហំជិត២ពាន់២រយលានដុល្លារមានការកើនឡើង៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះកម្ពុជានាំចេញទៅថៃមានទំហំប្រមាណ៤៤៨លានដុល្លារ ខណៈថៃនាំចូលមកកម្ពុជាវិញមានទំហំជាង១ពាន់៧រយលានដុល្លារ។ នេះបើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕