
លោក ដូណាល់ ត្រាំ បាននិយាយនៅលើបណ្ដាញសង្គម Truth Social បន្ទាប់ពីបាននិយាយជាមួយមេដឹកនាំកំពូលរបស់វៀតណាម លោក តូ ឡឹម ថា "វាជាកិត្តិយសដ៏អស្ចារ្យរបស់ខ្ញុំក្នុងការប្រកាសថា ខ្ញុំទើបតែបានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម" ។
បើទោះបីជា បន្ថយអត្រាពន្ធគយលើទំនិញវៀតណាមមកនៅត្រឹម ២០% ក្ដី ប៉ុន្ដែ លោកត្រាំ នៅតែចិញ្ចឹមចិត្តទាមទារឱ្យវៀតណាម គួរតែនាំចូលទំនិញអាម៉េរិក ក្នុងអត្រាពន្ធគយស្មើសូន្យ។
ការប្រកាសពីការឈានដល់ការសម្រេចកិច្ចព្រមព្រៀងជាមួយវៀតណាមនេះ ធ្វើឡើង នៅត្រឹមតែប្រហែលមួយសប្ដាហ៍ មុនពេលដែលការកំណត់យកពន្ធគយបដិការរបស់អាម៉េរិក នឹងត្រូវចូលជាធរមាននៅថ្ងៃទី ៩ ខែកក្កដានេះ។ តាមការកំណត់ពន្ធនៅខែមេសាកន្លងទៅ ពោលគឺនៅមុនពេលសម្រេចបានការព្រមព្រៀងគ្នា អាម៉េរិក បានកំណត់ពន្ធគយបដិការលើវៀតណាម ៤៦% ។
ទោះយ៉ាងណា ការព្រមព្រៀងពាណិជ្ជកម្មរវាងអាម៉េរិក និងវៀតណាមនេះ មិនទាន់មានការលាតត្រដាងលម្អិតថា តើមុខទំនិញវៀតណាមណាខ្លះ ដែលនឹងត្រូវបង់ពន្ធគយ២០% នៅពេលនាំចេញទៅអាម៉េរិកនោះទេ ហើយគេក៏មិនទានដឹងច្បាស់ដែរថាតើ មុខទំនិញផ្សេងទៀត អាចនឹងត្រូវបង់ពន្ធទាបជាងនេះ ឬក៏ច្រើនជាងនេះ នោះដែរ។
រដ្ឋាភិបាលវៀតណាម មិនទាន់បានបញ្ជាក់ ឬមានសេចក្ដីថ្លែងការណ៍លម្អិតដែរ គិតត្រឹមព្រឹកថ្ងៃទី ០៣ ខែកក្កដានេះ។
ទោះយ៉ាងណា រដ្ឋាភិបាលនៅទីក្រុងហាណូយបាននិយាយថា ប្រទេសវៀតណាមនឹងប្តេជ្ញាក្នុងការ "ផ្ដល់នូវទីផ្សារអនុគ្រោះសម្រាប់ទំនិញរបស់សហរដ្ឋអាម៉េរិក រួមទាំងរថយន្តម៉ាស៊ីនធំ"។
គិតមកទល់ពេលនេះ ការចរចាពាណិជ្ជកម្មបដិការរវាងអាម៉េរិក និងប្រទេសជាដៃគូពាណិជ្ជកម្មធំៗ រួមមាន ចិន និងអង់គ្លេស បានសម្រេចព្រមព្រៀងគ្នាជាផ្នែកខ្លះហើយ ប៉ុន្ដែ សម្រាប់ការចរចាជាមួយប្រទេសជប៉ុនឯណោះវិញ កំពុងបង្ហាញពីការជាប់គាំងទៅមុខមិនរួច។ ដោយឡែក ចំពោះការចរចាជាមួយនឹងប្រទេសឥណ្ឌាវិញ លោកដូណាល់ ត្រាំ បានបង្ហើបឱ្យដឹងថា នឹងអាចឈានដល់ការព្រមព្រៀងគ្នានាពេលឆាប់ៗខាងមុខនេះ។