
សម្រាប់សម្តេច វាជារឿងល្អ ដែលប្រជាជនកម្ពុជាប្រើប្រាស់ប្រាក់រៀលលើទឹកដីរបស់ខ្លួន ដើម្បីជៀសវាងការខាតបង់ និងក្លាយជាចំណុចខ្សោយសម្រាប់ជាតិ នៅពេលដែលគេប្រើជាអាវុធនយោបាយ។ ហើយសម្តេចក្តាប់បានថា ប្រជាជនកម្ពុជាមួយចំនួន ដែលធ្វើការ និងរកស៊ីនៅថៃមិនអាចដកប្រាក់ពីធនាគារនៅថៃបាននោះទេ។
នេះបានបង្ហាញថា ប្រាក់បាតថៃកំពុងសម្លាប់ប្រជាជនខ្មែរ ដែលធ្វើការ និងរកស៊ីនៅក្នុងប្រទេសថៃ និងនាពេលខាងមុខប្រាក់បាតថៃនឹងសម្លាប់ប្រជាជនខ្មែរលើទឹកដីកម្ពុជាចំពោះតែប្រជាជនខ្មែរណា ដែលបន្តចាយ និងទុកប្រាក់បាតថៃ។ ជាមួយគ្នានេះសម្តេចបានអំពាវនាវឱ្យប្រជាជនកម្ពុជា ដែលរកស៊ីប្តូរប្រាក់សូមមេត្តាប្តូរប្រាក់តាមតម្លៃទីផ្សារកុំស្វែងរកប្រាក់ចំណេញហួសហេតុតាមរយៈបញ្ចុះតម្លៃប្រាក់បាត ដំឡើងថ្លៃប្រាក់រៀល ដែលធ្វើឲ្យអ្នកត្រូវការប្តូរប្រាក់ត្រូវខាតបង់។
ទន្ទឹមនឹងនេះ សម្តេចតេជោ ជំរុញឱ្យឈប់កំណត់ប្រាក់ឈ្នួលធ្វើការ ឬតម្លៃទំនិញ ឬតម្លៃសេវាជាប្រាក់បាតថៃ ហើយមកកំណត់ជាប្រាក់រៀល ឬប្រាក់ដុល្លារវិញ និងកាន់តែល្អ គឺកំណត់ជាប្រាក់រៀលដើម្បីពង្រឹងរូបិយវត្ថុជាតិ។សម្រាប់ សម្តេចតេជោ ប្រសិនស្រឡាញ់ជាតិត្រូវទុកក្រដាសប្រាក់ ដែលមានព្រះឆាយាល័ក្ខ ព្រះបិតាជាតិ ព្រះមាតាជាតិ និងព្រះមហាក្សត្រខ្មែរក្នុងទូ ក្នុងកាបូប ឬក្នុងហោប៉ៅជាជាងទុកព្រះឆាយាល័ក្ខ ព្រះមហាក្សត្រប្រទេសមួយ ដែលចាត់ទុកកម្ពុជាជាសត្រូវ និងប្រមាថមើលងាយកម្ពុជា។
ជាមួយគ្នានេះ សម្តេចតេជោ ស្នើឱ្យរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំចាត់ចោលមន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃ ចូលក្នុងពេលព្រំដែននៅបិទ ដែលធ្វើឲ្យអ្នកជិតខាងយើងមើលងាយយើងថា អត់ទំនិញគេមិនបាន។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ប្រសិនបើសម្តេចនៅធ្វើជានាយករដ្ឋមន្ត្រីដូចពេលមុន សម្តេចមិនបាច់និយាយភាសានេះទេ គឺចេញបញ្ជាចាប់ខ្លួន ឬដកចេញពីមន្ត្រីតែម្តង ប៉ុន្តែសូមកុំគិតថា ឆ្មាមិននៅកណ្តុរឡើងរាជ្យឲ្យសោះ៕