
បើតាមឯកឧត្តម រុន រ័ត្នវាសនា ជំហានដំបូង នាយកដ្ឋាននគរបាលចរាចរណ៍ បានជំរុញឲ្យពលរដ្ឋពាក់មួកឲ្យបានគ្រប់គ្នានៅពេលធ្វើដំណើរ ដើម្បីការពារសុវត្ថិភាព ហើយជាលទ្ធផលមកដល់បច្ចុប្បន្ន ពលរដ្ឋភាគច្រើន បានពាក់មួកសុវត្ថិភាព ប៉ុន្ដែ ភាគច្រើននៃអ្នកដំណើរមិនទាន់បានពាក់មួយសុវត្ថិភាពមានស្តង់ដារនៅឡើយទេ។
ឯកឧត្តមមានប្រសាសន៍យ៉ាងដូច្នេះថា៖ «យើងចង់ឲ្យពលរដ្ឋទិញមួកមួយដែលមានស្តង់ដារ បានន័យថា មានការទទួលស្គាល់ពីគុណភាព ក៏ប៉ុន្ដែ ពលរដ្ឋកន្លងមក មិនទាន់ទិញមួកដែលមានស្តង់ដារនោះទេ។ យ៉ាងណា យើងជំរុញឲ្យពួកគាត់បានពាក់មួកសុវត្ថិភាពសិន។ សំខាន់យើងនឹងរឹតបន្តឹងឲ្យអ្នកដំណើរពាក់មួយមានគុណភាព»។
ឯកឧត្តមបន្ថែមថា មួកមានគុណភាព និងមានស្តង់ដា មានតម្លៃចាប់ពី២០ដុល្លារឡើងទៅ តែមួកដែលគ្មានស្តង់ដាមានតម្លៃថោក ពោល គឺចាប់ពី៥ទៅ៨ដុល្លារ។ លើសពីនេះ ការដែលពាក់មួយគ្មានគុណភាព នឹងបង្កហានីភ័យច្រើន ដូចជា ពេលដួល ឬប៉ះពារដុំថ្មធំ វានឹងបែកដែលបង្កជាបញ្ហា ប៉ុន្ដែ វាគ្រាន់ជាងមិនពាក់មួកដែរ។ ដូច្នេះ ឯកឧត្តម បានអំពាវនាវឲ្យពលរដ្ឋចូលរួមពាក់មួកទាំងមានគុណភាពឬគ្មានគុណភាព ឲ្យបានទាំងអស់គ្នា។ តែយ៉ាងណា ពលរដ្ឋគួរតែទិញមួកដែលមានគុណភាព ដើម្បីការងារសុវត្ថិភាពរបស់ខ្លួន។

ទាក់ទងនឹងទីផ្សារមួកសុវត្ថិភាពវិញ លោក សេង បូរិន សហស្ថាបនិកក្រុមហ៊ុន រិទ្ធ បូរិន រ៉ូយ៉ាល់ ខូអិលធី ឌី បានថ្លែងក្នុងពិធីសម្ពោធក្រុមហ៊ុនរបស់លោកស្ថិតក្បែរស្តុបផ្សារដើមគនៅថ្ងៃទី២ ខែមិថុនា ថា មូលហេតុដែលលោកសម្រេចចិត្តនាំចូលមួកសុវត្ថិភាពម៉ាក Royal ដែលជាបច្ចេកវិទ្យាពីប្រទេសតៃវ៉ាន់មក លក់ក្នុងទីផ្សារកម្ពុជានេះ គឺដោយសារប្រជាជនកម្ពុជាមានតម្រូវការមួកសុវត្ថិភាពកាន់តែច្រើន និងដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរចរណ៍ ដែលមិនបានពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ និងមានតាមស្តង់ដារច្បាស់លាស់។
លោកបានថ្លែងថា៖ «មួកសុវត្ថិភាព មានគេនាំចូលច្រើន តែកម្រិតគុណភាពប៉ុណ្ណាដែលអតិថិជនទទួលយកបាន។ តាមច្បាប់ចរាចរណ៍ ក៏មានចែងដែរថា មួកមានគុណភាពប៉ុណ្ណាទើបចូលជាស្ដង់ដារ។ ដូច្នេះ យើងត្រូវនាំចូលមួយសុវត្ថិភាពដោយផ្តោតលើគុណភាព និងតម្លៃសមរម្យសម្រាប់អតិថិជនអាចទិញប្រើប្រាស់បាន»។
លោកបន្តថា៖ «ខ្ញុំមិននាំចូលមួកតម្លៃថោកពេក តែគ្មានគុណភាពនោះទេ ពីព្រោះ វាអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរនៅពេលជួបគ្រោះថ្នាក់ចរាចរណ៍។ មួយវិញទៀត អ្នកដំណើរ មិនគួរទិញមួកតម្លៃ១ម៉ឺនរៀល តែគ្មានគុណភាព សម្រាប់តែជិះកុំឲ្យប៉ូលីសចាប់នោះទេ អតិថិជន គួរតែទិញមួកមានគុណភាព ដើម្បីជិះម៉ូតូតាមផ្លូវស្របច្បាប់ផង និងអាចការពារជីវិតផងដែរ»។

លោក សេង បូរិន ដែលជាម្ចាស់ក្រុមហ៊ុនចែកចាយមួកទាំងលក់រាយ និងបោះដុំ បានអះអាងថា ការពាក់មួកសុវត្ថិភាពដែលមានគុណភាពល្អ មិនត្រឹមតែជួយការពារជីវិតអ្នកដំណើរនោះទេ តែវាថែមទាំងជួយការពារធូលី ផ្សែងពុលដែលចេញយានយន្ដនៅលើដងផ្លូវ និងការពារត្រចៀកពីសំឡេងខ្លាំងៗរបស់ខ្យល់ និងស៊ីផ្លេរថយន្តធំៗជាដើម។
របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានបង្ហាញថា នៅក្នុងឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានកើតឡើងចំនួន ៣៥៣១ករណី បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ១៧៨០នាក់ និងរងរបួសចំនួន ៥ ៥៣៩នាក់។
«អត្រាគ្រោះថ្នាក់ចរាចរណ៍ បានមានកើតឡើងជាបន្ដបន្ទាប់ ហើយអ្នកដែលគ្រោះថ្នាក់ដល់អាយុជីវិតច្រើនជាងគេ គឺអ្នកដែលបើកបរម៉ូតូមិនបានពាក់មួកការពារសុវត្ថិភាព ដែលមានប្រមាណជាង ៧៨ភាគរយ ដែលនេះ គឺជារឿងដ៏គួរឲ្យព្រួយបារម្ភ»។ នេះជាប្រសាសន៍របស់សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលបានថ្លែងកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ នៅក្នុងពីធីបិទមហាសន្និបាតសមាគមមិត្ដភាពនគរបាលជាតិកម្ពុជា អាណត្ដិទី៤៕