វិស័យពាណិជ្ជកម្ម

ក្រុមអ្នកវិភាគជឿថា រដ្ឋបាលលោក ត្រាំ ត្រូវប្រឈមមុខជាមួយចិន ដែលមានសមត្ថភាពខ្លាំង និងធន់ជាងមុន


ស្របពេលប្រធានាធិបតីជាប់ឆ្នោតរបស់អាម៉េរិក លោក ដូណាល់ ត្រាំ កំពុងសម្លឹងមើលបុគ្គលឆ្នើមៗក្នុងការបង្កើតគណៈរដ្ឋមន្ត្រីសម្រាប់អាណត្តិថ្មីរបស់ខ្លួន ដែលមានផែនការចង់ដាក់សម្ពាធសេដ្ឋកិច្ច និងពាណិជ្ជកម្មលើមហាយក្សចិន ក្រុមអ្នកវិភាគបានលើកឡើងថា សមត្ថភាពរបស់ចិននៅពេលនេះ អាចនឹងខុសប្លែកពីអាណត្តិ ដែលលោកដឹកនាំដំបូង។
វិស័យពាណិជ្ជកម្ម
ដោយ

កាលពីអាណត្តិទី១ លោក ដូណាល់ ត្រាំ បានដាក់ពន្ធលើទំនិញចិន រាប់ចាប់តាំងពីម៉ាស៊ីនបោកគក់រហូតដល់បន្ទះសូឡា ហើយគំនាបពន្ធនេះត្រូវបានបន្តអនុវត្តដោយរដ្ឋបាលលោក ចូ បៃដិន ដែលបានពង្រីកការទប់ស្កាត់ការវិនិយោគ និងបច្ចេកវិទ្យាបន្ថែមទៀត។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងសម្លឹងមើលបុគ្គលសំខាន់ៗ ដែលធ្លាប់ជាអ្នករិះគន់ដោយឥតសំចៃមាត់លើទីក្រុងប៉េកាំង ដើម្បីយកមកកាន់តំណែងនៅក្នុងគណៈរដ្ឋមន្រ្តី និងអ្នកជំនាញការនៅជុំវិញខ្លួនលោក ប៉ុន្តែក្រុមអ្នកវិភាគបានលើកឡើងថា ចិនទំនងជាត្រៀមសេណារីយ៉ូរួចរាល់ហើយក្នុងការប្រឈមមុខជាមួយរដ្ឋបាលរបស់លោក ត្រាំ។

ជាក់ស្តែងកាលពីសប្តាហ៍មុន លោក ដូណាល់ ត្រាំ បានលើកឡើងថា លោកនឹងតែងតាំងព្រឹទ្ធសមាជិក ម៉ាកូ រូប៊ីអូ ( Marco Rubio) ដែលជាអ្នករិះគន់ចិនដោយមិនសំចៃមាត់ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សលើជនមូស្លីមនៅអុយហ្គ័រ និងការគៀបសង្កត់លើចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ហុងកុង ធ្វើជារដ្ឋមន្រ្តីក្រសួងការបរទេស។ ហើយនៅមួយថ្ងៃមុននោះ លោក ក៏បានបង្ហើបផងដែរថា លោកនឹងតែងតាំងលោក ម៉ាឃើល វល (Michael Waltz) សមាជិកសភាមកពីផ្លរីដា ជាទីប្រឹក្សាសន្តិសុខជាតិ របស់លោក ខណៈលោកត្រូវបានគេដឹងថា ជាអ្នកចេញមុខអំពាវនាវឱ្យសហរដ្ឋអាម៉េរិក ធ្វើពហិការមិនចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង កាលពីឆ្នាំ២០២២ ជុំវិញបញ្ហាកូវីដ-១៩ និងសិទ្ធិមនុស្ស។

លោក វូ ស៊ីន បូ (Wu Xinbo ) នាយកមជ្ឈមណ្ឌលសម្រាប់ការសិក្សាអាម៉េរិក នៅសាកលវិទ្យាល័យ Fudan ក្នុងទីក្រុងសៀងហៃ បាននិយាយថា រដ្ឋបាលលោក ត្រាំ ដំបូងបានប្រមាថទីក្រុងប៉េកាំង ជុំវិញពាណិជ្ជកម្ម និងបញ្ហាផ្សេងទៀត ប៉ុន្តែកុំភ្លេចប្រទេសចិន នៅពេលនេះ មិនដូចពីមុននោះទេ ពោលគឺមានភាពស៊ាំហើយជាមួយនឹងការដាក់សម្ពាធរបស់សហរដ្ឋអាម៉េរិក។

លោកបានលើកឡើងថា អាម៉េរិកអាចនឹងមានការយល់ខុសចំពោះចិន ព្រោះចិនទទួលបានបទពិសោធន៍ជាច្រើនទាំងក្នុងវិស័យការពារជាតិ និងពាណិជ្ជកម្មនៅមួយរយៈចុងក្រោយ ដែលអាចជួយឱ្យចិន មានសមត្ថភាពកាន់តែខ្ពស់ក្នុងការដោះស្រាយបញ្ហា និងប្រឈមមុខជាមួយរដ្ឋបាលរបស់លោក ត្រាំ ដែលកំពុងមានភាពច្របូកច្របល់នៅឡើយនៅពេលនេះ។

ដោយឡែក លោក ម៉ាយឃើល ហឺសុន (Michael Hirson) ប្រធានផ្នែកស្រាវជ្រាវអំពីចិន នៅក្រុមហ៊ុន 22V Research និងជាអតីតអ្នកតំណាងរតនាគារសហរដ្ឋអាម៉េរិក នៅក្នុងប្រទេសចិន បានលើកឡើងថា តម្រូវការរួមរបស់ប្រទេសចិននៅពេលនេះពិតជាមានភាពធន់។ អ្នកជំនាញរូបនេះបានអះអាងថា នៅរយៈពេល៤ឆ្នាំដែលចិន បានឆ្លងកាត់ក្រោមអាណត្តិដឹកនាំរបស់លោក ត្រាំ និង៤ឆ្នាំ ក្រោមអាណត្តិរបស់លោក បៃដិន ទីក្រុងប៉េកាំងពិតជាបានកសាងភាពធន់ និងបន្សាំជាមួយបញ្ហាបានច្រើនហួសពីការរំពឹងទុក។ នៅក្នុងអំឡុងពេលនោះលោកសង្កេតឃើញថា ក្រុមហ៊ុនចិនជាច្រើនដែលផ្តោតលើការនាំចេញបានធ្វើពិពិធកម្មទីផ្សារពហុជាតិសាសន៍ ហើយក៏បានបានផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់ទៅកាន់ប្រទេសទី៣ បន្ទាប់ពីលោក ត្រាំ បានដាក់ពន្ធលើទំនិញចិន ដែលមានតម្លៃជាង៣០០ពាន់លានដុល្លារ​។

ពាណិជ្ជកម្មចិន និងអាម៉េរិក កាលពីឆ្នាំ២០១៨ គឺមានតម្លៃរហូតដល់៤២០ពាន់លានដុល្លារ ហើយបានថយចុះមកនៅត្រឹម២៨០ពាន់លានដុល្លារ នៅឆ្នាំ២០២៣ តែវាបានកើនឡើងនៅអាម៉េរិកឡាទិន អាហ្រ្វិក អាស៊ីអគ្នេយ៍ និងមជ្ឈិមបូព៌ា ខណៈដែលរុស្ស៊ី បានកើនឡើងដល់ទៅ២៤០ពាន់លានដុល្លារ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យក្រុមភ្នាក់ងារផ្តល់សេវាកម្មអចលនវត្ថុមួយចំនួនបន្តរកស៊ីដោយគ្មានច្បាប់អនុញ្ញាត?

បច្ចុប្បន្នក្រុមហ៊ុន និងក្រុមភ្នាក់ងារផ្តល់សេវាកម្មវាយតម្លៃ និងទិញលក់អចលនវត្ថុទាំងមានច្បាប់អនុញ្ញាត និងពុំមានច្បាប់អនុញ្ញាតកំពុងធ្វើអាជីកម្ម…

លោក ចូ បៃដិន សន្យាផ្ដល់វិភាគទាន៤ពាន់លានដុល្លារ ដល់ធនាគារពិភពលោកសម្រាប់ជួយដល់បណ្ដាប្រទេសក្រីក្រ

មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលអាម៉េរិក បានទម្លាយឱ្យដឹងថា ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន បានសន្យាផ្តល់វិភាគទានច្រើនបំផុតមិនធ្លាប់មានរហូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ