លោក ដូណាល់ ត្រាំ ហាក់កំពុងឈានជើងចូលកាន់តែជ្រៅចូលទៅក្នុងពិភពរូបិយប័ណ្ណឌីជីថល ឬហៅកាត់ថា គ្រីបតូ ដោយលោកបានប្រកាសក្ដែងៗថា លោកមានផែនការប្រែក្លាយសហរដ្ឋអាម៉េរិក ទៅជារដ្ឋធានីរូបិយប័ណ្ណគ្រីបតូរបស់ភពផែនដី (Crypto Capital of the Planet)។
តាមរយៈវីដេអូមួយដែលបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ដែលប្ដូរឈ្មោះពី Twitter កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា បេក្ខភាពឈរឈ្មោះប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសផែនការនេះរបស់លោកដោយភ្ជាប់ទៅនឹង Platform ជួញដូររូបិយប័ណ្ណឌីជីថល ឬគ្រីបតូមួយមានឈ្មោះថា World Liberty Financial ដែលត្រូវបានផ្សព្វផ្សាយដោយកូនប្រុសបង្កើតរបស់លោក។
គួរបញ្ជាក់ថា World Liberty Financial គឺជា Platform ដ៏ទំនើបមួយសម្រាប់ការវិនិយោគលើរូបិយប័ណ្ណឌីជីថល ឬគ្រីបតូប្រកបដោយសុវត្ថិភាពខ្ពស់ និងទទួលបានផលចំណេញច្រើន ប៉ុន្តែមិនសូវមានព័ត៌មានលម្អិតអំពី Platform មួយនេះឡើយ។
កន្លងមកលោក ដូណាល់ ត្រាំ ធ្លាប់រិះគន់មិនសំចៃមាត់ថា រូបិយប័ណ្ណឌីជីថល ឬគ្រីបតូ គឺជាការបោកប្រាស់។ ទោះជាយ៉ាងណា លោកបានផ្លាស់ប្តូរជំហររបស់លោកគួរឱ្យភ្ញាក់ផ្អើលកាលពីពេលថ្មីៗនេះ ហើយលោកថែមទាំងបានចូលរួមថ្លែងក្នុងសន្នសីទមួយស្ដីពី Bitcoin ដែលជារូបិយប័ណ្ណឌីជីថលធំបំផុតក្នុងពិភពលោកទៀតផងកាលពីខែមុន៕
ដោយ: តែម សុខុម