ដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន បានបង្កើតច្បាប់ស្ដីពីបន្ទះឈីបដែលមានឈ្មោះថា CHIPS Act កាលពីឆ្នាំ២០២២ ហើយច្បាប់នេះនឹងផ្ដល់ជំនួយរាប់ពាន់លានដុល្លារដល់ក្រុមហ៊ុនណា ដែលនាំយកការផលិតបន្ទះឈីបរបស់ពួកគេទៅកាន់ទឹកដីសហរដ្ឋអាម៉េរិក។
កាលពីខែមេសា រដ្ឋបាលលោក បៃដិន បានប្រកាសផ្តល់ជំនួយចំនួន៦,៦ពាន់លានដុល្លារដល់ក្រុមហ៊ុន TSMC និងចំនួន៦,៤ពាន់លានដុល្លារទៀតដល់ក្រុមហ៊ុន Samsung ដែលធ្វើឱ្យក្រុមហ៊ុនទាំងពីរក្លាយជាអ្នកទទួលផលពីច្បាប់បន្ទះឈីបច្រើនជាងគេ នៅក្រោមក្រុមហ៊ុន Intel របស់អាម៉េរិក ដែលទទួលបាន៨,៥ពាន់លានដុល្លារ។ ក្រុមហ៊ុនអាស៊ីទាំងពីរនេះ ក៏ទទួលបានការសន្យាជួយផ្តល់ប្រាក់កម្ចីពីរដ្ឋាភិបាល និងឥណទានពន្ធលើការវិនិយោគដែលជាផ្នែកមួយនៃកញ្ចប់លើកទឹកចិត្តផងដែរ។
ប៉ុន្តែពេលនេះក្រុមហ៊ុនផលិតបន្ទះឈីបដ៏ទាំងពីរខាងលើ កំពុងព្រួយបារម្ភថា តើការវិនិយោគរបស់ពួកគេនៅសហរដ្ឋអាម៉េរិក នឹងបន្តទទួលបានការគាំទ្រពីអាម៉េរិកទៀតឬយ៉ាងណា បន្ទាប់ពីលោក ត្រាំ បានជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាម៉េរិក កាលពីពេលថ្មីៗនេះ ព្រោះកន្លងមកប្រធានាធិបតីជាប់ឆ្នោតរូបនេះតែងរិះគន់ច្បាប់បន្ទះឈីបនេះ។
ជាក់ស្ដែងកាលពីខែតុលា លោក ត្រាំ បាននិយាយក្នុងបទសម្ភាសមួយ ដោយចាត់ទុកច្បាប់បន្ទះឈីបនេះថា ជាច្បាប់អាក្រក់បំផុត ហើយថា លោកនឹងប្រើពន្ធជំនួសវិញ ដើម្បីជំរុញឱ្យក្រុមហ៊ុនបន្ទះឈីបទៅបង្កើតឧស្សាហកម្មរបស់ពួកគេនៅលើទឹកដីអាម៉េរិក។
អត្ថបទ៖ សុខ មង្គល