
នៅដើមខែមិថុនា នេះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយដោយហាមឃាត់ពលរដ្ឋមកពីប្រទេសចំនួន១២ មិនឱ្យចូលទឹកដីអាម៉េរិក ក្រោម ហេតុផលដើម្បីការពារអាម៉េរិក កុំឱ្យមានភេរវករបរទេស និងការគំរាមកំហែងសន្តិសុខជាតិ។ ហើយថ្មីៗនេះ មានសេចក្ដីជូនដំណឹងផ្ទៃក្នុងមួយដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីយ៉ូ (Marco Rubio) ដោយគ្រោងដាក់ប្រទេសចំនួន៣៦បន្ថែមទៀតក្នុងបញ្ជីហាមឃាត់មិនចូលទឹកដីអាម៉េរិកទាំងស្រុង ឬដោយផ្នែក ប្រសិនបើពួកគេមិនបំពេញតាមស្តង់ដា និងតម្រូវការរបស់អាម៉េរិក ក្នុងរយៈពេល៦០ថ្ងៃទេនោះ។
ក្នុងចំណោមប្រទេសទាំង៣៦ ដែលអាចប្រឈមនឹងការហាមមិនឱ្យចូលទឹកដីខ្លួនទាំងស្រុង និងដោយផ្នែកនេះ ប្រសិនបើពួកគេមិនពួកគេមិនកែប្រែកំហុសដែលជាក្តីកង្វល់របស់អាម៉េរិកក្នុងរយៈពេល៦០ថ្ងៃ ក៏មានប្រទេសកម្ពុជា ផងដែរ។ ទន្ទឹមនឹងហាមមិនឱ្យជនបរទេសធ្វើដំណើរចូលទឹកដីខ្លួន លោក ត្រាំ ក៏កំពុងបន្ដអនុវត្តវិធានការក្ដៅក្នុងការបណ្ដេញជនអន្តោប្រវេសខុសច្បាប់ចេញពីអាម៉េរិក ផងដែរ។ លោក ត្រាំ បានអះអាងថា កិច្ចខិតខំក្នុងការបណ្តេញមនុស្សខុសច្បាប់ចេញពីទឹកដីអាម៉េរិក ត្រូវតែពង្រីកថែមទៀត រួមទាំងការនិរទេសចេញពីទីក្រុងមួយចំនួន ដូចជាទីក្រុងឡូសអេនជឺឡិស ក្រុងជីកាហ្គោ និងក្រុងញូវយ៉កផងដែរ។
លោក Trump បានសរសេរនៅលើគេហទំព័រ Truth Social របស់លោកថា លោកបានចង្អុលបង្ហាញរដ្ឋបាលទាំងមូលរបស់លោកឱ្យដាក់ធនធានទាំងអស់ដែលមាន ដើម្បីអនុវត្តផែនការនៃការបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតថា តើលោកនឹងបង្កើនកិច្ចខិតខំនេះក្នុងកម្រិតណានោះទេ។ ការលើកឡើងរបស់លោក ត្រាំ នេះបានធ្វើឡើងបន្ទាប់ពីមានភាពតានតឹងមួយសប្តាហ៍នៅក្នុងទីក្រុងឡូសអេនជឺឡិស ជាកន្លែងដែលលោក ត្រាំ បានអំពាវនាវឱ្យកងទ័ពឆ្មាំជាតិ និងកងម៉ារីនអាម៉េរិកជួយរក្សាសន្តិភាព៕
ដោយ៖ សុខ មង្គល